អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ក្រសួងសុខាភិបាលថាកម្ពុជាទទួលបានប្រាក់តំកល់៩លានដុល្លារពីជនបរទេសចូលមកកម្ពុជា

លោក​ស្រី​វេជ្ជ​បណ្ឌិត ​យក់ សម្បត្តិ ​រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល​
លោក​ស្រី​វេជ្ជ​បណ្ឌិត ​យក់ សម្បត្តិ ​រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល​ © សហការី
ដោយ៖ ញឹម សុផល
1 នាទី

នៅ​ក្នុង​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​នៅ​ក្រសួង​សុខាភិបាល ​លោក​ស្រី​វេជ្ជ​បណ្ឌិត ​យក់ សម្បត្តិ ​រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​អាច​គ្រប់​គ្រង​បាន​ការ​នាំ​ចូល​មេ​រោគកូវីដ​១៩​ពី​ក្រៅប្រទេស។ ​ចាប់​តាំង​ពី​មាន​ការ​បើក​ឲ្យ​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន​៦ ដែល​ក្នុង​នោះ​មាន​ អ៊ី​តា​លី អា​ល្លឺ​ម៉​ង់ អេ​ស្ប៉ា​ញ បារាំង អា​មេ​រិ​ក និង​អ៊ឺ​រ៉​ង់ អាច​ចូល​មក​ប្រទេស​កម្ពុជា​បាន​វិញកាលពី​ថ្ងៃ​ទី ២០ ​ឧសភា ​កន្លង​ទៅនេះ​ ប្រទេស​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​ចំនួន​១៨​ករណី​ពី​កា​រធ្វើ​តេស្ត​ចំនួន​ជាង​១៦ ០០០​តេស្ត ​ក្នុង​នោះ​តេស្ត​លើ​ជន​ជាតិ​ចិន​ច្រើន​ជាង​គេ​គឺ​ជាង​១១ ០០០​តេស្ត។ ​លោក​ស្រី ​យក់ ​សម្បត្តិ ​បញ្ជាក់​ថា ​មក​ទល់​ពេល​នេះ ​កម្ពុជា​បាន​ទទួល​ប្រាក់​ដំកល់​ពី​ជន​បរទេស​ជាង​៣​ពាន់​នាក់ ​ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា​ចំនួន​៩​លាន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោកស្រីវិជ្ជបណ្ឌិត យក់ សម្បត្តិ៖

សូមបញ្ជាក់ថា ចាប់តាំងពីមានការឆ្លងរាតត្បាតនៃមេរោគកូវីដ១៩មក ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងមេរោគដ៏កាចសាហាវនេះចំនួន១៤១នាក់ ក្នុងនោះស្ត្រី៤០នាក់ ដែលភាគច្រើនជាករណីនាំចូលពីខាងក្រៅ។ ជាមួយគ្នានេះ អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន១៣១នាក់ និងមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។  ដោយឡែក ចាប់តាំងពីមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩នេះមក ប្រទេសកម្ពុជាបានធ្វើតេស្តសរុបទាំងខ្មែរនិងបរទេស បានចំនួនជាង ៣៣ ០០០នាក់ តាមរយៈទីតាំង២កន្លែង គឺនៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ។ ខណៈពេលនេះដែរ ក្រសួងសុខាភិបាល គ្រោងបើកឲ្យមានទីតាំងធ្វើតេស្តរកមេរោគកូវីដ១៩ ៣កន្លែងផ្សេងទៀត គឺនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ខណៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងស្វះស្វែងផ្ទេរការធានារ៉ាប់រ៉ងរបស់ជនបរទេសដែលចូលមកកម្ពុជាពីក្រុមហ៊ុនធានារ៉ាប់រ៉ងក្រៅប្រទេស មកក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ