អានតួអត្ថបទ
កម្ពុជា សង្គម

ក្រសួងអប់រំ គ្រោងបើកដំណើរការសាលារៀនឡើងវិញជា ៣ដំណាក់កាល

សិស្សានុសិស្សកំពុងទទួលយកការអប់រំ (រូបភាពឯកសារ)
សិស្សានុសិស្សកំពុងទទួលយកការអប់រំ (រូបភាពឯកសារ) © សហការី
1 នាទី

ក្រសួងអប់រំយុវជននិងកីឡា គ្រោង​នឹង​បើកដំណើរការ​សាលារៀន​ទាំងអស់ ក្នុងប្រទេសកម្ពុជាឡើងវិញជា ៣ដំណាក់កាល។ ប៉ុន្តែចំពោះកាលបរិច្ឆេទច្បាស់លាស់នៃការ​បើកដំណើរការជាដំណាក់កាលៗនេះ ក្រសួងអប់រំ នឹងជូនដំណឹង​ក្នុងអំឡុងសប្តាហ៍ក្រោយ។ នេះបើតាមការ​ឲ្យ​ដឹងពីអ្នក​នាំពាក្យ​ក្រសួងអប់រំ លោក រស់ សុវាចា នៅថ្ងៃទី០៣ ខែកក្កដានេះ។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈសារអេឡិចត្រូនិក លោក​រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី ៣ខែកក្កដានេះថា សាលារៀន​ទាំងអស់ ក្នុងប្រទេសកម្ពុជា នឹង​បើក​ដំណើរការឡើងវិញ តាម​ ៣ដំណាក់​កាល រួមមាន ដំណាក់កាលទី ១ គឺបើក​សម្រាប់តែសាលារៀន ដែល​មាន​ស្តង់ដារសុវត្ថិភាព​ខ្ពស់។

ចំណែក​ដំណាក់កាលទី ២ នឹង​បើក​ដំណើរការ សម្រាប់​សាលារៀន ដែល​មាន​ស្តង់ដារមធ្យម ខណៈដំណាក់កាលទី ៣ នឹង​បើក​ចំពោះសាលារៀន ដែល​មាន​ស្តង់ដារអប្បបរមា។ ដូច្នេះជារួម ការបើកដំណើរការ​ឡើងវិញនេះ គឺមិនមែន​គ្រប់សាលារៀនទាំងរដ្ឋ និងឯកជន អាច​បើកទ្វារទទួលសិស្សានុសិស្សរួមគ្នានោះទេ។

តាម​មន្ត្រីក្រសួងអប់រំដដែល សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ ចំណែក ដំណាក់កាលទី២ និងដំណាក់កាលទី៣ នឹង​ត្រូវ​ចំណុះឲ្យដំណាក់កាលទី១។

យ៉ាងណាក៏ដោយ ក្រសួងបញ្ជាក់ថា នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

សូម​រម្លឹកជូនថា ក្រសួងអប់រំយុវជន និងកីឡាកម្ពុជា បាន​ប្រកាស​បិទ​ដំណើរការ​សាលារៀន តាំងពីថ្ងៃទី ១៦ខែមីនា ឆ្នាំ ២០២០ ក្រោយ​កម្ពុជា រក​ឃើញ​មានករណីឆ្លងកូវីដ ១៩ ជាបន្ត​បន្ទាប់។ ក្រសួងអប់រំ ក្នុងសេចក្តីជូនដំណឹងពេលនោះ បាន​ សម្រេចឲ្យ​សិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ រហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺកូវីដ ១៩។

ជាការ​កត់សម្គាល់ ដំណឹង​ពីការ​បើកដំណើរសាលារៀន​ឡើងវិញ របស់​ក្រសួងអប់រំកម្ពុជានេះ ធ្វើឡើង​ក្នុង​សប្តាហ៍តែមួយ ដែល​ប្រទេសថៃ ក្បែរខាង ក៏បាន​អនុញ្ញាតឲ្យ​សាលារៀន​ទូទាំងប្រទេស បើក​ឡើងវិញ ក្រោយ​ធូរស្រាលពីកូវីដ ១៩ ខណៈប្រទេសវៀតណាម បាន​ដំណើរការ​សាលារៀន​ឡើងវិញ តាំងពីថ្ងៃទី ៥ខែឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ