អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នៅកម្ពុជា ត្រូវបានលើកពេលទៅពាក់កណ្តាលឆ្នាំក្រោយ

កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ី​-​អឺរ៉ុប ​តាមប្រព័ន្ធវីដេអូ ដែលបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី ០៣ កក្កដា។
កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ី​-​អឺរ៉ុប ​តាមប្រព័ន្ធវីដេអូ ដែលបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី ០៣ កក្កដា។ © សហការី
ដោយ៖ វ៉ា សំណព្វ
1 នាទី

ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​ កម្ពុជា​បាន​សម្រេច​លើកពេល​នៃកិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើកទី​១៣ ​ទៅធ្វើនៅពាក់​កណ្តាល​ឆ្នាំ​២០២១​វិញ​។​ ដើមឡើយ ​កិច្ចប្រជុំកំពូល​អាស៊ី​-​អឺរ៉ុប​លើកទី១៣​នៅកម្ពុជា​ គ្រោង​ធ្វើនៅពាក់​កណ្តាល​ ខែវិច្ឆិកា ​ឆ្នាំ២០២០​ ក្រោមមូល​បទ​  “​ការពង្រឹង​ពហុភាគីនិយម​ ដើម្បី​កំណើន​រួមគ្នា​”​។ ​ការលើកពេលនេះ ​ក៏ទទួល​បានការ​យល់ព្រម​ពីកិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ី​-​អឺរ៉ុប​ កាលពី​ចុងសប្តាហ៍​នេះ​។

ផ្សាយពាណិជ្ជកម្ម

ដោយសារតែផលវិបាកអាក្រក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្តមមន្ត្រី​ទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់ បានបង្ហាញការឯកភាពប្រកប​ដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣នេះ ដោយ​ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១វិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំ​ឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប តាមប្រព័ន្ធវីដេអូ ដែលបានប្រព្រឹត្តទៅអស់រយៈពេល​ពីរថ្ងៃ ចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី ០៣ កក្កដា ហើយត្រូវបានផ្សព្​វផ្សាយឲ្យដឹងនៅថ្ងៃទី ០៤ កក្កដា នេះ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមាន​ការចូលរួមពីលោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋា​ភិបាល និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ព្រមទាំងមាន​ការ​ចូលរួមពីឧត្តមមន្ត្រីនៃបណ្តាប្រទេសជាដៃគូ ASEM ទាំងអស់។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប ក៏បានលើកឡើងពីសេចក្តីត្រូវការនៃការលើកកម្ពស់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបរួមទៅលើបញ្ហានៃការរីករាលដាលនៃជំងឺ​កូវីដ​-​១៩ ដែលមិនមែនគ្រាន់តែបង្កឲ្យមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល​សាធារណៈនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យ​សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ ឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបទាំងអស់បានពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍​រដ្ឋមន្រ្តីអាស៊ី-អឺរ៉ុប ស្តីពី ជំងឺកូវីដ-១៩ ដែលត្រូវបានរំពឹងថា នឹងអាចដាក់​ចេញនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

គួរជំរាបជូនថា ដើមឡើយ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅកម្ពុជា គ្រោងធ្វើនៅថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមមូលបទ  “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា”។ យ៉ាងណាក្តី តាមរយៈកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបកាលពីថ្ងៃទី ០២និងទី០៣ កក្កដា លោក សុក ស៊ីផាន់ណា បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរៀបចំទាំងផ្នែក​ឡូជីស្ទីក និងខ្លឹមសារ ដើម្បីធានាឲ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។

សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបចំនួន៥៣ប្រទេសនិងដៃគូ។ តាមរយៈកិច្ចប្រជុំនេះ កម្ពុជាបានត្រៀមកងកម្លាំងប្រមាណជា ១២.៧២៦នាក់ ដើម្បីការពារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ