អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គណបក្ស​ប្រជាជនកម្ពុជា៖ បាត់​បង់​តម្លៃ​ខ្លះ​ដោយសារ​ទង្វើ​ខ្លួន​ឯង

សំឡេង ០៥:០៨
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​។
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​។ © AP
ដោយ៖ អ៊ឹម រចនា

២៨​មិថុនា​១៩៥១ - ២៨​មិថុនា​២០២០​។ ថ្ងៃ​ទី​២៨​មិថុនា​នេះ គឺ​ជា​ខួប​លើក​ទី​៦៩​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។ ៦៩​ឆ្នាំ​កន្លង​មក​នេះ គណបក្ស​ប្រជាជន​ដែល​ធ្លាប់​តស៊ូ​រំដោះ​ប្រទេស​ជាតិឲ្យ​រួច​ផុត​ពី​ភ្លើង​សង្គ្រាម បាន​បាត់​បង់​តម្លៃ​ខ្លះ​ទៅ​ហើយ​នៅ​ក្នុង​ក្រសែ​ភ្នែក​រាស្ត្រ​។ ការ​ថយ​ចុះ​តម្លៃ​នេះ​ទៀត​សោត មែន​​ទែន​ទៅ កើត​ឡើង​ដោយ​សារ​តែ​ទង្វើរបស់​គណបក្ស​នេះ​ខ្លួន​ឯង​តែ​​ម្ដង ពុំ​មែន​ដោយ​សារ​កត្តា​ខាង​ក្រៅ​ណា​មួយ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល​៦៩​ឆ្នាំ​មក​ហើយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ចូល​ប្រឡូក​យ៉ាង​ខ្លាំង​ក្លា នៅ​ក្នុង​សកម្មភាព​រំដោះ​ប្រទេស ទាំង​ចេញ​ពី​នឹម​អាណានិគម​និយម​បារាំង និង​របប​អាវ​ខ្មៅ​ប៉ុលពត​។ នេះ​គឺ​ជា​សច្ចភាព​ដែល​គ្មាន​នរណា​អាច​ប្រកែក​បាន​ឡើយ​។ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥១ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក ឬ​ចាត់​ទុក​ខ្លួន​ឯង​ថា ជា​គណបក្ស​ដ៏​ចំណាស់​ជាង​គេ​មួយ ដែល​មាន​បទ​ពិសោធ​រឹង​មាំ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​។ គណបក្ស​នេះ​មាន​បណ្ដាញ​បក្ស ក៏​ដូច​ជា​បណ្ដាញ​ផ្នែក​រដ្ឋបាល តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​។ បណ្ដាញ​រឹងមាំ ថវិកា​សម្បូរ​បែប និង​អំណាច​ពេញ​ដៃ គឺ​ជា​អំណោយ​ផល​ដល់​ការ​យក​ប្រៀប​ទៅ​លើ​គូ​ប្រជែង​។

បើ​ទោះ​បី​ជា​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​កាល​ពី​ឆ្នាំ​២០១៨ ទទួល​បាន​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋសភា​ក៏​ដោយ ក៏​មតិ​ជា​ច្រើន​កត់​សម្គាល់​ឃើញ​ថា តម្លៃ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ចំណាស់​នេះ ចាប់​ផ្ដើម​ថម​ថយ​ចុះ​លែង​ដូច​មុន​ទៀត​ហើយ​នៅ​ក្នុង​ក្រសែ​ភ្នែក​រាស្ត្រ​។ ការ​ថយ​ចុះ​តម្លៃ​នេះ​ទៀត​សោត មែន​​ទែន​ទៅ កើត​ឡើង​ដោយ​សារ​តែ​ទង្វើរបស់​គណបក្ស​នេះ​ខ្លួន​ឯង​តែ​​ម្ដង ពុំ​មែន​ដោយ​សារ​កត្តា​ខាង​ក្រៅ​ណា​មួយ​ឡើយ​។

គណបក្ស​ប្រជាជនកម្ពុជា រហូត​មក​ទល់​ពេល​នេះ ​មាន​សមាជិក​សមាជិកា​សរុប​ជាង​៦​លាន​នាក់​។ បើ​និយាយ​នៅ​ក្នុង​រូបភាព​បក្ស សមាជិក​សមាជិកានៃ​គណបក្ស​ប្រជាជន​ហាក់​បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ខ្ជាប់ខ្ជួន​​គួរ​ឲ្យ​កត់​សម្គាល់​។ ប៉ុន្តែ​បើ​និយាយ​ក្នុង​រូប​ភាព​ជា​គណបក្ស​កាន់​អំណាច​ដឹក​នាំ​រដ្ឋាភិបាល​វិញ គណបក្ស​ប្រជាជន​កម្ពុជា ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​អម្រែក​លោក ហ៊ុន សែន​។

ជាក់​ស្ដែង លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ត្រូវ​ចំណាយ​ពេល​មួយ​ផ្នែក​ចេញ​បញ្ជា​និង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ រាប់​ចាប់​តាំង​ពី​បញ្ហា​តូច​តាច​រហូត​ដល់​បញ្ហា​ដុំ​កំភួន​។ មន្ដ្រី​ក្រោម​បង្គាប់របស់​លោក​មួយ​ចំនួន​ធំ នៅ​តែ​រង់​ចាំ​រហូត​ដល់​មានប្រតិកម្ម​ឬ​​បញ្ជា​ពី​នាយករដ្ឋ​មន្ដ្រី ទើប​ខ្នះខ្នែង​ដោះ​ស្រាយ​បញ្ហា​។ គឺ​ភាព​ស្ពឹក​ស្រពន់​នេះហើយ ដែល​ពួត​ផ្ដុំ​បន្តិច​ម្ដង​ៗ​នូវ​ការ​មិន​សប្បាយ​ចិត្ត​របស់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត នាំ​ឲ្យ​គណបក្ស​នេះ​បាត់បង់​តម្លៃ​របស់​ខ្លួន​ដែល​ខិត​ខំ​សន្សំ​ទុក​អស់​រាប់​សិប​ឆ្នាំ​។

ក្រៅ​តែ​ពី​ពុំ​បាន​បំពេញ​តួនាទី​ជា​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល​ពេញ​លេញ​ហើយ គណបក្ស​ប្រជាជន​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​បំផុស​ឲ្យ​ពលរដ្ឋ «អរគុណ​សន្តិភាព»​។ សន្តិភាព​ដែល​គណបក្ស​នេះ​រំឭក​មិន​ដាច់​ពី​មាត់​ថា ស្វែង​រក​បាន​ដោយ​លំបាក​តាម​រយៈ​ការ​លះបង់​របស់​ខ្លួន​។ ជា​ការ​ពិត ការ​លើក​ឡើង​នេះ បើ​និយាយ​ពី​៤០​ឆ្នាំ​មុន គឺ​ពិត​ជា​​មិន​ខុស​ទេ​។

ប៉ុន្តែ​ក្នុង​ពេល​នេះ ការ​ធានា​ឲ្យ​បាន​នូវ​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ គឺ​ជា​តួនាទី ជា​កាត្វកិច្ច និង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ប្រកែក​មិន​បាន​ ក្នុង​ពេល​ដែល​គណបក្ស​នេះ​កំពុង​កាន់​តំណែង​​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋាភិបាល ។ ហើយ​ការ​ដឹង​គុណ​ណាមួយ​ពី​ពលរដ្ឋ​គឺ​ជា​រឿង​មិន​ចាំ​បាច់​ទាល់​តែ​សោះ​។ ផ្ទុយ​មក​វិញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ​ទេ ដែល​ត្រូវ​អរគុណ​រាស្ត្រ។ រាស្ត្រ​ចំនួន​ជាង​៤​លាន៨៨​ម៉ឺន​​នាក់ ​ដែល​បាន​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៨ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​គណបក្ស​នេះ​បាន​បន្ត​ដឹក​នាំ​ប្រទេស​ត​ទៅ​ទៀត​។

ទាំង​នេះ គេ​នៅ​មិន​ទាន់​និយាយ​ដល់​ល្បែង​នយោបាយ​ទាំង​ឡាយ​ដែល​គណបក្ស​នេះ​ប្រលែង​ជាមួយ​អតីត​គណបក្ស​ប្រឆាំងនា​ពេល​កន្លង​មក រហូត​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​និង​សហគមន៍​អន្ដរជាតិ​មាន​លេស​រិះគន់​និង​ថ្កោល​ទោស​គណបក្ស​នេះ​រហូត​មក​ទល់​សព្វ​ថ្ងៃ​ផង​ទេ​។

ឥឡូវ​នេះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ការ​ខ្នះខ្នែង​ធ្វើ​កំណែ​ទម្រង់​ឲ្យបាន​លឿនរហ័ស​ប្រកប​ដោយ​​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល គឺ​ជា​រឿង​ស្លាប់រស់​ដែល​ត្រូវ​តែ​សម្រេច​ឲ្យ​បាន ប្រសិន​បើ​គណបក្ស​នេះ​ចង់​ស្ដារ​តម្លៃរបស់​ខ្លួន​នៅ​ក្នុង​ក្រសែ​ភ្នែក​រាស្ត្រ​ត្រឡប់​មក​វិញ​។ ចំណែក​អំណាច​ដែល​គណបក្ស​នេះ​មាន​ក្នុង​ដៃ​វិញ គួរ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ន័យ​តែ​មួយ​គត់ គឺ​សម្រាប់​ប្រយោជន៍​ប្រជាជន​និង​ប្រជាជាតិ​ មិន​មែន​សម្រាប់​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​​និង​បក្ស​ពួក​ខ្លួននោះ​​ឡើយ​។ មាន​វ័យ​៦៩​ឆ្នាំ​ទៅ​ហើយ បើ​ប្រដូច​ទៅ​នឹង​ដើម​ឈើ គណបក្ស​ប្រជាជន​កម្ពុជា មាន​ឫស​រឹង​មាំ​ណាស់ ហើយ​គួរ​តែ​ឈរ​ផ្ដល់​ម្លប់​ដល់​អ្នក​ដទៃ​ប្រកប​​ដោយ​ក្ដី​មេត្តា​ទើប​ជា​ការ​ប្រពៃ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ