អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

មេដឹកនាំចិនថា ការរួមគ្នាប្រយុទ្ធនឹងកូវីដ១៩រវាងចិននិងកម្ពុជាបង្ហាញពីអនាគតដែលមិនអាចបំបែកបាន

លោក ហ៊ុន សែន និងលោក ស៊ីន ជិនពីង
លោក ហ៊ុន សែន និងលោក ស៊ីន ជិនពីង © Xinhua
ដោយ៖ អ៊ឹង ប៊ុនថន
1 នាទី

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងកាលពីថ្ងៃសុក្រថា ប្រទេសចិននិងប្រទេសកម្ពុជាបាន ខិតខំប្រឹង​ប្រែងរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ កុំឲ្យ​ឆ្លង​រាលដាល​ទៅ​ដល់​សហគមន៍កន្លងមកនេះ បង្ហាញថា ចិននិង​កម្ពុជាមានអនាគតរួមគ្នាគឺមិនអាចបំបែកបានឡើយ។ ការ​អះអាង​របស់អគ្គលេខាធិការ បក្សកម្មុយនិស្តចិនរូបនេះ​ ធ្វើឡើងក្នុងលិខិតផ្ញើជូនប្រធានគណបក្សប្រជាជនកម្ពុជា(CPP) កំពុងកាន់អំណាច បន្ទាប់ពី លោក ហ៊ុន សែន ផ្ញើលិខិតអបអរខួបលើកទី៩៩ នៃការបង្កើតគណបក្សបក្សកម្មុយនិស្តចិន(CPC)។

ផ្សាយពាណិជ្ជកម្ម

ដោយអំពាវនាវឲ្យបន្តភាពជាដៃគូក្នុងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនិងគាំទ្រគ្នាទៅវិញទៅមកនោះ លោក ស៊ី ជីនពីង បានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺកូវីដ១៩មក ភាគី​ទាំងពីរបានរក្សាការគាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយទទួលបាននូវវឌ្ឍនភាពដ៏សំខាន់នៅក្នុងការប្រយុទ្ធរួមគ្នា។ នេះបើយោងតាម​ទីភ្នាក់​ងារ​សារព័ត៌មានចិន​ស៊ិនហួរ។

ដោយសង្កត់ធ្ងន់ថាប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍចំណងទាក់ទងទ្វេភាគីលោកស៊ីបាននិយាយទៀតថាលោកត្រៀមខ្លួនធ្វើការជាមួយ លោក ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរឱ្យស៊ីជម្រៅថែមទៀត និងធ្វើកិច្ចសហប្រតិបត្តិការដទៃទៀត ​ដើម្បី ការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា។

នៅក្នុងលិខិតផ្ញើទៅកាន់ លោក ស៊ី លោក ហ៊ុន សែន បានលើកឡើងថា សព្វថ្ងៃចិនកំពុងតែដើរតួនាទីនាំមុខក្នុងការដោះស្រាយបញ្ហាពិភពលោកសំខាន់ៗ។ ដោយលើកឡើងពីភាពជោគជ័យនៃវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាលពីឆ្នាំមុន លោក ហ៊ុន សែន កត់សំគាល់ថា គំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសនិងស្ថាប័នជាច្រើន ហើយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការកសាងសហគមន៍មួយ អនាគតរួមគ្នា សម្រាប់មនុស្សជាតិ ត្រូវបានប្រទេសនិងប្រជាជនជាច្រើនទទួលស្គាល់។

មិនត្រឹមតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាល​កម្ពុជា ក៏បានសរសើរប្រទេស​ចិនដែរថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩មក ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់និងជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត។ បើតាម លោក ហ៊ុន សែន ប្រទេសកម្ពុជានិងចិន បានបង្កើតមិត្តភាពដែលមិនអាចបំបែកបានហើយទំនាក់ទំនងនិង​កិច្ចសហប្រតិបត្តិការរបស់ពួកគេទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់នាំទៅរកភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ