អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

កម្ពុជាបើកការចរចាFTAជាផ្លូវការជាមួយកូរ៉េខាងត្បូងនៅថ្ងៃនេះ ខណៈគ្រោងចុះហត្ថលេខាជាមួយចិននៅខែក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតី កូរ៉េខាងត្បូង ម៉ូន ជេអ៊ិន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតី កូរ៉េខាងត្បូង ម៉ូន ជេអ៊ិន © សហការី
ដោយ៖ វណ្ណ សុគន្ធា
4 នាទី

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រុម​ការងារ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នឹង​បើក​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA)​ជា​ផ្លូវ​ការ​ជាមួយ​ភាគី​កូរ៉េ​ខាងត្បូង​។ ​ការ​ចរចា​ក្នុង​ដំណាក់​កាល​ទី​១​នេះ ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​(On​line)។ ​នេះ​បើ​តាម​លោក​សៀង​ ថៃ ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​។ ​ចំណែក ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​វិញ ​គឺ​គ្រោង​នឹង​ចុះ​ហត្ថលេខា​ផ្លូវការ​នៅ​ខែ​ក្រោយ​។

ផ្សាយពាណិជ្ជកម្ម

ដូចការគ្រោងទុក នៅថ្ងៃទី០៩ ខែកក្កដានេះ កម្ពុជាចាប់ផ្តើមបើកការចរចាកិច្ចព្រមព្រៀងពាណិជុ្ជកម្មសេរីជាមួយប្រ​ទេ​សកូរ៉េខាងត្បូងជាផ្លូវការ។ ការចរចានេះ ធ្វើឡើងក្រោយពីភាគីទាំងពីរបានសិក្សាពីលទ្ធភាពជាមួយគ្នាអស់រយៈពេលជាច្រើនខែ ពោល គឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្លេះ។ បើតាមលោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ការឈានទៅរកការចរចាផ្លូវការនេះ គឺបន្ទាប់ពីប្រទេសទាំងពីរបានមើលឃើញពីភាពចំ​ណេញរៀងៗខ្លួន ដោយសារតែប្រទេសទាំងពីរកម្ពុជា-កូរ៉េខាងត្បូងសុទ្ធតែមានសក្តានុពល និង ភាពខ្លាំងសម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក។

ស្របពេលបើកការចរចាជាមួយកូរ៉េខាងត្បូងនេះ កម្ពុជាក៏បានទទួលជោគជ័យក្នុងការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនផងដែរ។ លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ឱ្យដឹងកាលពីថ្ងៃពុធថា នៅក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងប្រកាសពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាផ្លូវការ។ ចំណែក លោកនាយករដ្ឋមន្រ្តីហ៊ុន សែនវិញគ្រោងនឹងទៅកាន់ទីក្រុងប៉េកាំងនៅមុនថ្ងៃទី១២ ខែសី​ហាខាងមុខនេះ ដើម្បីធ្វើជាអធិបតីភាពនៃការចុះកិច្ចព្រមបព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង មហាយក្សចិន។ ប្រសិនបើកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួ​យគ្នា នោះកម្ពុជារំពឹង​ការ​រ​នាំចេញនឹង​កើនឡើងបន្ថែម​ប្រមាណ​២០​ភាគរយៈ​ក្នុង​មួយឆ្នាំ ហើយកំណើន​វិនិយោគ​ពី​បរទេស​ក៏ត្រូវ​រំពឹងនឹង​កើនឡើង​ខ្លាំង​ផងដែរ​។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។

សូមបញ្ជាក់ថា ក្រៅពីប្រទេសចិន និង កូរ៉េខាងត្បូងនេះ កម្ពុជាក៏គ្រោងនឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាង អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) មានសមាជិកចំនួន៥ គឺអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង សហព័ន្ធរុស្ស៊ី។ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសមួយជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវា​ ដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ និយាយជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និង គ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ