ជំនួបលើកទី៦ រវាងសង្គមស៊ីវិល និងក្រសួងមហាផ្ទៃស្តីពីច្បាប់អង្គការ ភាគីទាំងពីរយល់គ្នាច្រើន
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងមហាផ្ទៃ និងក្រុមអង្គការសង្គមស៊ីវិល បាននាំមកនូវសេចក្តីប្រកាសរួមមួយ ដោយភាគីទាំងពីរ បានសុខចិត្តជជែកគ្នាសំណើរធ្វើវិសោធនកម្មលើមាត្រាចំនួន១៧ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលស្នើឡើងដោយអង្គការសង្គមស៊ីវិលប្រមាណ៥០០។ ការជជែកពិភាក្សាលើមាត្រាទាំង១៧នេះ បានធ្វើឡើងបន្ទាប់ពីតំណាងអង្គការសង្គមស៊ីវិល បើកកិច្ចប្រជុំលើកទី៦ជាមួយតំណាងក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី០៦ខែកក្កដានេះ នៅក្រសួងមហាផ្ទៃ។
មាត្រាទាំង១៧នៃច្បាប់ស្តីពីសមាគម និងអង្គការសង្គមស៊ីវិល ដែលក្រុមអង្គការសង្គមស៊ីវិលបានស្នើឲ្យរដ្ឋាភិបាលពិនិត្យ និងពិចារណាលើសំណើរសុំធ្វើវិសោធនកម្មនោះមាន មាត្រា ១ មាត្រា៣ មាត្រា៤ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា២០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ មាត្រា២៧ មាត្រា៣០ មាត្រា៣១ មាត្រា៣២ និងមាត្រា៣៥។
មាត្រាទាំង១៧នេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលដកស្រង់ចេញពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមាន៩ជំពូក និង៣៩មាត្រា ដែលត្រូវបានប្រកាសឲ្យប្រើកាលពីខែសីហាឆ្នាំ២០១៥ កន្លងទៅ។ ក្រុមអង្គការសង្គមស៊ីវិល តែងបានសម្តែងការព្រួយបារម្ភចំពោះការប្រឈមនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពក្នុងការអនុវត្តន៍សកម្មភាពរបស់ពួកគេ។
លើសពីនេះ ច្បាប់នេះគឺជាការដាក់កាតព្វកិច្ច និងរំលោភសិទ្ធិស្វ័យភាពបុគ្គល ដូចជាការដាក់របាយការណ៍ជូនក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការបរទេស នីតិវិធីបង់ពន្ធដ៏ស្មុគស្មាញ និងពាក្យពេចន៍ដែលអនុញ្ញាតឱ្យមន្រ្តីរដ្ឋមួយចំនួនធ្វើការបកស្រាយ តាមកាលៈទេសៈ និងតាមស្ថានភាពនយោបាយ រួមទាំងការអនុវត្តន៍ដែលមិនឆ្លុះបញ្ចាំងពីខ្លឹមសារនៃច្បាប់ជាដើម។ នេះបើតាមការថ្លែងរបស់អង្គការសង្គមស៊ីវិលកន្លងទៅ។
ក៏ប៉ុន្តែក្រសួងមហាផ្ទៃ ដែលជាអ្នករៀបចំច្បាប់នេះឡើង បានពន្យល់ពីគោលបំណងរបស់ខ្លួនថា គឺជាការធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ។
ជាការកត់សម្គាល់ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ បានបង្កើតភាពចំរូងចម្រាស់ច្រើនរវាងអាជ្ញាធរ និងសង្គមស៊ីវិលកន្លងមក។ ទោះយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាតំណាងក្រសួងមហាផ្ទៃបានបញ្ជាក់ថាកិច្ចប្រជុំ៣លើកចុងក្រោយនេះ ភាគីទាំងពីរហាក់មានភាពជឿនលឿន និងមានការយល់គ្នាច្រើន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ