ក្រសួងសង្គមកិច្ចនឹងចុះវាយតម្លៃនៅតំបន់មួយចំនួនទាក់ទងតម្លាភាពក្នុងការចែកប្រាក់ឧបត្ថម្ភ
ចុះផ្សាយនៅថ្ងៃ៖
ដំណើរការចែកប្រាក់ឧបត្ថម្ភរបស់រដ្ឋជុំទី១ជិតបិទបញ្ចប់ហើយ បន្ទាប់ពីប្រាក់របស់រដ្ឋចំនួន៩១ពាន់លានបានទៅដល់ដៃពលរដ្ឋ៨៧ភាគរយ ស្មើនឹង៥១ពាន់គ្រួសារ ក្នុងចំណោមគ្រួសារក្រីក្រសរុបជាង៥៦ម៉ឺនគ្រួសារ។ ខណៈដែលជុំទី១ជិតបញ្ចប់ ជាមួយនឹងរលករិះគន់អំពីតម្លាភាព អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍នេះថា នឹងមានការចុះវាយតម្លៃឡើងវិញ ដើម្បីជាបទពិសោធន៍សម្រាប់ដំណើរការចែកប្រាក់ឧបត្ថម្ភជុំទី២ នៅថ្ងៃទី២៥កក្កដា។
ការវាយតម្លៃនឹងផ្ដើមចេញពីចម្ងល់ដែលថា ហេតុអ្វីអ្នកមានជីវភាពធូរធារទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ ខណៈពលរដ្ឋក្រីក្រមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ តាមរយៈអាជ្ញាធរ ភូមិ ឃុំ នៅថ្នាក់មូលដ្ឋានទៅវិញ។ចំពោះអ្នកមានជីវភាពធូរធា តែទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ នៅពេលនេះមិនមែនជារឿងចៃដន្យឡើយគឺពួកគេចុះឈ្មោះជាជនក្រីក្រចូលក្នុងកម្មវិធីក្រីក្រ នាពេលអតីកាល តែទើបទទួលបានប្រយោជន៍នៅពេលបច្ចុប្បន្ននេះ ជួនចំពេលពួកគេមានជីវភាពធូរធាស្រាប់។
ចំណែកពលរដ្ឋក្រីក្រដែលមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភនៅជុំទី១នេះ ពួកគេអាចទៅចុះឈ្មោះចូលក្នុងកម្មវិធីក្រីក្រ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងរស់នៅ ហើយមន្ត្រីជំនាញនឹងចុះទៅវាយតម្លៃដោយពិនិត្យមើលលទ្ធភាពជាក់ស្ដែងថា ពួកគេក្រីក្រក្នុងកម្រិតទីប៉ុន្មាន ទើបទទួលបានប្រាក់ឧបត្ថម្ភ។ នេះជាការជម្រុញរបស់ លោកតូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចនៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែយ៉ាងក៏ដោយការវាយតម្លៃនេះ ធ្វើឡើងតែតំបន់មួយចំនួនដែលមានបញ្ហាប៉ុណ្ណោះ ពោលគឺមិនធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេសឡើយ។
ដំណាលគ្នានេះ ក្រសួងមហាផ្ទៃនៅថ្ងៃទី១០កក្កដាម្សិលមិញ ក៏បានណែនាំដល់អភិបាលរាជធានីខេត្ត ធ្វើយ៉ាងណាធានាតម្លាភាព និងសុចរិតភាព ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ បន្ទាប់ពីមានភាពមិនប្រក្រតីមួយចំនួនបានកើតមានឡើងដូចជា ការយកកម្រៃសេវាពីប្រជាពលរដ្ឋ ដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ និងការឃុបឃិតបន្លំដកយកថវិកាប្រជាពលរដ្ឋអ្នកទទួលផល។ តាមរយៈសកម្មភាពនេះលោក ស ខេង ប្រាប់ឲ្យអភិបាលរាជធានីខេត្ត ចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។
សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា នឹងចំណាយទឹកប្រាក់ឧបត្ថម្ភចំនួន២៥លានដុល្លារក្នុងមួយខែ ដើម្បីបើកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩។ ដំណើរការបើកប្រាក់ឧបតម្ភពីរដ្ឋសម្រាប់ជុំទី១ នឹងបិទបញ្ចប់នៅថ្ងៃទី២៤ខែកក្កដានេះ ដោយនៅសល់ពលរដ្ឋ៦ម៉ឺនគ្រួសារទៀត នៅមិនទាន់មកទទួលប្រាក់ឧបត្ថម្ភ ក្នុងចំណោមពលរដ្ឋក្រីក្រចំនួនជាង៥៦ម៉ឺនគ្រួសារ។ ចំណែកជុំទី២វិញ នឹងដំណើរការចាប់ពីថ្ងៃទី២៥ខែកក្កដា ដល់ថ្ងៃទី២៩ខែសីហា តាមររយៈធនាគារឯកទេសវីង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ