អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

ឆមាសទី១ឆ្នាំ២០២០នេះ មានគម្រោងសាងសង់ ២ ៥២២គម្រោង ក្នុងនោះអគារខ្ពស់ៗចំនួនជាង២០០គម្រោង

រូបភាពអគារខ្ពស់ៗ នៅទីក្រុងភ្នំពេញ
រូបភាពអគារខ្ពស់ៗ នៅទីក្រុងភ្នំពេញ © សហការី
ដោយ៖ ញឹម សុផល
1 នាទី

សំណង់​នៅ​ទូ​ទាំង​ប្រទេស ​មាន​ចំនួន​សរុប ​២ ៥២២​គម្រោង ​មាន​ផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​ជាង​ ៨ ៦០០ ០០០​ម៉ែត្រ​ការ៉េ ​ដែល​មាន​តម្លៃ​ប៉ាន់​ស្មាន​ទុន​វិនិ​យោគ​ប្រមាណ​ជិត​៤​ពាន់​លាន​ដុល្លារ។​ដោយ​ឡែក ​គម្រោង​សាង​សង់​អគារ​ខ្ពស់ៗ​ចាប់​ពី​៥​ជាន់​ឡើង​ទៅ​នៅ​ទូ​ទាំង​ប្រទេស​ មាន​ចំនួន​២១៦​គម្រោង​ ស្មើ​នឹង​២៣៤​អគារ​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ។

ផ្សាយពាណិជ្ជកម្ម

តាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានសំណង់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃប៉ាន់ស្មានទុនវិនិយោគធៀបទៅនឹងឆ្នាំ២០១៩ គឺមានការកើនឡើង១៣,២៦% ខណៈឆមាសទី១ឆ្នាំ២០១៩ មានតែ ២ ០៤៧គម្រោង និងមានតម្លៃប៉ាន់ស្មានជាង ៣,៣ពាន់លានដុល្លារ។

ក្នុងចំណោមគម្រោងសំណង់៦ខែឆ្នាំ២០២០នេះ ក្រសួងដែនដីបានឲ្យដឹងថា មានគម្រោងសំណង់អគារខ្ពស់ចាប់ពី០៥ជាន់ទៅដល់០៩ជាន់ ចំនួន១២០អគារ សំណង់ចាប់ពី១០ជាន់ទៅ១៩ជាន់ចំនួន៧៣អគារ ពី២០ជាន់ទៅ២៩ជាន់ មានចំនួន២៤អគារ ពី៣០ជាន់ ទៅ៣៩ជាន់ មាន១០អគារ និងចាប់ពី៤០ជាន់ឡើងទៅចំនួន៤អគារ។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ ក្នងឆមាសទី១ ឆ្នាំ២០២០ មានចំនួន៦៧គម្រោង ស្មើនឹង៦៩អគារ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា បានបញ្ជាក់ថាការដែលមានគម្រោងវិនិយោគអគារខ្ពស់ៗច្រើនវាជាសញ្ញាដ៏ល្អមួយនៅក្នុងវិស័យអចលទ្រព្យកម្ពុជាក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ និងពេលអនាគត ក៏ប៉ុន្តែលោកថាវានៅជាសំណួរនៅឡើយថាតើមានការសាងសង់គ្រប់តាមគម្រោងឬយ៉ាងណា? អ្នកជំនាញអចលនវត្ថុរូបនេះ កត់សម្គាល់ថាអគារដែលមានកំពស់ពី៥ជាន់ដល់១០ជាន់ ភាគច្រើនវិនិយោគដោយខ្មែរក្នុងស្រុក មានសកម្មភាពច្រើននៅក្នុងទីផ្សារអចលនទ្រព្យ។

សូមបញ្ជាក់ថាគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០០៥ ដល់ខែមិថុនាឆ្នាំ២០២០ មានចំនួន ១៩៤៥អគារ ក្នុងនោះអគារខ្ពស់ចាប់ពី០៥ជាន់ ដល់៣៩ជាន់មានចំនួន១៨៩៩អគារ និងអគារខ្ពស់ចាប់ពី៤០ជាន់ឡើងទៅ មានចំនួន៤៦អគារ។ ដោយឡែក អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅខេត្តព្រះសីហនុ មានចំនួនសរុប៣៤៦អគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ