ក្រសួងអប់រំគ្រោងស្នើសុំទៅនាយករដ្ឋមន្ត្រីឲ្យបើកដំណើរការសាលារៀនមួយចំនួនតូច ក្នុងខែសីហា
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងស្នើសុំការសម្រេចពីប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតអោយដំណើរការសាកល្បងដំណាក់កាលទី១ នូវសាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច នៅក្នុងកំឡុងខែសីហាខាងមុខនេះ។ បើតាមការជូនព័ត៌មានបឋម បានឲ្យដឹងថា យោងតាមបទពិសាធន៏ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១នេះ ទើបក្រសួងអប់រំ យុវជន និងកីឡា អាចកំណត់បាននូវជំហ៊ានបន្តបន្ទាប់ សម្រាប់ការបើកដំណើរការសាលារៀនស្តង់ដាសុវត្ថិភាពក្នុងដំណាក់កាលទី២ និងទី៣។
ដំណឹងនេះ បានធ្លាក់មក នៅព្រឹកថ្ងៃទី ០៩ កក្កដា បន្ទាប់ពីមានកិច្ចប្រជុំមួយរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាពសង្គម សេដ្ឋកិច្ច និងការលើកកម្ពស់ការវិនិយោគ។ យោងតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួង នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ខ្លួនគ្រោងនឹងស្នើសុំការសម្រេចពីប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីអនុញ្ញាតអោយបើកដំណើរការសាកល្បងនូវសាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច នៅក្នុងកំឡុងខែសីហាខាងមុខនេះ ប៉ុន្តែត្រូវភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន។
លក្ខខណ្ឌទាំងនោះរួមមាន៖ ទី១.គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដូចជា៖ ការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាសជាដើម។ ទី២.គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី៖ គឺរៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។ ទី៣.គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។ ទី៤.គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស។ បន្ថែមលើនេះ គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា ហើយក្នុងនោះ ក្រសួងអប់រំនឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។
បើតាមក្រសួងអប់រំ ផ្អែកតាមបទពិសាធន៏និងការវាយតម្លៃការអនុវត្តនូវដំណាក់កាលទី១នេះ ទើបក្រសួងអប់រំ យុវជន និងកីឡា អាចកំណត់បាននូវជំហ៊ានបន្តបន្ទាប់ទៀត សម្រាប់ដំណាក់កាលទី២ និងទី៣។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើការអនុញ្ញាតអោយបើកដំណើរការសាកល្បងនូវសាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច នៅក្នុងកំឡុងខែសីហាខាងមុខនេះ ស្ថិតនៅក្នុងកម្រិតភូមិសិក្សាណាខ្លះនៅឡើយទេ ក៏ប៉ុន្តែគ្រឹះស្ថានសិក្សាទាំងនោះ ត្រូវគោរពតាមស្តង់ដាសុវត្ថិភាពខ្ពស់របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ