កម្ពុជា-កូរ៉ូណាវីរុស

នាយករដ្ឋមន្រ្តីកម្ពុជាជំរុញឱ្យអាស៊ានបង្កើតផែនការស្តារឡើងវិញលើវិស័យដែលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦
លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ © FB

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ បាន​បើក​ជា​ផ្លូវ​ការ​ហើយ​នៅ​ព្រឹកថ្ងៃសុក្រ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​មេដឹក​នាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០។ កិច្ច​ប្រជុំ​កំពូល​នេះ បាន​រៀប​ចំ​ឡើង​នៅ​ប្រទេស​វៀត​ណាម និង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «ភាព​ស្អិត​រមួត និង​ការ​ឆ្លើយ​តប» ចំពោះ​ជំងឺ​រាត​ត្បាត​កូវីដ​១៩។ ប្រឈម​នឹង​បញ្ហា​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​នេះ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា បាន​ជំរុញ​ផ្ទាល់​មាត់​ដល់​មេដឹក​នាំ​អាស៊ាន​ទាំង​អស់​ឱ្យ​រៀប​ចំ​បង្កើត​ផែន​ការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​ជំងឺ​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

គឺនៅចំពោះមុខមេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់តាមរយៈប្រព័ន្ធ Video Conference លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានអះអាងថា ជាទិសដៅទៅមុខ អាស៊ានពិតជាមានភាពចាំបាច់ជាយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនឱ្យ​បានល្អសម្រាប់ក្រោយអំឡុងពេលវិបត្តិកូវីដ១៩។ បើតាមលោកប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅ​នេះ អាស៊ានគួរបង្កើតផែនការស្តារឡើងវិញមួយប្រកបដោយភាពជាក់លាក់ និងប្រុងប្រយ័ត្នតាមរយៈការដាក់ចេញនូវសេណារីយ៉ូមួយចំនួនសម្រាប់បើកឱ្យដំណើរការជាបណ្តើរៗក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និង ប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និង ការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។

សូមកត់សម្គាល់ថា អាស៊ាននិយាយជារួម និង កម្ពុជា និយាយដោយឡែក សុទ្ធតែបានទទួលរងផលប៉ះពាល់ដោយសារតែការរីករាលដាលឥតកំណត់នៃជំងឺកូវីដ១៩នេះ។ ការរងផលប៉ះពាល់ខ្លាំង គឺទៅលើបញ្ហាសង្គម សុវត្ថិភាពសុខភាពសាធារណៈ និងបញ្ហាសេដ្ឋកិច្ច ជាពិសេស គឺវិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្មរវាងគ្នា និងគ្នា។ ប៉ុន្តែបើប្រៀបធៀបទៅនឹងតំបន់ផ្សេងៗនៅលើពិភពលោក អាស៊ានអាចគ្រប់គ្រងបញ្ហារីករាលដាលនៃជំងឺកូវីដ១៩នេះបានល្អជាងគេ។ នេះបើតាមការកត់សម្គាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ហ៊ុន សែន ថែមទាំងចាត់ទុកថា អាស៊ានទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះថែមទៀត។

ចំណែក នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន សួនហ្វុក ដែលជាប្រធានរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះវិញ បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺអាស៊ានបានចាត់វិធានការទាន់ពេលវេលាដោយមានការចែកចាយព័ត៌មាន និង សហការគ្នាល្អរវាងប្រទេសសមាជិកក្នុងការកម្ចាត់ជំងឺរាតត្បាតនេះ។ ដូចនាយករដ្ឋមន្រ្តីកម្ពុជាដែរ នាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា អាស៊ានអាចគ្រប់គ្រងវិបត្តិកូវីដ១៩បាន ដោយមានករណីព្យាបាលជាសះស្បើយ ករណីស្លាប់មានកម្រិតទាប និងប្រទេសសមាជិកខ្លះមិនមានករណីឆ្លងថ្មី។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់ថា បើទោះបីជួបវិបត្តិកូវីដ១៩ តែសេដ្ឋកិច្ចអាស៊ាននៅមានស្ថេរភាពល្អ។

ប៉ុន្តែទោះជាបែបនេះក្តី វិបត្តិជំងឺកូវីដ១៩នេះ នៅតែជាបញ្ហាប្រឈមដែលអាស៊ានត្រូវលើកយកមកពិភាក្សា និងរកដំណោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលលើកទី៣៦ នៅក្នុងប្រទេសវៀតណាមនេះ។ កិច្ចប្រជុំកំពូលនេះ គឺពិភាក្សាពីការស្តារឡើងវិញក្រោយបញ្ចប់វិបត្តិកូវីដ១៩ ការផ្តួចផ្តើមគំនិតបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺកូវីដ​១៩ ក៏ដូចជាការរៀបចំទុកនូវថ្នាំពេទ្យសម្រាប់ប្រទេសសមាជិកអាស៊ានជាដើម។ នេះបើតាមការគូសបញ្ជាក់របស់នាយករដ្ឋមន្រ្តីវៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI