អានតួអត្ថបទ
កម្ពុជា សង្គម

រដ្ឋាភិបាលកាត់ដីបឹងតាមោកជិត៣០០ហិកតាសម្រាប់រៀបចំអគ្គបញ្ជាការដ្ឋានកងទ័ព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ដោយ៖ អ៊ឹង ប៊ុនថន
1 នាទី

ផ្ទៃ​ដី​បឹង​តា​មោក​​ជិត​៣០០​ហិកតា​ទៀត​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន សម្រេច​កាត់​ជូន​ក្រសួង​ការពារ​ជាតិ​ដើម្បី​រៀបចំ​អគ្គបញ្ជា​ការ​ដ្ឋាន​កង​យុទ្ធពល​ខេមរៈភូមិន្ទ ​និង​ប្រើ​ប្រាស់​ជា​កន្លែង​ដឹក​នាំ​បញ្ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង។ នេះបើយោងតាម​អនុក្រឹត្យចុះថ្ងៃទី២២​មិថុនា​២០២០ ​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​RFI ទទួល​បាននៅថ្ងៃ៦កក្កដានេះ។

ផ្សាយពាណិជ្ជកម្ម

ការ​កាត់​ផ្ទៃ​ដី​បឹង​តាមោក​ទំហំ ២ ៩៨៥ ៤៧២ ម៉ែត្រក្រឡា ឬ​ស្មើ​នឹងជិត​៣០០​ហិកតា​នៅពេលនេះ គឺជាលើកទី៤​ហើយ។​ កាលពីថ្ងៃទី១៣​ មីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​ក៏បានសម្រេច​កាត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវនេះ ទំហំ ៧៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឱ្យទៅសាលារាជធានីភ្នំពេញ​ ដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។

បន្ទាប់មក​នៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី បានជូនដំណឹងពីការកាត់ផ្ទៃបឹងតាមោក ទំហំ៣៤ហិកតាបន្ថែមទៀត ដោយក្នុងនោះ គឺ៣០ហិកតា ត្រូវប្រគល់ទៅលោកស្រី គីម ហ៊ាង ជាតំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។តែលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ពុំបានផ្តល់ព័ត៌មានលម្អិតទេថា ការផ្តល់ផ្ទៃបឹងតាមោក ៣០ហិកតា ទៅឲ្យលោកស្រី គីម ហ៊ាង ក្នុងបំណងអ្វីទេ។ ចំណែក អនុក្រឹត្យ កាលខែ សីហា ឆ្នាំ២០១៨ រដ្ឋាភិបាលសម្រេចថា ត្រូវកាត់ផ្ទៃបឹងតាមោកទំហំ២០ហិកតាសម្រាប់បង្កើតជាទីផ្សារ​បន្លែថ្មីជំនួសឲ្យទីតាំងចាស់​នៅ​ផ្សារ​ដើមគរ។

សូមជម្រាបថា បឹងតាមោក ឬបឹងកប់ស្រូវ មានផ្ទៃទឹកនិងផ្ទៃដីសរុប ៣ ២៣៩,៧ ហិកតា តាមការកំណត់​នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

យ៉ាងណាក៏ដោយ ការកាត់​ផ្ទៃបឹង​ធម្មជាតិមួយនេះ​ទៅចាក់ដីលុប​ក្រោម​រូបភាពអភិវឌ្ឍន៍នោះ បានបង្កើត​ក្តី​បារម្ភ​ដល់ អង្គការសមាគមធាងត្នោត។ អង្គការនេះលើកឡើង​នៅក្នុង​របាយការណ៍​របស់ខ្លួនថា ការលុបបឹងធម្មជាតិដ៍សំខាន់មួយនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅដ្ឋាន​ ដូចជាការ​បណ្តេញ​កាលពី​ថ្ងៃទី១១​មិថុនា​ឆ្នាំ​២០២០​នេះជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ