អានតួអត្ថបទ

ដូចឆ្នាំមុនៗដែរ អាជ្ញាធរាបានរារាំងការជួបជុំពិធីសាសនានៅស្តាម៉ាតបូកគោក្នុងខួប៤ឆ្នាំនៃការស្លាប់លោកបណ្ឌិតកែម ឡី

រូបភាព ព្រះសង្ឃ និងក្រុមយុវជន ជួបជុំគ្នា នៅមុខស្ថានីយប្រេងឥន្ធនៈ កាល់តិច បូកគោ ដើម្បីរំលឹកខួបនៃការស្លាប់ របស់ លោក កែម ឡី
រូបភាព ព្រះសង្ឃ និងក្រុមយុវជន ជួបជុំគ្នា នៅមុខស្ថានីយប្រេងឥន្ធនៈ កាល់តិច បូកគោ ដើម្បីរំលឹកខួបនៃការស្លាប់ របស់ លោក កែម ឡី © សហការី
ដោយ៖ ញឹម សុផល
1 នាទី

ក្រុម​អ្នក​ស្រលាញ់​ស្មោះស្ម័គ្រ​នឹង​លោក​បណ្ឌិត កែម ឡី ​រាប់​សិប​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​បរិវេណ​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត​បូកគោ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ ​ទី​ដែល​ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែមឡី​ ​កាល​ពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​៤​ឆ្នាំ​មុន​។ ​ក្រុម​អ្នក​គាំ​ទ្រ​លោក​បណ្ឌិត​កែម​ ឡី ​ដែល​រួម​មាន​ព្រះសង្ឃ​ផង​នោះ​ ត្រូវ​បាន​រុញ​ច្រាន​ដោយ​កង​កម្លាំង​សន្តិសុខ​ និង​ប៉ូលីស​ សាលា​ខណ្ឌ​ចំការមន​ ខណៈ​ពួក​គេ​ព្យា​យាម​ចូល​ទៅ​ក្បែរ​ហាង​លក់​ទំនិញ​ ដើម្បី​ដាក់​កម្រង​ផ្កា ​និង​ធ្វើ​ពិធី​សាសនា​។

ផ្សាយពាណិជ្ជកម្ម

ដូចការគ្រោងទុក និស្សិត យុវជន ព្រះសង្ឃ ប្រជាពលរដ្ឋ ដែលមានភក្តីភាពចំពោះលោកបណ្ឌិត កែម ឡី ប្រមាណជា៥០នាក់ និងអង្គ បានបង្ហាញវត្តមាននៅជុំវិញបរិវេណស្ថានីយ៍ប្រេងឥន្ធនៈ និងហាងលក់ទំនិញកាល់តិចបូកគោ ដើម្បីសម្តែងនូវការគោរព និងរំលឹកដល់វិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី គម្រប់៤ឆ្នាំ ខណៈគម្រោងនេះត្រូវបានរៀបចំចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០នេះ។ ព្រះសង្ឃប្រមាណជា១០អង្គ ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅសូត្រមន្ត ជយន្តោនៅក្បែរនោះទេ។

អ្នកកែម ឡី និយមនិងប្រជាពលរដ្ឋ រួមនឹងព្រះសង្ឃត្រូវបានរារាំងដោយកម្លាំងសន្តិសុខខណ្ឌចំការមន ដែលគាំទ្រ ដោយកម្លាំងប៉ូលីស សមត្ថកិច្ចស៊ីវិល និងឯកសណ្ឋានផ្សេងៗទៀតយ៉ាងក្រាស់ក្រែល ឲ្យចេញពីបរិវេណនោះ និងស្នើឲ្យបំបែកការជួបជុំ។

ទោះយ៉ាងណា លោក ណៃ វង់ដា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ CHRAC បានសម្តែងការសាទរដែរ ចំពោះការប្រឈមមុខដាក់គ្នាដោយមិនមានអំពើហឹង្សារ ក៏ប៉ុន្តែលោកថា វាជាការបំបិទសិទ្ធិក្នុងការជួបជុំមួយដែរ។ មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា អាជ្ញាធរគួរអនុញ្ញាតឲ្យមានការជួបជុំធ្វើពិធីសាសនានៅកន្លែង ដែលគេសម្លាប់លោក កែម ឡី ដោយសារក្នុងន័យពុទ្ធសាសនា វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត នៅមានការវិលវល់។ ទោះមិនមានអំពើហឹង្សារក៏ដោយ ក៏ប៉ុន្តែហេតុការណ៍ពេញមួយព្រឹកនេះ អាជ្ញាធរបានឃាត់ខ្លួនយុវជនម្នាក់ ដែលពាក់អាវយឺត ស-ខ្មៅ មានរូបលោកបណ្ឌិត កែម ឡី និងចូលទៅក្នុងតំបន់ហាមឃាត់

តែក្រោយមកបានដោះលែងវិញ មុនពេលដែលសកម្មជនគាំទ្រលោក កែម ឡី ធ្វើដំណើរទៅកាន់ខេត្តតាកែវទីកន្លែងដែលបញ្ចុះសពលោកបណ្ឌិតកែម ឡី។

សូមបញ្ជាក់ថា មួយថ្ងៃមុនសកម្មជន និងអ្នកគោរពស្រលាញ់លោកបណ្ឌិត កែម ឡី រៀបចំធ្វើពិធីជួបជុំគ្នានេះ អាជ្ញាធរខណ្ឌចំការមន បានប្រកាសថា នឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តិផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។ ការព្រមានចាត់វិធានការជាមុននេះ ដោយរដ្ឋបាលសាលាខណ្ឌចំការមន សំអាងទៅលើ ការស្នើសុំពីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដើម្បីធានានូវប្រក្រតីភាពនៃការប្រកបអាជីវកម្ម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាដើម។ មួយវិញទៀតអាជ្ញាធរខណ្ឌ ក៏បានយោងផងដែរ តាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងយោងទៅលើស្ថានភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានបន្តបិទនូវការជួបជុំ។

សូម​រំលឹក​​ថា លោកបណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏ល្បីល្បាញ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៦ នៅ​ហាង​ស្តាម៉ាត​កាល់​តិច ស្តុប​បូក​គោ​។ ភ្លាមៗ អាជ្ញាធរ​ ​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ អឿត អាង ហៅ ​ជួប​ សម្លាប់ និង​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ក៏ប៉ុន្តែអង្គការសង្គមស៊ីវិលនានា តែងបាន​អំពាវនាវ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈ​កម្មាការ​ស៊ើប​អង្កេត​លើ​ករណី​បាញ់​សម្លាប់ លោក កែម ឡី ដោយឈលើភាព​ឯករាជ្យ និង​មិន​លម្អៀង ដើម្បី​រក​យុត្តិធម៌ពេញ​លេញ​ដល់​លោក កែម ឡី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ