កម្ពុជាដុតកម្ទេចគ្រឿងញៀនជិត៥០០គីឡូក្រាម នាឱកាសទិវាប្រឆាំងគ្រឿងញៀន២៦មិថុនា
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី២៦ ខែមិថុនានេះគឺជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងពេលដែលពិភពលោក បាននឹងកំពុងទទួលរងនូវការរាលដាលពីជំងឺកូវីដ-១៩ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការយល់ដឹងច្បាស់លាស់ នាំឲ្យការថែទាំមានប្រសិទ្ធភាព» ខណៈប្រទេសកម្ពុជាប្រារព្ធឡើងក្រោមប្រធានបទ«បញ្ហាគ្រឿងញៀន និងវិបត្តិកូវីដ-១៩ គឺជាកិច្ចការបច្ចុប្បន្នភាព និងអទិភាពរបស់យើង» ជាមួយនឹងការដុតកម្ទេចចោលគ្រឿងញៀនជិត៥០០គីឡូក្រាម។
នៅប្រទេសកម្ពុជាក្នុងថ្ងៃនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ គ្រឿងញៀនដែលដុតបំផ្លាញសចោលនេះ គឺបង្ក្រាបបាន នៅភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដែលរួមមាន៖ ហេរ៉ូអ៊ីន មេតំហ្វេតាមីន អុចស្តាស៊ី កេតាមីន កញ្ឆា និងសារធាតុគីមីផ្សំជាដើម។នេះបើតាមអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។
ចំណែកប្រមុខរដ្ឋាភិបាលវិញបានចេញសារលិខិតកម្រាស់៦ទំព័រក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ នៅចំពោះមុខវិបត្តិកូវីដ-១៩ លោក ហ៊ុន សែន បានចាត់ទុកការងារប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺជាការងារអទិភាពដូចគ្នា។
បើតាមប្រមុខរដ្ឋាភិបាលខ្មែរ កម្ពុជាកំពុងឆ្លើយតបដោយប្រសិទ្ធិភាពទៅរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដោយបង្កើនការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងបង្ខិតឲ្យកាន់តែជិតនូវរាល់កិច្ចអន្តរាគមន៍រវាងអង្គភាពអនុវត្តច្បាប់ក៏ដូចជាផ្នែកសង្គមកិច្ច។ ជាលទ្ធផល មានជនរងគ្រោះជាអ្នកប្រើប្រាស់គ្រឿងញៀនជាច្រើនពាន់នាក់ត្រូវបានលើកទឹកចិត្តឲ្យបញ្ឈប់ប្រើប្រាស់និងទៅរកសេវាព្យាបាល។ ប៉ុន្តែឧក្រិដ្ឋជនជាអ្នកផលិត ជួញដូរគ្រឿងញៀន គឺត្រូវតែផ្តន្ទាទោសយ៉ាងតឹងរឹងទៅតាមផ្លូវច្បាប់។
ក្នុងឆ្នាំ២០២០នេះ និងក្នុងពេលដែលពិភពលោក បាននឹងកំពុងទទួលរងនូវការរាលស្អាតពីជំងឺកូវីដ-១៩ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការយល់ដឹងច្បាស់លាស់ នាំឲ្យការថែទាំមានប្រសិទ្ធភាព» (Better knowledge for better care) ក្នុងគោលបំណងឲ្យជនគ្រប់រូប ចេះរៀនសូត្រ ចេះស្វែងយល់ ឲ្យបានត្រឹមត្រូវពីភាពស្មុគស្មាញនៃបញ្ហាគ្រឿងញៀន ដែលតែងមានការពាក់ព័ន្ធ រវាងបញ្ហាបុគ្គល បញ្ហាគ្រួសារ និងបញ្ហាជាច្រើនទៀតក្នុងសង្គម ដោយរួមទាំងជំងឺកូវីដ-១៩ ផងដែរ។
ដោយឡែក ប្រទេសកម្ពុជាក៏បានប្រារព្ធទិវានេះ ដោយស្ងៀមស្ងាត់ដែរ ពោលមិនមានការជួបជុំមនុស្សទ្រង់ទ្រាយធំដូចរាល់ឆ្នាំឡើយ។ តែឆ្នាំនេះកម្ពុជាប្រារព្ធឡើងក្រោមប្រធានបទ«បញ្ហាគ្រឿងញៀន និងវិបត្តិកូវីដ-១៩ គឺជាកិច្ចការបច្ចុប្បន្នភាព និងអទិភាពរបស់យើង»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ