អានតួអត្ថបទ
កម្ពុជា សង្គម

ខួប៤ឆ្នាំ​លោក ​កែម ឡី​៖ ​CCHR បើកយុទ្ធនាការតាមអ៊ីនធឺណែត ដើម្បីការចងចាំ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ធ្វើយុទ្ធនាការ ដែលមានឈ្មោះថា «ចងចាំកែមឡី» ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ កក្កដា ដែលចំនឹងខួប៤ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ធ្វើយុទ្ធនាការ ដែលមានឈ្មោះថា «ចងចាំកែមឡី» ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ កក្កដា ដែលចំនឹងខួប៤ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី។ © សហការី
ដោយ៖ វ៉ា សំណព្វ
1 នាទី

ថ្ងៃទី ​១០ ​ខែកក្កដា ​ឆ្នាំ ២០២០​ ខាងមុខនេះ ​គឺជាខួប​គម្រប់៤ឆ្នាំគត់ ​នៃការធ្វើ​ឃាត​លោកបណ្ឌិត​ កែម ឡី ​អ្នកវិភាគ​សង្គម​និង​នយោបាយ​ដ៏ល្បីល្បាញ​នៅកម្ពុជា​។​ នៅមុន​ខួប​៤ឆ្នាំ​មកដល់ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​CCHR ​ បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​តាមបណ្តាញ​អ៊ីនធឺណែត​ដើម្បីការចងចាំ​ចំពោះស្នាដៃ ​និង​ការរួមចំណែក​របស់លោក​ កែម ឡី ​នៅក្នុង​សង្គម​កម្ពុជា​។​ យុទ្ធនាការ​ដែលមានរយៈពេល​១០ថ្ងៃនេះ ​មានឈ្មោះ​ថា​ «​ចងចាំ​កែមឡី​»​។

ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ ​ដែលមាន​ឈ្មោះថា​ «​ចងចាំ​កែមឡី» ​បាន​ចាប់ផ្តើម​ធ្វើ​ពីថ្ងៃទី ​០១​ ដល់​ថ្ងៃទី ​១០​ កក្កដា ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ CCHR ​បាន​បង្ហោះសារ​សំខាន់ៗ​របស់​អ្នកវិភាគ​នយោបាយ​និង​សង្គមកម្ពុជា​លោក​បណ្ឌិត ​កែម ឡី ​នៅតាម​បណ្តាញ​សង្គមហ្វេសប៊ុក​ ឬ​ គេហទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។​ តាមរយៈ​យុទ្ធនាការ​នេះ​ អ្នក​ដែល​ឆ្លើយ​ត្រូវ​នឹង​សំណួរ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​នឹង​ទទួល​បាន​រង្វាន់​ជាដបទឹក ​ពែងកាហ្វេ ​ឬ​រង្វាន់​ជាប៊ិច​និង​សៀវភៅ​ ដោយគ្រាន់​តែឆ្លើយ​នឹង​សំណួរ​ថា៖​ “តើ​លោក​បណ្ឌិត ​កែម ឡី ​ត្រូវ​បាន​គេធ្វើឃាត​នៅថ្ងៃណា ​ខែណា ​ឆ្នាំណា​?​ ហើយថា​តើ ​សារមួយណា​របស់លោក​បណ្ឌិត ​កែម​ទ្បី ​ដែលធ្វើឱ្យ​អ្នក​ចងចាំ​ពីគាត់​ជាងគេ​?”

លោកស្រី ​ចក់ សុភាព ​នាយិការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានថ្លែង​ថា ​គោលបំណង​នៃយុទ្ធនាការ​ដែល​មាន​រយៈពេល​១០​ថ្ងៃនេះ ​គឺដើម្បី​រំលឹក​​ពីស្នាដៃ​និង​សារសំខាន់ៗ​របស់​លោក កែម​ ឡី ​និង​ដើម្បីជាការ​ចងចាំ​ឈ្មោះ​របស់​លោក កែម ឡី ​ផងដែរ​។ ​លោកបណ្ឌិត ​កែម ឡី ក្រៅ​ពី​ជាអ្នក​វិភាគ​នយោបាយ ​និង​សង្គម​ឥតសំចៃមាត់​នៅកម្ពុជា​នោះ ​លោកក៏​ធ្លាប់​ជាសមាជិក​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ពី​ឆ្នាំ​២០១២​ដល់ចុង​ឆ្នាំ​២០១៤​ផងដែរ​។​ លោកស្រី ​ចង់ សុភាព ​ថា ​ការបើក​យុទ្ធនាការ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​តាមបណ្តាញ​សង្គម​ ឬអ៊ីនធឺណែតនេះ ​គឺដើម្បី​ចូលរួម​រំលឹកខួប​គម្រប់បួនឆ្នាំ​នៃមរណភាព​របស់លោក​បណ្ឌិត ​កែម ឡី ​ព្រមទាំង​ឧទ្ទិស​និង​ចងចាំលោកបណ្ឌិត​ កែម ឡី ​និង​ដើម្បី​ចូលរួមផ្សព្វផ្សាយ​សារសំខាន់ៗ​របស់លោក​បណ្ឌិត​មួយ​ចំនួន​ផង​។ ​សារសម្រាប់​ថ្ងៃនេះ​គឺ​ “​ខ្ញុំនឹង​និយាយអ្វី​ដែល​អ្នក​ដទៃមិន​ហ៊ាន​និយាយ​”។

គួររំលឹក​ជូន​ថា ​លោកបណ្ឌិត ​កែម ឡី ​ត្រូវបាន​ខ្មាន់កាំភ្លើង​ចូលទៅបាញ់​សម្លាប់​នៅក្នុង​ហាង ស្តារម៉ាត​ (Star Mart) នៃ​ស្ថានីយ៍​លក់​ប្រេង​ឥន្ធនៈកាល់តិច​ (Caltex) កែងស្តុបបូកគោ ​ក្នុងរាជធានី​ភ្នំពេញ ​កាលពី​ព្រឹកថ្ងៃទី​១០​ ខែកក្កដា ​ឆ្នាំ២០១៦​។ ​ខ្មាន់កាំភ្លើង​ដែលចូល​ទៅ​បាញ់សម្លាប់​លោកបណ្ឌិត ​កែម ឡី ​កាលណោះ ​ត្រូវបាន​អាជ្ញាធរកម្ពុជា​បង្ហាញមុខ​ និង​មាន​ឈ្មោះថា ​អឿត អាង​ ហៅ ​ជួប សម្លាប់ ​ហើយត្រូវបាន​តុលាការកម្ពុជា​កាត់ទោស​ឲ្យជាប់​ពន្ធនាគារអស់​មួយ​ជីវិត​។ ​ប៉ុន្តែទោះជាយ៉ាង​នេះក្តី ​ក្រុមគ្រួសារ​របស់​លោក កែម ឡី ​និង​សង្គម​ស៊ីវិល ​នៅមិនទាន់​អស់ការ​សង្ស័យ​នោះ​ឡើយ ​និង​កំពុង​បន្តទាមទារ​ឲ្យមានការ​ស្វែងរក​យុត្តិធម៌​​បន្ថែម​ទៀត ​សម្រាប់​លោកបណ្ឌិត ​កែម ឡី​។

គួរជំរាប​ជូនថា ​ក្រៅពីយុទ្ធនាការ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ដើម្បី​ការចងចំា​ចំពោះលោក ​កែម ឡី ​នេះ ​ក្រុមគ្រួសារ​របស់​លោកបណ្ឌិត ​កែម ឡី ​នៅក្នុង​ស្រុកត្រាំកក់​ ខេត្តតាកែវ ​ក៏គ្រោង​នឹងរៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប​៤ឆ្នាំ​នៃការបាញ់​សម្លាប់​លោកបណ្ឌិត​ កែម ឡី​ នៅថ្ងៃទី ​១០ ​ខែកក្កដា ​សប្តាហ៍​ក្រោយនេះ​។​ ចំណែក​សហព័ន្ធខ្មែរ​អូស្ត្រាលី ​និង​សមាគមខ្មែរ​វិចតូរីយ៉ា​នៅក្នុង​ប្រទេស​អូស្ត្រាលី​ជាទីដែល​ភរិយា​និង​កូនៗ​របស់លោក​ កែម ឡី ​ទទួល​បាន​សិទ្ធិជ្រកកោណ​នោះ ​ក៏គ្រោង​នឹង​ធ្វើពិធីបុណ្យ​រំលឹក​ខួប​៤​ឆ្នាំ​នៃមរណភាព​របស់លោក ​កែម ឡី ​នៅថ្ងៃទី ​១១ ​កក្កដា ​ខណៈយុវជន​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ប្រទេសកូរ៉េខាងត្បូង​ ក៏​គ្រោង​នឹង​ធ្វើពិធី​ដូចគ្នា​នេះ ​នៅថ្ងៃទី ​១២ ​កក្កដា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ