កម្ពុជាចាយថវិកាជាតិជាង១ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមដែលប៉ះពាល់ដោយកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃពុធនេះ បានធ្វើសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩។ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានអះអាងថា វិធានការទាំងអស់នេះ បានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងបានលើបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គម។ ដើម្បីគ្រប់គ្រប់បានលើបញ្ហាទាំងនេះ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាតិជាង១ពាន់ដុល្លារអាមេរិក។
លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាជាតិ១.១៦៤លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង ស្តារសេដ្ឋកិច្ច និងសង្គមដែលរងការប៉ះពាល់ដោយជំងឺកូវីដ១៩។ ក្នុងនោះ ថវិកា៥៦៤លានដុល្លារអាមេរិក គឺជាថវិកាចំណាយអន្តរាគមន៍ ខណៈថវិកាចំនួន៦០០លានដុល្លារអាមេរិកទៀតជាចំណាយសង្គ្រោះការធ្វើជំនួញតាមរយៈការផ្តល់ជាឥណទាន ។ បើតាមលោកវង្សី វិស្សុត មកដល់ពេលនេះ ថវិកាចំណាយអន្តរាគមន៍ដែលបានប្រើប្រាស់ គឺប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានចាយអស់ប្រមាណ១០លានដុល្លារ ផ្នែកបណ្តុះបណ្តាលជំនាញចំណាយអស់២៥លានដុល្លារ ផ្នែកសាច់ប្រាក់ពលកម្មបានចំណាយ១០០លានដុល្លារ និង ការដោះស្រាយសម្រាប់ប្រជាពលរដ្ឋបានចំណាយ១២៧លានដុល្លារ។
ចំណែក ចំណាយជាឥណទានសម្រាប់វិស័យឯកជនវិញ គឺរដ្ឋាភិបាលកម្ពុជាបានបញ្ចេញអស់១០០លានដុល្លាររួចហើយ។ លោកវង្សី វិស្សុត បានគូសបញ្ជាក់ថា ថវិកាទាំងអស់នេះ គឺបានមកពីការព្យាយាមទប់ចំណូលនៅក្នុងឆ្នាំនេះកុំឱ្យមានការធ្លាក់ចុះខ្លាំង ការវិភាជទៅលើការចំណាយមានន័យថា យកថវិកាពីការចំណាយដែលមិនសូវចាំបាច់មកចំណាយនៅកន្លែងដែលចាំបាច់។ មួយវិញទៀត គឺបានមកពីថវិកាសន្សំរបស់រដ្ឋ។ ថវិកាសន្សំរបស់រដ្ឋដែលទទួលបានប្រមាណ៨០០លានដុល្លារក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសថា គ្រោងចំណាយថវិកាចន្លោះពី៨០០ទៅ២ពាន់លានដុល្លារអាមេរិក ដើម្បីសង្រ្គោះផ្នែកសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ រីឯក្រសួងសេដ្ឋកិច្ចកម្ពុជាក៏បានព្យាករណ៍រួចហើយថា នៅឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម១.៩%(-១.៩%) ប៉ុន្តែធនាគារពិភពលោកវិញព្យាករណ៍ថា អាចធ្លាក់ក្រោម២.៩%(-២.៩%) ខណៈធនាគារអភិវឌ្ឍន៍អាស៊ីADBថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្រោម២.៣%(-២.៣%)។ ក៏ប៉ុន្តែលោកវង្ស៊ី វិស្សុតវិញ បានលើកឡើងបន្ថែមថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះដល់ក្រោម៥%(-៥%)ឯណោះ បើសិនជំងឺកូវីដ១៩នៅបន្តអូសបន្លាយ និងមានស្ថានភាពធ្ងន់ធ្ងរខ្លាំង។
តែទោះជាបែបនេះក្តី មន្រ្តីជាន់ខ្ពស់រូបនេះបានអះអាងថា នៅពេលនេះ កម្ពុជាអាចគ្រប់គ្រងបានទាំងស្ថានភាពរីករាលនៃជំងឺកូវីដ១៩ ផលប៉ះពាល់មកលើផ្នែកសេដ្ឋកិច្ច និងសង្គម។ ការអាចគ្រប់គ្រងបាននេះ គឺដោយសារតែកត្តាដឹកនាំល្អរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ការដាក់ចេញគោលនយោបាយ និងវិធានការទាន់ពេលវេលាប្រកបដោយភាពហ្មត់ចត់ ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា និង ដោយសារតែកម្ពុជាមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំតាំងពីមុនការមកដល់នៃជំងឺកូវីដ១៩។ នេះបើតាមលោកវង្ស៊ី វិស្សុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ