អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

កូវីដ១៩៖ អ្នកឆ្លង​សរុប​នៅ​កម្ពុជា លោត​ដល់​១៣៩​នាក់​ ក្រោយ​ពី​រក​ឃើញ​អ្នក​ឆ្លងថ្មី៩នាក់​បន្ថែមទៀត

ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩
ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩ REUTERS - STRINGER
ដោយ៖ សឿង ភារៈ
1 នាទី

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩ ថ្មី ០៩នាក់ ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​កម្ពុជា​ចាប់​តាំង​ពី​រកឃើញ​ដំបូង​រហូត​មក​ដល់​ពេល​នេះ កើន​ឡើង​ដល់​១៣៩​នាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​នេះ​។ កាល​ពី​ម្សិលមិញ​កម្ពុជា​ក៏​មាន​ករណីព្យាបាល​ជា​សះស្បើយ​០១​នាក់​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ករណី​វិជ្ជមាន​វីរុស​កូវីដ១៩ ថ្មីទាំង​០៩ នាក់ ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃទី២៦ ខែ​មិថុនា ដែល​ក្នុង​នោះ​មានជនជាតិ​ខ្មែរ​០៨​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​០១​នាក់ ដែល​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី តាម​ជើង​ហោះហើរ​ត្រង់ បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែ​មិថុនា​។ សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើ​វិភាគ​សំណាក​ពួកគាត់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ទទួល​បាន​លទ្ធផល​តេស្ត វិជ្ជមាន​វីរុស​កូវីដ​១៩​ហើយ បច្ចុប្បន្ន​ពួក​គាត់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតទាំង​៩នាក់​។​

ជើងហោះហើរ ដែល​អ្នក​ទាំង​០៩​នាក់ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា មាន​អ្នក​ដំណើរ​សរុប​ចំនួន​៤០នាក់ ដែល​ក្នុងនោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​២៤នាក់ ជនជាតិ​វៀតណាម​០១នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​១៥​នាក់។ អ្នក​ដំណើរ​៣១នាក់​ផ្សេង​ទៀត ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវីដ​១៩ ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​។

កន្លង​មក​កម្ពុជា​ធ្លាប់​រក​ឃើញ​ករណី​កូវីដ​១៩​ខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ​ចំនួន​៣១​នាក់ ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា​មក ការ​រក​ឃើញ​ករណី​កូវីដ​១៩​មាន​ចំនួន​ច្រើន​បំផុត​ត្រឹម​៥នាក់ និង​ថ្ងៃខ្លះ​មិន​មាន​ករណី​កូវីដ​១៩​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ​។ ទើប​តែ​នៅ​ថ្ងៃទី២៦ ខែ​មិថុនា កម្ពុជា​បាន​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ ចំនួន​៩នាក់ ដែល​ជា​ចំនួន​ខ្ពស់មួយ ធៀប​នឹង​ការ​រក​ឃើញ​កូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ដែល​មាន​ចំនួន​៣១នាក់។ នេះបើ​តាម​ទិន្នន័យ​ស្ថាន​ភាព​នៃ​ជំងឺ​កូវីដ​១៩ នៅកម្ពុជា​។  

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មាន​ករណី​ជា​សះស្បើយ​០១​នាក់ ជា​បុរស​ជនជាតិ​ខ្មែរ-អាមេរិកកាំង​អាយុ​៦៦​ឆ្នាំ ដែល​រស់​នៅ​សហរដ្ឋអាមេរិក ហើយ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​និង​មាន​អាស័យដ្ឋាន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​។ បុរស​ខាង​លើ​នេះ​បាន​ទទួល​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ១៩ ចំនួន ០២​ដង ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។  

គិតត្រឹម​ថ្ងៃទី​២៧ ខែ​មិថុនា កម្ពុជា​បាន​រក​ឃើញ​អ្នក​មាន​វីរុស​កូវីដ១៩ នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​១៣៩​នាក់ និង​មាន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុបទូ​ទាំង​ប្រទេស​មាន​ចំនួន​១២៩​នាក់​។ ចំណែក​អ្នក​បន្ត​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត​សរុប​មាន​ចំនួន​១០​នាក់​។

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​ លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ នៅថ្ងៃទី២៧ ខែ​មិថុនា​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធាន​ការការពារ​ពី​ការ​ឆ្លង និង​មិន​ត្រូវ​ភ្លេច​ជំងឺ​កូវីដ​១៩​ទេ។ លោក​ស្រី​បន្ត​ថា​វីរុស​ដ៏កាចសាហាវ​នេះ​ មិន​ដែល​ភ្លេច​យើង​ទេ​ រងចាំ​តែ​មាន​ឱកាស​ មាន​ការ​ធ្វេស​ប្រហែស​ និង​ឲ្យ​តែ​មាន​ពេល​ចន្លោះ​តែមួយ​ភ្លែតៗ ដែល​យើង​មិន​បាន​ការពារខ្លួន​ វីរុស​ដ៏កាច​សាហាវ​នេះ​ នឹង​អាច​ឆ្លង​មក​ចូល​ខ្លួន​យើង​ហើយ​៕​ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ