អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

តើ​ឈ្មោះខែមានទំនាក់ទំនងអ្វី​នឹង​ផ្កាយរាសីចក្រទាំង១២?

សំឡេង ១៣:០២
និមិត្តរូប​នៃ​រាសីចក្រ​ទាំង១២
និមិត្តរូប​នៃ​រាសីចក្រ​ទាំង១២ © Pixabay
ដោយ៖ សេង ឌីណា
៣៤ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​​ផ្កាយរាសីចក្រ​ និង​ឈ្មោះខែ​ទាំង១២ នៅ​ក្នុង​ប្រតិទិន​សុរិយគតិ។ តើផ្កាយរាសីចក្រ​ទាំង១២​នេះ ចាប់ផ្តើម​ពី មករា ឬ​ពី​មេសា? ហេតុអ្វី​បាន​ជា​ខ្មែរ​ចូលឆ្នាំ​ថ្មី នៅ​ពាក់កណ្តាល​ខែ​មេសា? ​ក្រៅពី​ជំនឿ​លើ​ជោគជតារាសី តើ​ផ្កាយ​រាសីចក្រ​ទាំង១២ មាន​លក្ខណៈវិទ្យាសាស្ត្រ​យ៉ាងណា? តើ​គេ​អាច​រក​មើល​ផ្កាយ​ទាំងនេះ​បាន​ដោយ​របៀបណា?

ផ្សាយពាណិជ្ជកម្ម

ផ្កាយ « រាសីចក្រ » ឬ​តាម​ភាសា​អង់គ្លេស​ថា « The Zodiac » ជាទូទៅ ត្រូវបាន​គេ​នាំគ្នា​និយាយសំដៅ​ទៅលើ​ជោគជតា​រាសី​ទាក់ទង​នឹង​ថ្ងៃខែឆ្នាំកំណតើ ក៏ប៉ុន្តែ បើ​និយាយ​ទៅតាម​លក្ខណៈ​វិទ្យាសាស្ត្រវិញ គឺ​សំដៅ​ទៅលើ​បណ្តុំផ្កាយ​ចំនួន ១២ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​គន្លង​គោចរ​នៃ​ព្រះអាទិត្យ ព្រះចន្ទ និង​ភពនៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។

ការកំណត់​ផ្កាយ​រាសីចក្រ​ទាំង១២​នេះ​មាន​ប្រវត្តិ​ដ៏​ចំណាស់ តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន​ ដោយ​ចាប់ផ្តើម​ដំបូង​ចេញ​ពី​មេសូប៉ូតាមី មុននឹង​រីកសាយភាយ​ទៅដល់​អេហ្ស៊ីប ក្រិក ចក្រភពរ៉ូម និង​រហូតមក​ដល់​បណ្តា​ប្រទេស​លោក​ខាងលិច​បច្ចុប្បន្ន។ ចំណែក​ទៅ​ប៉ែក​ខាង​កើត គឺ​រីករាយភាយ​ទៅដល់​ឥណ្ឌា និង​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​អាស៊ី​បច្ចុប្បន្ន ដោយ​ក្នុងនោះ ក៏​មាន​ប្រទេស​កម្ពុជា​មួយដែរ ដែលឈ្មោះ​ខែ​ទាំង១២ នៅ​ក្នុង​ប្រតិទិន​សុរិយគតិ ត្រូវ​យក​តាម​ឈ្មោះ​ជា​ភាសា​សំស្ក្រឹត​របស់​​ផ្កាយរាសីចក្រ​ទាំង ១២​នេះ។

តាមការពិត ក្នុង​ចំណោម​ផ្កាយ​រាសីចក្រ​ទាំង១២​ គេ​មិន​ចាប់រាប់​ពី​ផ្កាយ​តំណាង​ខែ​មករា​​ជា​ខែទីមួយនោះទេ ផ្ទុយ​ទៅវិញ គេ​ចាប់​រាប់​ពី​ផ្កាយ​អេរីស៍ (Aries/Bélier) ដែល​ជា​ផ្កាយ​មាន​រូបរាង​ជា​សត្វពពែ ហើយ​​​ដែល​នៅ​ក្នុង​តារាសាស្ត្រ​ឥណ្ឌា​គេ​ហៅ​តាម​ភាសា​សំស្ក្រឹត​ថា « មេសារាសី » ហើយ​យើង​អាច​ហៅ​ដោយ​សាមញ្ញ​ថា « ផ្កាយមេសា »។

នៅ​បណ្តា​ប្រទេស​លោកខាងលិច ថ្ងៃទី១​នៃ​ផ្កាយ​អេរីស៍​នេះ គឺ​ត្រូវ​ចំនឹង​ថ្ងៃ​សមទិវារាត្រី​នៃ​ខែមីនា ដែល​ត្រូវនឹង​ថ្ងៃទី២០ ឬ​ទី២១​ខែមីនា។ ចំណែក​នៅ​ក្នុង​តារាសាស្ត្រ​ឥណ្ឌា​វិញ ថ្ងៃទី១​នៃ​ផ្កាយ​អេរីស៍ ឬ « មេសារាសី » គឺ​ត្រូវ​ចំ​នឹង​ថ្ងៃទី១៤​ខែមេសា។ ហេតុដូច្នេះហើយ​​បាន​ជា​នៅ​ឥណ្ឌា ក៏ដូចជា​នៅ​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត ក្នុងនោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផងដែរ គេ​យក​ថ្ងៃទី១៤ មេសា (ឬ១៣មេសា) ជា​ថ្ងៃចូលឆ្នាំ​ថ្មី។

​ផ្កាយ​ទាំង១២នេះ​ស្ថិត​នៅ​តម្រៀបជួរគ្នា ពីមួយទៅមួយ​ តាម​លំដាប់លំដោយ​ដូចគ្នា​ទៅនឹង​ឈ្មោះខែ​ទាំង១២។

  • ទី១ គឺ​ផ្កាយ Aries ហៅតាម​ភាសាសំស្ក្រឹតថា « មេស » ដែល​មានន័យ​ថា​សត្វពពែ ឬ​ចៀម ហើយ​ត្រូវ​នឹង​ខែ​មេសា។
  • ទី២ ផ្កាយ​ Taurus ជាភាសាសំស្ក្រឹត « ឧសភ » ដែលមានន័យ​ថា​សត្វគោ ត្រូវ​នឹង​ខែ​ឧសភា។
  • ទី៣ ផ្កាយ​ Gemeni ជាភាសា​សំស្ក្រឹត « ​មិថុន » ដែលមានន័យថាភ្លោះ ឬ​គូ ហើយ​ត្រូវ​នឹង​ខែ​មិថុនា។
  • ទី៤ ផ្កាយ Cancer ជា​ភាសា​សំស្ក្រឹត « កក្កដា » ដែល​មានន័យ​ថា​សត្វក្តាម ហើយ​ត្រូវនឹង​ខែ​កក្កដា។
  • ទី៥ ផ្កាយ Leo ជាភាសា​សំស្ក្រឹត « សីហ » ដែលមានន័យ​ថា​សត្វសិង្ហ ឬ​តោ ហើយ​ត្រូវ​នឹង​ខែសីហា។
  • ទី៦ ផ្កាយ Virgo ជាភាសាសំស្ក្រឹត « កញ្ញា » ដែលមានន័យថា​ស្រីក្រមុំ ហើយ​ត្រូវ​នឹង​ខែកញ្ញា។
  • ទី៧ ផ្កាយ Libra ជាភាសាសំស្ក្រឹត « តុលា » ដែលមានន័យថា​ជញ្ជីង ហើយ​ត្រូវ​នឹង​ខែ​តុលា។
  • ទី៨ ផ្កាយ Scorpius ជាភាសាសំស្ក្រឹត « វិច្ឆិក » ដែលមានន័យថា​សត្វខ្ទួយ ឬ​ខ្យាដំរី ហើយ​ត្រូវនឹង​ខែ​វិច្ឆិកា។
  • ទី៩ ផ្កាយ Sagittarius ដែល​នៅ​ក្នុង​ព្រេងកថា​ក្រិក​ គឺ​ជា​តួអង្គ​ដែល​មាន​ខ្លួន​ជា​សេះ ក្បាល​ជាមនុស្ស ហើយ​ដៃកាន់ធ្នូ។ នៅ​ក្នុងតារាសាស្ត្រ​ឥណ្ឌា​គេ​ហៅផ្កាយ​នេះ​ ជាភាសាសំស្ក្រឹត « ធនុ » ដែលមានន័យ​ថា​ធ្នូ ហើយ​ត្រូវ​នឹងខែធ្នូ
  • ទី១០ ផ្កាយ Capricornus ដែល​មាន​រូបរាង​មួយ​កំណាត់​ខាង​ក្បាល​ជា​ពពែ និង​មួយ​កំណាត់​ខាង​កន្ទុយ​ជា​ត្រី ចំណែក​ក្នុង​តារាសាស្ត្រ​ឥណ្ឌា​គេហៅ​ថា​ជា​សត្វ​មករ ហើយ​ត្រូវ​នឹង​ខែមករា។
  • ទី១១ ផ្កាយ Acquarius ដែលមាន​រូបរាង​ជា​មនុស្ស​កាន់​ក្អមទឹក ចំណែក​​ក្នុង​តារាសាស្ត្រ​ឥណ្ឌា គេ​ហៅថា​ជា « កុម្ភៈ » ដែលមានន័យថា​ក្អម ហើយ​ដែល​ត្រូវ​នឹង​ខែ​កុម្ភៈ
  • ទី១២ ផ្កាយ Pisces ដែល​មាន​រូបរាង​ជា​ត្រីពីរ​កន្ទុយ​ត្រូវគេ​ចង​ជាប់គ្នា ចំណែក​ក្នុង​តារាសាស្ត្រឥណ្ឌា​គេហៅថា « មីន » មានន័យ​ថា​សត្វត្រី ហើយ​ត្រូវ​នឹង​ខែ​មីនា។

ផ្កាយ​រាសីចក្រ​ទាំង១២​នេះ មិនមែន​សុទ្ធតែ​មាន​ពន្លឺ​ភ្លឺច្បាស់ អាច​ឲ្យ​យើង​ងាយរក​មើល​ទាំងអស់​នោះទេ។ ផ្កាយ Capricorn (​មករា) Aquarius (កុម្ភៈ) Pisces (មីនា) Aries (មេសា) Cancer (កក្កដា) និង Libra (តុលា) ជាដើម សុទ្ធសឹង​ជា​បណ្តុំផ្កាយ ដែល​មិនមាន​ផ្កាយ​ភ្លឺច្បាស់ ហើយ​ដែល​យើង​ពិបាក​នឹង​រក​មើល​។ ចំណែកផ្កាយ​ក្រៅពីនោះ មានទីតាំង និង​មាន​ផ្កាយ​ភ្លឺៗ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ស្វែងរក​ និង​ស្រួល​ចំណាំ។ 

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​យើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ