មេធាវី៖ការធ្វើដំណើរចេញពីផ្ទះរបស់លោកកឹម សុខា មិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីនោះឡើយ
ចុះផ្សាយនៅថ្ងៃ៖
លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិកាលពីថ្ងៃអាទិត្យបានធ្វើដំណើរចេញពីគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញទៅកាន់ចម្ការក្នុងទឹកដីខេត្តត្បូងឃ្មុំ។ ការចាកចេញពីផ្ទះរបស់លោកនេះ ត្រូវបានមជ្ឈដ្ឋានខ្លះបរិហារថា លោកបានដើរចេញពីបន្ទាត់ក្រហមដែលគូសកំណត់ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង តុលាការខ្មែរ។ ប៉ុន្តែមេធាវីលោកកឹម សុខា បានចេញមកច្រានចោលការបរិហារនេះ ដោយថា ការធ្វើដំណើររបស់លោកកឹម សុខា គឺស្របទៅតាមការសម្រេចរបស់តុលាការគ្រប់លក្ខខណ្ឌទាំងអស់។
លោកស្រីម៉េង សុភារី សហមេធាវីម្នាក់របស់លោកកឹម សុខា តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ បានចេញមកអះអាងថា ការធ្វើដំណើរចេញពីផ្ទះរបស់លោកកឹម សុខា គឺគោរពតាមកាតព្វកិច្ចដែលកំណត់ដោយតុលាការ គឺមិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីឡើយ។ លោកស្រីមេធាវីអះអាងបែបនេះ ដោយសំអាងលើសេចក្តីសម្រេចចុងក្រោយ៣ចំណុចរបស់សាលាដំបូងរាជធានីភ្នំពេញចំពោះលោកកឹម សុខា គឺទី១. ការមិនត្រូវចេញក្រៅព្រំប្រទល់ដែនព្រះរាជាណាចក្រកម្ពុជា ដែលមានន័យថា លោកកឹម សុខា អាចធ្វើដំណើរបាននៅទូទាំងប្រទេសកម្ពុជា លើកលែងតែការធ្វើដំណើរទៅក្រៅប្រទេស។
ចំណុចទី២. គឺមិនត្រូវធ្វើសកម្មភាពនយោបាយ។ ត្រង់ចំណុចនេះ លោកស្រីមេធាវីម៉េង សុភារី បានបកស្រាយថា បើទោះបីលោកកឹម សុខា មានសិទ្ធិធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាក៏ដោយ តែលោកមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។ និងចំណុចទី៣. គឺត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។ បើតាមលោកស្រីម៉េង សុភារី ការចេញក្រៅផ្ទះរបស់លោកកឹម សុខានេះ មិនបានល្មើសនឹងចំណុចណាមួយដែលកំណត់ដោយតុលាការនោះឡើយ។
ការបកស្រាយរបស់មេធាវីលោកកឹម សុខានាពេលនេះ ធ្វើឡើងបន្ទាប់ពីមានមជ្ឈដ្ឋានខ្លះដែលទំនងមួយចំនួនជាអ្នកគាំទ្រអតីតគណបក្សប្រឆាំងបានបរិហារតាមហ្វេសប៊ុកពីការចេញពីផ្ទះរបស់លោកកឹម សុខាថា បានដើរចេញពីបន្ទាត់ក្រហមដែលកំណត់ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ខ្លះថែមទាំងសរសេរបែបអបអរសាទរ ហើយខ្លះទៀតលើកជាចង្ងល់ថា តើលោកកឹម សុខា ព្រមចុះចាញ់ហើយឫទើបអាចដើរចេញពីបន្ទាត់ក្រហមបានបែបនេះ។ មិនតែប៉ុណ្ណោះ ក៏មានដែរអ្នកដែលហៅលោកកឹម សុខា ថា ជាជនក្បត់ជាតិ។
ត្រង់ចំណុចនេះ លោកស្រីមេធាវីម៉េង សុភារី បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ លោកកឹម សុខា មិនមែនជាជនក្បត់ជាតិទេ។ មិនមែនជាជនក្បត់ជាតិ ដោយសារតែលោកកឹម សុខា មិនទាន់មានសាលក្រម ឬសាលក្រមស្ថាពរសម្រេចផ្តន្ទាទោសពីបទក្បត់ជាតិឡើយ ហើយតាមច្បាប់កម្ពុជា ជនណាដែលមិនទាន់មានសាលក្រមផ្តន្ទាទោសជាស្ថាពរ ជននោះនៅតែចាត់ទុកជាជនគ្មានទោស។ បន្ថែមពីលើបញ្ហានេះ លោកស្រីមេធាវី ក៏បានបកស្រាយឱ្យដឹងដែរថា ការជួបជាមួយបណ្តាទូតបរទេសនានារបស់លោកកឹម សុខា នាពេលកន្លងមក មិនបានល្មើសនឹងការកំណត់របស់តុលាការទេ ផ្ទុយទៅវិញ គឺគោរពទៅតាមសេចក្តីសម្រេចកែប្រែកាតព្វកិច្ចរបស់តុលាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ