នាយករដ្ឋមន្ត្រីព្រមានដាក់ទោសធ្ងន់បំផុតនិងបណ្តេញចេញពីបក្សករណីមន្ត្រីយកដីពលរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានលើកឡើងថា បញ្ហាទំនាស់ដីធ្លីដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលគឺត្រូវតែជម្រះ និងត្រូវតែវះកាត់។ លោកបានព្រមានថា ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ នឹងទទួលទោសធ្ងន់ធ្ងរបំផុត ហើយឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ការព្រមានបែបនេះ គឺស្របពេលដែលមន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
«ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ ហើយរិះរកកលល្បិច និងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ»។ នេះជាគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅពេលប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣កក្កដា។
ជាការកត់សំគាល់ ការព្រមានរបស់នាយករដ្ឋមន្ត្រីនៅពេលនេះ គឺស្របពេលដែលអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីមួយចំនួនជាបន្តបន្ទាប់រួមមាន៖ លោក ស៊ូ អារ៉ាស្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីរបស់ពលរដ្ឋប្រមាណ៣០០គ្រួសារនៅស្រុកគាស់ក្រឡ ខណៈលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ត្រូវបានដកតំណែង។
មុនពេលមានចំណាត់ការទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងដីធ្លីនៅបាត់ដំបងនោះ ពោលនៅថ្ងៃទី២៦មិថុនា ក៏មានការចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ពាក់ព័ន្ធករណីរំលោភដីសាធារណៈរបស់រដ្ឋរាប់សិបហិកតានៅខេត្តមណ្ឌលគិរី។
កាលពីខែមីនា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់អតីតអភិបាលខេត្តឧត្តរមានជ័យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស ថាវី ពីបទផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួននៅខណ្ឌព្រែកព្នៅ។
ក្រៅពីមន្ត្រីទាំងនេះ ឧត្តមសេនីយផ្កាយ៣ម្នាក់ទៀត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោក សៀន សុវណ្ណា ក៏ត្រូវបានបញ្ចប់មុខតំណែងកាលពីថ្ងៃទី២កក្កដា តែមិនបានឃើញបញ្ជាក់ពីកំហុសអ្វីឡើយ។
លើសពីនេះទៀត ក៏នៅមាន ចៅសង្កាត់ និងចៅសង្កាត់រង ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងអនុប្រធានភូមិម្នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឲ្យចូលខ្លួនទៅបំភ្លឺរឿងទំនាស់ដីធ្លី ជាបន្តបន្ទាប់នៅក្នុងខែកក្កដានេះ។ ក្នុងនោះ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង ត្រូវចូលខ្លួនក្នុងនាមជាសាក្សី ខណៈ លោក ស៊ឹម ភូន ជាចៅសង្កាត់រង និងលោក សួន សុខេន ជាអនុប្រធានភូមិក្រាំង ត្រូវចូលខ្លួនក្នុងមានជាជនសង្ស័យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ