កម្ពុជា សង្គម

ស្តារទេសចរណ៍ឡើងវិញ៖ រំពឹងលើទេសចរក្នុងសុ្រក តែធូររលុងលើសុវត្ថិភាពសុខភាព

ភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើនកុះករ ធ្លាប់មកទស្សនាសម្រស់ប្រាសាទអង្គរវត្តនៃព្រះរាជាណាចក្រកម្ពុជា
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើនកុះករ ធ្លាប់មកទស្សនាសម្រស់ប្រាសាទអង្គរវត្តនៃព្រះរាជាណាចក្រកម្ពុជា © Internet

ឥទ្ធិពលនៃមេរោគផ្លូវដង្ហើម កូវីដ១៩ បានសម្លាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាស្ទើរតែទាំងស្រុង គ្រាន់តែរយៈពេលពី២ទៅ៣ខែប៉ុណ្ណោះ ខណៈប្រទេសនេះរំពឹងខ្លាំងទៅលើទេសចរអន្តរជាតិ។ ទោះយ៉ាងណា ការរើបំរះរបស់វិស័យនេះពីគំនាបកូវីដ១៩ ត្រូវបានជំនួសដោយការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងស្រុក។ ក៏ប៉ុន្តែវិធានសុខាភិបាល ដើម្បីការពារការឆ្លងមេរោគកូវីដ១៩ មិនត្រូវបានគេអនុវត្តយ៉ាងម៉ឺងម៉ាត់ទេ នៅតាមរម្យនីយដ្ឋាន និងតំបន់លំហែកាយជាច្រើននៅទូទាំងប្រទេស។

ផ្សាយពាណិជ្ជកម្ម

ជាការពិត ភ្ញៀវទេសចរក្នុងស្រុក ដែលខកខានមិនបានចេញធ្វើដំណើរកម្សាន្តអស់ជាច្រើនខែ បានចាប់ផ្តើមដើរកម្សាន្ត ពាសពេញផ្ទៃប្រទេស ដែលការចេញទៅកម្សាន្តនេះ បានធ្វើឡើងជាពិសេសថ្ងៃឈប់សម្រាកនាចុងសប្តាហ៍។

ក្រសួងទេសចរណ៍ បានបូកសរុបចំនួនភ្ញៀវទេសចរក្នុងស្រុកតែរយៈពេល៣សប្តាហ៍ប៉ុណ្ណោះនៃខែមិថុនា ឆ្នាំ២០២០នេះ គឺមានប្រមាណជិតកន្លះលាននាក់ ក្នុងនោះមានបរទេសជាង១ម៉ឺននាក់ផងដែរ។ ខេត្តទេសចរណ៍មាត់សមុទ្រ ដូចជាខេត្តកំពត និងកែប នៅតែជាខេត្តសក្តានុពល ដែលអាចទាក់ទាញបានភ្ញៀវទេសចរក្នុងស្រុកបានច្រើនបំផុត រហូតដល់ទៅជិតពាក់កណ្តាលនៃទេសចរទៅកម្សាន្តតាមខេត្ត រាជធានីទាំង២៥របស់កម្ពុជា។

ក៏ប៉ុន្តែ នៅតំបន់រមនីយដ្ឋានធម្មជាតិ និងរម្យនីយដ្ឋានកែច្នៃមួយចំនួន បានរងនូវការរិះគន់ថា ដើម្បីតែហេតុផលស្រូបទាញយកទេសចរឲ្យបានច្រើនជាអតិបរមា បានមើលរំលងនូវវិធានការការពារសុខភាពពីមេរោគកូវីដ១៩ ដែលក្រសួងសុខាភិបាលតែងប្រកាសជាប់ជាប្រចាំឲ្យមានការប្រុងប្រយ័ត្ន ខណៈស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក មិនទាន់បង្ហាញនូវសញ្ញាថមថយ។

ភ្ញៀងទេសចរក្នុងស្រុកមួយចំនួន ដែលបានធ្វើដំណើរកម្សាន្តនាចុងសប្តាហ៍ជាប់ៗគ្នាកន្លងទៅនេះ បានលើកឡើងថា រម្យនីយដ្ឋានទេសចរណ៍ បែបកែច្នៃ មួយចំនួនបានបណ្តែតបណ្តោយឲ្យអ្នកទេសចរបំពានលើបញ្ហាគម្លាតសង្គម ទីតាំងមិនបំពាក់ឧបករណ៍ស្ទង់កំដៅ ឬប្រើប្រាស់ទឹកអាល់កុលលាងដៃ។ លើសពីនេះ ស្ទើរគ្រប់អាងទឹករួម ត្រូវបានណែនណាន់តាន់តាប់ដោយកុមារតូចធំ ដែលនេះហាក់ដូចជាផ្ទុយទៅនឹងគោលការណ៍បិទសាលារៀន ក៏ព្រោះតែបារម្ភខ្លាចមានការឆ្លងរាលដាលដល់សហគមន៍។

អ្នកធ្វើដំណើរកម្សាន្តទៀតសោធ ក៏មិនមានពាក់ម៉ាស់ ដើម្បីការពារសុវត្ថិភាពរៀងៗខ្លួនដែរ។

ទាំងអស់នេះ ក៏ត្រូវបានចោទសួរផងដែរ រវាងការស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការប្រមូលឲ្យបានច្រើនបំផុតនូវអ្នកដើរចាយលុយក្នុងស្រុកក្នុងវិស័យទេសចរណ៍ និងសុវត្ថិភាពសុខភាពពីការឆ្លងកូវីដ១៩ រួមនឹងការបាត់បង់ការសិក្សាពេញលេញរបស់សិស្សនៅតាមសាលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI