អានតួអត្ថបទ

សហជីពគ្រោងដាក់សំណើទៅក្រុមហ៊ុនបញ្ជាទិញ ឲ្យអន្តរាគមន៍ជួយកម្មករក្នុងពេលកូវីដ១៩

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @REUTERS
ដោយ៖ សឿង ភារៈ
1 នាទី

សហជីព​នៅ​កម្ពុជា រួម​ជា​មួយ​សហជីពសកល IndustriALL Global Union គ្រោង​នឹង​ដាក់​សំណើ​របស់​ខ្លួន ទៅ​កាន់​ក្រុម​ហ៊ុន​បញ្ជា​ទិញ នា​ពេលខាង​មុខ​នេះ ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​ក្រុម​ហ៊ុនផ្គត់ផ្គង់​ក្នុង​ប្រទេស​កម្ពុជា អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់ ​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា នៅថ្ងៃទី២៨ ខែមិថុនានេះ។

ផ្សាយពាណិជ្ជកម្ម

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា​ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ថា សំណើ ដែល​សហជីព​របស់​លោក រួម​នឹង​សហជីព​សកល IndustriALL Global Union គ្រោង​ដាក់​ទៅ​អ្នកបញ្ជា​ទិញ គឺធ្វើឡើង​ក្នុង​គោល​បំណង​ឲ្យ​ក្រុម​ហ៊ុន​បញ្ជាទិញ​ចូលរួម​ចំណែក​ទទួល​ខុស​ត្រូវ​ជុំវិញ​ផល​ប៉ះពាល់​មក​លើ​កម្មករ និយោជិត ពីវិបត្តិកូវីដ១៩។ កូវីដ១៩ ដែល​បាន​ឲ្យ​ធ្វើ​កម្មករ​វិស័យ​កាត់ដេរ​កម្ពុជា​រាប់ម៉ឺននាក់ ត្រូវ​បាត់បង់​ការងារ និង​ប្រាក់​ចំណូល​។

លោក ប៉ាវ ស៊ីណា បន្ត​ថា​សំណើ​ទាំង​នោះ​រួមមាន ក្រុម​ហ៊ុន​បញ្ជាទិញ​ត្រូវ​ពិនិត្យ​មើល​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​ត្រូវ​យក​ឱកាស​នៃ​ជំងឺ​កូវីដ​១៩​នេះ បញ្ចប់​កិច្ច​សន្យា​ការងារ​កម្មករ​ឡើយ ហើយ​អ្នក​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ​។ ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ព្យួរការងារ ក្រុមហ៊ុន​បញ្ជាទិញ​ត្រូវ​រួម​ចំណែក​នៅ​ក្នុង​ការ​ផ្តល់កញ្ចប់​ថវិកា​៤០%​នៃ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​និយោជិត​។ ក្រៅពីនេះ​ក៏​មាន​ការ​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​វិធាន​ការការ​ពារជំងឺ​កូវីដ​១៩ ឲ្យ​បាន​ត្រឹម​ត្រូវ​ស្រប​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល។

សំណើ​ខាង​លើ​នេះ​នឹង​ត្រូវ​ដាក់​ទៅ​កាន់​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ទាំង​អស់ ដែល​បាន​ធ្វើ​ការ​បញ្ជា​ទិញ​ផលិត​ផ្នែក​​វាយនភណ្ឌ​ពីកម្ពុជា ដែលក្នុង​នោះរួម​ទាំង​ក្រុម​ហ៊ុនធំ​ៗ​ដូចជា Nike, Adidas, H&M, និង​ក្រុម​ហ៊ុន​បញ្ជា​ទិញផ្សេង​ទៀត​។ លោក ប៉ាវ ស៊ីណា អះអាងថា​សំណើ​នោះ​បាន​ចេញ​ជា​សេចក្តី​ព្រាង​រូច​រាល់ហើយ និង​កំពុងតែ​រក​ពេល​វេលាណា​មួយ ដើម្បី​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​រវាង​សហជីព ហើយ​នឹង​បញ្ជូន​សំណើ​ទៅ​កាន់​ក្រុម​អ្នក​បញ្ជាទិញ​។

កាលពីដើមខែឧសភា កន្លងទៅ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ក៏បាន​អំពាវ​នាវ​ទៅ​អ្នក​បញ្ជា​ទិញ​ឲ្យ​គោរព​លក្ខ​ខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ ដែល​បាន​ទទួល និង​ទំនិញ​ដែល​កំពុង​ដឹក​ទៅ។ GMAC បញ្ជាក់ថា ខណៈ​ផលិតផល​កំពុង​ត្រូវ​បាន​ធ្វើ​ការ​នាំចេញ រោងចក្រ​ត្រូវ​តែ​ទទួល​បាន​ការ​ទូទាត់​នូវ​អ្វី ដែល​ត្រូវបាន​ជំពាក់ ហើយ​ការ​ផ្តល់​អ្វី​តិច​ជាង​នេះ​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ