អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

សហភាពសហជីពកម្ពុជាស្នើឲ្យនាយករដ្ឋមន្ត្រីកែលម្អស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាEBA

ទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ @RFI
ដោយ៖ វ៉ា សំណព្វ
1 នាទី

សហភាព​សហជីព​កម្ពុជា​របស់​លោក ​រ៉ុង ឈុន ​បាន​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន ​សែន ​កែ​លម្អស្ថាន​ភាព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA។ សំណើ​នេះ ​បាន​ធ្វើ​ឡើង​តាម​រយៈ​លិខិត ​ចុះ​ថ្ងៃ​ទី ​០១ ​កក្កដា ​ឆ្នាំ ​២០២០ ​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​មន្ត្រីខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។ ​បើ​គ្មាន​ការ​ប្រែប្រួល​ទេ ​សេចក្តី​សម្រេច​ស្តី​ពី​ការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​២០% ពីកម្ពុជា នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

សហភាពសហជីពកម្ពុជារបស់លោក រ៉ុង ឈុន បានសំដែងការសោកស្ដាយចំពោះមន្ត្រីខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបដិសេធមិនទទួលយកលិខិតរបស់លោក ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០។ ជាលិខិត ដែលស្នើសុំឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ពោលគឺ ឲ្យដូចស្ថានភាពនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ ២០១៧ និងដើម្បីរក្សានូវប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ដែលសហភាពអឺរ៉ុបនឹងអនុវត្តចាប់ពីពាក់កណ្តាលខែសីហា ខាងមុខនេះ។ នេះបើតាមលោក រ៉ុង ឈុន ដែលបានសរសេរនៅលើគណនីយហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី ០២ កក្កដា នេះ។

គួររំលឹកជូនថា សហភាពអឺរ៉ុប តាមរយៈគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា បន្ទាប់ពីសំណើសុំរបស់ខ្លួនឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្ស សិទ្ធិការងារ និងលទ្ធិប្រជាធិបតេយ្យ ចាប់ពីក្រោយឆ្នាំ២០១៧មកនោះ មានការរីកចំរើនតិចតួច។ សហភាពសហជីពកម្ពុជាបានលើកឡើងនៅក្នុងលិខិតរបស់ខ្លួនកាលពីថ្ងៃទី ០១ កក្កដាថា សហភាពអឺរ៉ុបបានទុកពេល៦ខែឲ្យកម្ពុជា ដើម្បីស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ប៉ុន្តែបើកម្ពុជាមិនបានធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញទេ នោះសហភាពអឺរ៉ុបនឹងអនុវត្តការដក EBA ២០% ពីកម្ពុជា នៅថ្ងៃទី ១២ សីហា ខាងមុខនេះ។ បើតាមសហភាពសហជីពកម្ពុជា ដែលអះអាងថា ជាសមាជិករបស់សហភាពសហជីពអន្តរជាតិ (ITCU) ដែលមានសមាជិកចំនួន ២០២លាននាក់ មកពី១៦៣ប្រទេសលើពិភពលោក បានផ្តល់យោបល់ដល់រដ្ឋាភិបាលកម្ពុជាថា គួរធ្វើយ៉ាងណារក្សា EBA ២០% នេះ កុំឲ្យបាត់បង់ ក្នុងខណៈដែលកម្ពុជាកំពុងទទួលរងឥទ្ធិពលដ៏អាក្រក់ពីការឆ្លងរាតត្បាតនៃមេរោគកូវីដ១៩។ បើតាមសហភាពសហជីពកម្ពុជាដដែល ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ជាទំហំនៃភាគរយតូចមែន ប៉ុន្តែវានឹងនាំឲ្យមានការប៉ះពាល់ទំហំធំដល់ការងារកម្មករ និងអ្នកទទួលផលផ្សេងទៀត ដូចជា អ្នកមានបន្ទប់ជួល អ្នកដឹកកម្មករ អ្នកប្រកបរបរលក់ដូរនៅមុខរោងចក្រ និងប៉ះពាល់ដល់មុខមាត់របស់កម្ពុជា ជាពិសេសប៉ះពាល់ដល់ទំនុកចិត្តពីអ្នកវិនិយោគទុននៅកម្ពុជា។

នៅមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជានៅឡើយទេ ចំពោះសំណើរបស់លោក រ៉ុង ឈុន។ ក៏ប៉ុន្តែ ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសរួចហើយថា នឹងមិនដាក់ខ្លួនអង្វរករភាគីអឺរ៉ុប ឲ្យផ្តល់ EBA ២០%នោះមកវិញទេ។ រដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហររឹងប៉ឹងថា ទោះបាត់ EBA ២០% ក៏កម្ពុជា អាចរស់បានដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ