អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

សហជីពស្នើឲ្យក្រសួងការងារពិនិត្យមើលឡើងវិញការបកស្រាយពីប្រាក់ជំងឺចិត្ត និងប្រាក់ជូនដំណឹងនៅពេលរោងចក្របិទអំឡុងពេលកូវីដ១៩

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @Internet
ដោយ៖ ញឹម សុផល
1 នាទី

ក្រុម​អ្នក​សហជីព​មួយ​ចំនួន​បាន​សម្តែង​ទៅ​នឹង​ការ​ជំទាស់​ទៅ​នឹង​ការ​បកស្រាយ​របស់​ក្រសួង​ការងារ​ ជុំវិញការ​ទូទាត់ ​ប្រាក់​សោ​ហ៊ុយ​ជំងឺ​ចិត្ត ​និង​ប្រាក់​បំណាច់​ទូ​ទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុន ​ដែល​ធ្វើ​ឲ្យ​បាត់​នូវ​អត្ថប្រយោជន៍​របស់​កម្មករ ​និយោជិត។ ​ប្រតិកម្ម​របស់​អ្នក​សហជីព​ដូច្នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​និយោជក​នៃ​វិស័យ​កាត់ដេរ​ បាន​ស្នើ​ទៅ​ក្រសួង​ការងារ​ ហើយ​អធិការ​កិច្ច​ក្រសួង​ការងារ​បាន​បកស្រាយ​ច្បាប់​ការងារ​ ដែល​ធ្វើ​ឲ្យ​និយោជក​មាន​ប្រៀប​ ជាង​កម្មករ​និយោជិត​ នៅ​ក្នុង​ស្ថាន​ភាព​នៃ​វិបត្តិ​កូវីដ​១៩​នេះ។

ផ្សាយពាណិជ្ជកម្ម

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ថ្លែងថាការឆ្លើយតបរបស់អធិការកិច្ចការងារនៃក្រសួងការងារទៅកាន់និយោជក គឺធ្វើឲ្យនិយោជក អាចបិទរោងចក្របាន បន្ទាប់ពីបានព្យួរអស់រយៈពេល២ខែ ដោយមិនចាំបាច់ទូទាត់អត្ថប្រយោជន៍ការងារមួយចំនួន ដូចជាប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់បំណាច់ជួសការឲ្យដំណឹងមុនជាដើម។ តាមលោកអាត់ ធន់ និយោជកអាចនឹងយកលេសពីវិបត្តិកូវីដ១៩បិទរោងចក្រ ដែលវិធានការនេះ ធ្វើឲ្យកម្មករនិយោជិត បាត់បង់ផលប្រយោជន៍ជាច្រើន។

សូមរំលឹកថា កាលពីថ្ងៃទី២៩ខែមិថុនា ប្រធាននាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារ លោក អ៊ុក ចាន់ធូ បានចេញលិខិតមួយច្បាប់ទៅកាន់ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ជុំវិញសំណើររបស់ GMAC ស្នើសុំឲ្យមានការបកស្រាយអំពីការទូទាត់«ប្រាក់សោហ៊ុយជំងឺចិត្ត» និង«ប្រាក់បំណាច់ទូទាត់ជួសការឲ្យដំណឹងមុន»។

ដោយយោងតាមមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារ ក្រសួងការងារបានបកស្រាយថា ក្នុងស្ថានភាពវិបត្តិធ្ងន់ធ្ងរ ដែលកើតឡើងដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ១៩នេះ សោហ៊ុយជំងឺចិត្ត និងប្រាក់បំណាច់ទូទាត់ជួសការឲ្យដំណឹងមុន មិនត្រូវអនុវត្តចំពោះរោងចក្រ សហគ្រាស ដែលឈានដល់ការបិទដំណើរការរោងចក្រសហគ្រាសទាំងស្រុង បន្ទាប់ពីបានព្យាយាមដោះស្រាយវិបត្តិនេះតាមរយៈវិធានការស្របច្បាប់នានា រួមទាំងការព្យួរកិច្ចសន្យាការងារ និង /ឬ ការរំលាយកិច្ចសន្យាការងាររបស់កម្មករនិយោជិតរួចមក។

ក៏ប៉ុន្តែលោក អាត់ ធន់ ថាការបកស្រាយទៅកាន់និយោជកដូច្នេះ ហាក់ដូចប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមរបស់ក្រសួងការងារកាលពីខែឧសភាកន្លងទៅ ដែលណែនាំឲ្យរោងចក្រត្រឹមតែព្យួរការងារ ហើយរក្សាកម្មករ នឹងផ្តល់ការងារឲ្យពួកគេវិញនៅពេលស្ថានភាពកូវីដ១៩ស្ងប់ស្ងាត់ទៅវិញ។ ជាមួយគ្នានេះ លោកក៏បានស្នើទៅក្រសួងការងារឲ្យពិនិត្យឡើងវិញចំពោះការបកស្រាយដែលទាក់ទងទៅនឹងអត្ថប្រយោជន៍របស់កម្មករនិយោជិត នៅក្នុងស្ថានភាពបែបនេះ។

សូមបញ្ជាក់ថា នៅពេលរោងចក្របិទដោយមិនស្របទៅតាមច្បាប់ ភាគីនិយោជកត្រូវបង់ឲ្យកម្មករនិយោជិត នូវអត្ថប្រយោជន៍៥ចំណុច គឺប្រាក់ខែដែលមិនទាន់បើក ប្រាក់ដំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹងមុន និងប្រាក់សោហ៊ុយជំងឺចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ