អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្នុងឱកាសខួបកំណើត៖ លោក កឹម សុខា ចង់ឃើញមាតុភូមិមានសេចក្តីសុខ និងការរីកចម្រើនសម្រាប់ខ្មែរគ្រប់គ្នា

លោក កឹម សុខា ពេលជួបពលរដ្ឋមុនពេល​តុលាការ​ចោទ​ប្រកាន់
លោក កឹម សុខា ពេលជួបពលរដ្ឋមុនពេល​តុលាការ​ចោទ​ប្រកាន់ © កឹម សុខា
ដោយ៖ អ៊ឹង ប៊ុនថន
1 នាទី

មេដឹកនាំអតីតគណបក្សជំទាស់នៅកម្ពុជា ប្រាថ្នាចង់ឃើញប្រទេសកម្ពុជា មានសេចក្តីសុខ សន្តិភាពពិត​ប្រាកដ និង​ការ​រីក​ចម្រើន​សម្រាប់​ខ្មែរ​គ្រប់គ្នា។ នេះជាការ​ប៉ង​ប្រាថ្នា​របស់​លោក កឹម សុខា ក្នុងឱកាសខួបកំណើតគម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំនៅថ្ងៃ២៧មិថុនានេះ។ ស្របពេល​ដែល​តុលាការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស លោក កឹម សុខា ក៏បានអះអាងថាលោក​នឹង​មិន​រត់​ចោលមាតុភូមិកម្ពុជា ដែលជាទឹកដីកំណើត​ និងជាផ្ទះតែមួយគត់របស់លោកឡើយ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សំណេរ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ចំថ្ងៃខួប​កំណើតគំរប់​៦៨ឆ្នាំ ក្រៅតែពីបង្ហាញ​ការ​ដឹង​គុណ​ដល់​ឪពុក​ម្តាយជាអ្នក​ផ្តល់​កំណើតនោះ លោក កឹម សុខា មានការប្រយ័ត្ន​ប្រយែងបំផុតនូវការ​លើកឡើង​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​នយោបាយ​ប្រទេសកម្ពុជា​បច្ចុប្បន្ន។

​​សម្រាប់​ស្ថានភាពប្រទេសកម្ពុជា​​បច្ចុប្បន្ន មេដឹកនាំអតីតគណបក្សជំទាស់រូបនេះ​ចង់ឃើញ​ ប្រទេសកម្ពុជា មានសេចក្តីសុខ សន្តិភាពពិតឋិតឋេរ និងមានការរីកចម្រើនសម្រាប់ខ្មែរគ្រប់គ្នា។ ខណៈដែល​ពេលនេះតុលាការ​ដាក់ឲ្យស្ថិត​ក្រោមការត្រួតពិនិត្យពីបទ«​ក្បត់ជាតិ» លោក កឹម សុខា ​អះអាងថា លោកគ្មានហេតុផលអ្វីទៅបំផ្លា​ញ​ ឬនាំអ្នកដទៃ​ ឬគាំទ្រអ្នកណា មកបំផ្លាញប្រទេសកម្ពុជា ដែលជាជម្រកតែមួយគត់សម្រាប់ជីវិតលោកឡើយ។លោក​ប្រៀបធៀបថា«បំផ្លាញប្រទេសកម្ពុជាដូចជាដុតផ្ទះខ្ញុំ»

ជាមួយគ្នានេះ លោក កឹម សុខា បន្ថែមថា លោកមិនអាចទទួលយកបានទាល់តែសោះ ចំពោះអំពើឈ្លានពានត្រួតត្រាពីបរទេសមកលើកម្ពុជា ទោះបីតាមរូបភាពណាក៏ដោយ។ តែលោកគាំទ្រនូវជំហរ ការពារអធិបតេយ្យភាពឯករាជ្យ​និងបូរណភាពទឹកដី ហើយគូសបញ្ជាក់ថា «ខ្ញុំមិនបោះបង់ ឬរត់ចោល មាតុភូមិកម្ពុជា ដែលជាទឹកដីកំណើត​ និងជាផ្ទះតែមួយគត់របស់ខ្ញុំឡើយ»

​សម្រាប់​ប្រជាជនខ្មែរ​វិញ លោក កឹម សុខា បង្ហាញការឈឺចាប់នៅពេលដែលឃើញខ្មែរ កាប់សម្លាប់គ្នា ជេរប្រមាថគ្នា ចោទប្រកាន់មួលបង្កាច់គ្នា សងសឹកបំផ្លាញគ្នា ជាពិសេសខ្មែរបែកបាក់គ្នា មិនអាចរួបរួមជាតិបាន។ លោក​បំណងរបស់​លោក កឹម សុខា គឺព្យាយាមឲ្យខ្មែររួបរួមគ្នា ដើម្បីជាតិខ្មែររឹងមាំ ប្រកបដោយកិត្តិយស មិនអាចអ្នកណាប្រមាថបាន»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ