រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ដីរបស់រដ្ឋ២លានហិកតាត្រូវពលរដ្ឋចូលកាន់កាប់
ចុះផ្សាយនៅថ្ងៃ៖
ជាថ្មីទៀត លោក ហ៊ុន សែន នៅថ្ងៃនេះ បានបញ្ជាទៅក្រសួងបរិស្ថាន ដែនដី កសិកម្ម និងអាជ្ញាធរត្រូវធ្វើការឲ្យបានហ្មត់ចត់ ចំពោះដំណើរការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន លើកឡើងថា ដីរបស់រដ្ឋ២លានហិកតា ត្រូវបានពលរដ្ឋចូលទៅកាន់កាប់ដោយចិត្តឯង។
លោក វេង សាខុន បានគូសបញ្ជាក់ទៀតថា ចលនាពលរដ្ឋចូលទៅតាំងទីលំនៅ និងកាន់កាប់អាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗដោយចិត្តឯង កើតមានសឹងគ្រប់រាជធានីខេត្តនៅទូទាំងប្រទេស។ ជាក់ស្ដែងបច្ចុប្បន្ននេះ ក្រសួងកសិកម្មកំពុងទប់ស្កាត់សកម្មភាពចូលកាន់កាប់ដីនៅតំបន់ព្រៃលិចទឹក ស្ថិតក្នុងខេត្តជុំវិញបឹងទន្លេសាបដូចជា ខេត្តកណ្ដាល កំពង់ឆ្នាំងជាដើម ដែលសកម្មភាពពលរដ្ឋកើតមានតាមរយៈការកាប់សម្អាតដីព្រៃលិចទឹក ដើម្បីតាំងទីលំនៅ។
ក្រៅតែពីតំបន់ទន្លេសាប រដ្ឋមន្ត្រីក្រសួងកសិកម្មសង្កេតឃើញថា ចលនាចុះកាន់កាប់ដីរដ្ឋក៏កំពុងតែកក្រើកនៅភាគខាងកើតប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ នៅខេត្តមណ្ឌលគិរី ពលរដ្ឋបានចុះកាន់កាប់ដីដោយខ្លួនឯងនៅតំបន់ស្រល់។ តំបន់ស្រល់ជាទីតាំងពីមួយដែលព្រះមហាក្សត្រកម្ពុជា ធ្លាប់យាងទៅដាំដើមស្រល់កាលពីអតីតកាល។
ឆ្លើយតបទៅនឹងបទបញ្ជាម្ដងជាពីរដងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងកសិកម្មកំពុងប្រមូលទិន្នន័យពលរដ្ឋកំពុងរស់នៅអាស្រ័យផលជាក់ស្ដែង និងស្វែងបុគ្គលនៅពីក្រោយសកម្មភាពពលរដ្ឋដែលចុះទៅកាន់កាប់ដីរដ្ឋ។ ក្រៅតែមូលហេតុនៃការជម្រុញពីក្រោយខ្នងរបស់បុគ្គលមានអំណាចឲ្យពលរដ្ឋចូលទៅកាន់កាប់ដីរបស់រដ្ឋ លោក វេង សាខុន មើលឃើញថា កំណើនប្រជាជន និងការចំណាកស្រុកពីខេត្តទៅខេត្តមួយ ក៏ជាផ្នែកមួយបង្ខំឲ្យពលរដ្ឋចុះចាប់ដីរដ្ឋ សម្រាប់ការរស់នៅបណ្ដោះអាសន្នដែរ។
គេនៅចាំបានថា ក្នុងឆ្នាំ១៩៨៧ រដ្ឋាភិបាលបានវាស់វែងដីធ្លីជូនពលរដ្ឋក្នុងមួយគ្រួសារទទួលបានដី១ហិកតា។ តែមកដល់ពេលបច្ចុប្បន្ននេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រេចផ្ទាល់មាត់ថា កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង ហើយរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០ភាគរយ ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ ជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋ គឺមិនអនុញ្ញាតជាដាច់ខាត ក្នុងការកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្មដដែល ដើម្បីឲ្យពលរដ្ឋដែលកំពុងរស់នៅលើដីរដ្ឋ២លានហិកតា ស្ថិតក្នុងខេត្តកោះកុង ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរីជាដើម ទទួលបានបណ្ណកម្មសិទ្ធដីធ្លីឲ្យបានរហ័ស ត្រូវមានកិច្ចសហការពីអាជ្ញាធរដែនដី។ ហើយចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវ ដោយមិនត្រូវឆ្លៀតកេងចំណេញយកចំណែកពីការបែងចែកដីជូនពលរដ្ឋមកជារបស់ខ្លួនឡើយ បើពុំដូច្នោះទេគឺ នឹងត្រូវទទួលទោសជាកំហិត។
សូមជម្រាបជូនថា បញ្ហាសិទ្ធិដីធ្លីនេះ គឺជាក្តីកង្វល់មួយក្នុងចំណោមបញ្ហាធំៗចំនួន៥ ដែលសហភាពអឺរ៉ុបបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ។ យ៉ាងណាក៏ដោយ អឺរ៉ុបបានវាយតម្លៃថា បញ្ហាដីធ្លីដែលនៅខ្វះខាតនោះ គឺការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិដីធ្លី និងខ្វះការពិនិត្យមើលដោយត្រឹមត្រូវ ក្នុងការដោះស្រាយសិទ្ធិដីធ្លីរបស់ពលរដ្ឋជនជាតិភាគតិចជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ