ក្រុមមាតាបិតានៃទារកដែលរងគ្រោះ ដាក់លិខិតស្នើរទៅក្រសួងសុខាភិបាលត្រួតពិនិត្យលើគុណភាពម្សៅទឹកដោះគោ Nutrilatt
ចុះផ្សាយនៅថ្ងៃ៖
ក្រុមមាតាបិតានៃទារកដែលរងគ្រោះដោយសារជំងឺស្លេកស្លាំង(ជំងឺកង្វះអាហាររូបត្ថម្ភ) កាលពីដើមសប្តាហ៍នេះ បានដាក់លិខិតមួយច្បាប់ទៅកាន់ក្រសួងសុខាភិបាល ស្នើសុំឱ្យក្រសួងធ្វើការត្រួតពិនិត្យទៅលើគុណភាពម្សៅទឹកដោះគោ ណូទ្រីលេត(Nutrilatt) ដែលមាតាបិតាទាំងនេះអះអាងថា បានបង្កផលប៉ះពាល់ដល់សុខភាពទារកក្នុងរយៈពេលកន្លងមក។ នេះបើយោងតាមលិខិតដាក់ជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលនៅថ្ងៃទី៦ ខែកក្កដានេះ។
ក្រុមមាតាបិតានៃទារកដែលរងគ្រោះទាំងនេះ អះអាងថា មានឯកសារគ្រប់គ្រាន់ទាក់ទងទៅនឹងប្រវត្តិសុខភាព និង សេចក្តីពន្យល់ជាលក្ខណៈជីវសាស្រ្ត។ បន្ថែមពីនេះ ការពិភាក្សាលម្អិតជាមួយនឹងវេជ្ជបណ្ឌិតឯកទេសផ្នែកគ្រាប់ឈាមបញ្ជាក់ថា កូនៗពួកគាត់ រងផលប៉ះពាល់ពីម្សៅទឹកដោះគោមួយប្រភេទម៉ាក ណូទ្រីលេត(Nutrilatt) ដែលកំពុងចែកចាយដោយក្រុមហ៊ុន S&TK Trading Co.,LTD។ គិតមកដល់សព្វថ្ងៃនេះ មាតាមួយចំនួនបាននឹងកំពុងតែបន្តបង្ហោះបញ្ហានេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកសឹងតែរាល់ថ្ងៃ ដើម្បីចែករំលែកព័ត៌មានដល់មាតាបិតាដទៃទៀតអោយមានការប្រុងប្រយ័ត្ន។
ការលេចឡើងនៅដំណឹងអំពីផលប៉ះពាល់ដោយម្សៅទឹកដោះគោនេះគឺចាប់ផ្តើមតាំងតែពីដើមខែ ឧសភាមកម្លេះ ដែលកាលនោះសមាជិកនៃក្រុមអ្នកម្តាយទាំងនេះ បានទទួលព័ត៌មានយ៉ាងច្បាស់ពីមន្ទីរពេទ្យកុមារជាតិ និង មន្ទីរគន្ធបុប្ផាដែលជាមន្ទីរពេទ្យទទួលព្យាបាលកូនៗរបស់ពួកគាត់ថា បញ្ហាដែលបង្កអោយទារកក្រោម១ឆ្នាំ គេងបញ្ជូលឈាមក្រហម និង ខ្វះជាតិដែកធ្ងន់ធរ គឺបណ្តាលមកពីម្សៅទឹកដោយះគោមិនមានផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលធ្វើអោយកូនពួកគាត់មានសភាពស្លេកស្លាំងខ្លាំង ឈាមក្រហមធ្លាក់ដល់កម្រិត២.៥។ ករណីទារកដែលរងគ្រោះពីម្សៅទឹកដោះគោនេះ នៅតែបន្តកើតមានជាហូរហែរ ដែលមាតាបិតាទាំងនេះ មានការព្រួយបារម្ភជាខ្លាំងអំពីផលវិបាកដែលបណ្ដាលមកពីម្សៅទឹកដោះគោនេះ ដែលនឹងអាចជាហេតុផ្ដល់ផលប៉ះពាល់ដល់ទារកផ្សេងៗទៀតនាពេលអនាគត។
លោក ទឹម សុវណ្ណារ៉ា អ្នកគ្រប់គ្រង់ទូទៅរបស់ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt បានប្រាប់វិទ្យុបារំាងអន្តរជាតិថា ក្រុមហ៊ុនបានទទួលព័ត៌មានទាក់ទងនឹងការជជែកដេញដោលនៅក្នុងបណ្តាញសង្គមនេះ ហើយក្រុមហ៊ុនក៏បានចាត់វិធានការភ្លាមៗដែរ ដោយបានយកសំណាកម្សៅទឹកដោះគោ ទៅធ្វើការវិភាគ ទាំងនៅកម្ពុជា និងប្រទេសម៉ាឡស៊ី ព្រមទាំងបានដាក់លទ្ធផលវិភាគទាំងអស់ទៅកាន់ក្រសួងសុខាភិបាលរួចរាល់ដែរ។ ក្រុមហ៊ុនសំណូមពរទៅកាន់អ្នកម្តាយដែលអះអាងថារងផលប៉ះពាល់ពីម្សៅទឹកដោះនេះ សូមរងចាំ ចំណាត់ការពីក្រសួងសុខាភិបាលជាមុនសិន ថាតើផលិតផលនេះគួរតែត្រូវប្រមូលទុកឬ មានចំណាត់ការអ្វីបន្តទៀត។
មកទល់ពេលនេះមិនទាន់មានការឆ្លើយតបយ៉ាងណាទេពីសំណាក់ក្រសួងសុខាភិបាលជុំវិញការស្នើរសុំនេះ។
{{ scope.legend }}
© {{ scope.credits }}ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ