កម្ពុជា សង្គម

WWF៖ ការជំងឺឆ្លងរាលដាលនឹងផ្ទុះឡើងទៀត រវាងសត្វនិងមនុស្ស ប្រសិនគ្មានចំណាត់ការទប់ស្កាត់ជាបន្ទាន់

សត្វព្រៃ
សត្វព្រៃ @Lifegate

អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ​ហៅកាត់ថា(WWF) បានក្រើនរំលឹកថា ការជំងឺឆ្លងរាលដាលនឹងផ្ទុះឡើងទៀត រវាងសត្វនិងមនុស្ស ប្រសិនគ្មានចំណាត់ការទប់ស្កាត់ជាបន្ទាន់។ យោងតាមរបាយការណ៍របស់ WWF ចេញផ្សាយនៅថ្ងៃទី ២៣មិថុនា បានអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវមានវិធានការជាសកលបន្ទាន់ ដើម្បីប្រយុទ្ធនឹងកត្តាចម្បងៗ ដែលជាដើមចមនឹងនាំឱ្យមានការផ្ទុះថ្មីៗទៀតនៃជំងឺឆ្លងរវាងសត្វនិងមនុស្សនាពេលអនាគត។ របាយការណ៍នេះ ក៏ធ្វើឡើងស្របពេលដែល សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិ នៅកម្ពុជា កាន់តែប្រឈមនឹងភាពងាយរងគ្រោះពីអ្នកបរបាញ់ខុសច្បាប់។

ផ្សាយពាណិជ្ជកម្ម

អង្គការWWF បង្ហាញថា វិបត្តិបង្កដោយកូវីដ១៩ ត្រូវតែមានការផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធដើម្បីដោះស្រាយកត្តាចលករដែលនាំឱ្យមានការរាលដាលជំងឺជាសកល។ ព្រោះ សំណួរនៅបន្តចោទឡើងថា តើកូវីដ១៩មានប្រភពដើមពិតប្រាកដមកពីណា ប៉ុន្តែភ័ស្តុតាងដែលមានស្រាប់បានចង្អុលឆ្ពោះទៅ មេរោគឆ្លងរវាងសត្វនិងមនុស្ស មានន័យថា ជាការចម្លងពីសត្វទៅមនុស្ស។

ចំណែក កត្តាបរិស្ថាននានាដែលបណ្តាលឱ្យមានការលេចឡើងនូវជំងឺឆ្លងរវាងសត្វនិងមនុស្ស រួមមាន៖ ការជួញដូរនិងការទទួលទានសាច់សត្វព្រៃដែលមានហានិភ័យខ្ពស់ ការផ្លាស់ប្តូរបែបផែននៃការប្រើប្រាស់ដីធ្លីដែលនាំដល់ការកាប់បំផ្លាញព្រៃឈើនិងការបំប្លែងដីព្រៃ ព្រមទាំងការរីកសាយការធ្វើប្រពលវប្បកម្មកសិកម្មគ្មានចីរភាព និងផលិតកម្មបសុសត្វ។ នេះបើតាម WWF។

ដូច្នេះអង្គការមួយនេះ អំពាវនាវដល់ រដ្ឋាភិបាល ត្រូវចាត់វិធានការភ្លាមៗ ដើម្បីឈានទៅបិទផ្សារលក់សត្វព្រៃដែលមានហានិភ័យខ្ពស់ និងបញ្ចប់ការជួញដូរ។

ជាក់ស្តែង បើយើងក្រឡេកមកមើលពីប្រទេសកម្ពុជាវិញឃើញថា សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិកាន់តែប្រឈមនឹងភាពងាយរងគ្រោះពីអ្នកបរបាញ់ខុសច្បាប់ដែលឆ្លៀតឱកាសប្រព្រឹត្តបទល្មើស ខណៈពេលមានការដាក់បម្រាមរឹតត្បិតលើការដើរហើរ និងការកំហិតឱ្យមនុស្សនៅដាច់ដោយឡែកដើម្បីបញ្ចៀសការរាលដាលជំងឺកូវីដ១៩។ ជាមួយគ្នានេះ ក្រុមឧទ្យានុរក្សកម្ពុជានៅតំបន់ការពារដែលមានការគាំទ្រពីសំណាក់អង្គការ WWF បានរកឃើញមានសកម្មភាពខុសច្បាប់ជាច្រើនកំពុងបង្កើនសម្ពាធទៅលើព្រៃឈើ ក្នុងនោះមានសកម្មភាពទន្ទ្រានយកដីព្រៃធ្វើកម្មសិទិ្ធ សកម្មភាពប្រមូលអនុផលព្រៃឈើនៅក្នុងតំបន់ហាមឃាត់ និងសកម្មភាពបរបាញ់សត្វព្រៃដោយប្រើកាំភ្លើងច្នៃ និងអន្ទាក់។

គ្រាន់តែក្នុងរដូវប្រាំងពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០នេះ ក្រុមឧទ្យានុរក្សបានដោះអន្ទាក់ចេញពីក្នុងព្រៃសរុបចំនួន ៣៦៥៨អន្ទាក់។ តួលេខនេះបានបង្ហាញឱ្យឃើញការកើនឡើងចំនួន ១៥ភាគរយ ប្រៀបធៀបទៅនឹងចំនួន ២៤៥១អន្ទាក់ ដែលប្រមូលបានក្នុងរយៈកាលដូចគ្នាកាលពីមួយឆ្នាំមុន។

ស្របពេលគ្នានេះដែរ សកម្មភាពកាប់ឆ្ការយកដីខុសច្បាប់បានកើនឡើង ៣៦ភាគរយ ដោយក្នុងនោះមានករណីកើតឡើងចំនួន ២៩លើក ដែលត្រូវបានកត់ត្រាក្នុងកំឡុងពេលពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០។

WWF លើកឡើងថា ទង្វើទាំងឡាយរបស់មនុស្សកំពុងតែរុញច្រានធម្មជាតិឱ្យធ្លាក់ទៅក្នុងស្ថានភាពពណ៌ក្រហមប្រកាសអាសន្នដ៏គ្រោះថ្នាក់មួយ។ ដូច្នេះចាំបាច់ត្រូវតែបង្វែរស្ថានភាពនេះជាបន្ទាន់ ដើម្បីការពារសុខភាព សុខុមាលភាព និងរបរចិញ្ចឹមជីវិតរបស់មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI