អានតួអត្ថបទ
កម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជា៖ បើលុបប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មលើអង្ករកម្ពុជាក៏គ្មានផលប៉ះពាល់ធ្ងន់ធ្ងរ

Rice in Cambodia
Rice in Cambodia © CRF
ដោយ៖ អ៊ឹង ប៊ុនថន
1 នាទី

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានអះអាងថា ប្រសិន​បើ​សហរដ្ឋអា​មេរិក​លុបចោល​​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP)លើអង្ករ​កម្ពុជានឹងមិនមានផល​ប៉ះពាល់​ធ្ងន់​ធ្ងរទេ។ ផ្ទុយមកវិញវាជាឱកាស​​សម្រាប់​អង្ករ​កម្ពុជាក្នុងការប្រកួតប្រជែងតម្លៃជាមួយអង្កររបស់បណ្តាប្រទេសផ្សេងទៀត​ដែលនាំចូលទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដូចគ្នា។​ ការ​ឆ្លើយតប​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែលសហរដ្ឋអាមេរិកកំពុង​ត្រួតពិនិត្យ​ការលុបចោល​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​ពាណិជ្ជកម្ម (GSP) ​លើ​អង្ករ​ពី​បណ្ដា​ប្រទេស​ជាច្រើន​រួមទាំង​កម្ពុជា​ផងដែរ​​ ដើម្បី​កាត់បន្ថយ​ការនាំចូល​ដែលធ្វើ​​ប៉ះពាល់​ដល់​កសិករ​របស់​ពួកគេ​។

ផ្សាយពាណិជ្ជកម្ម

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បានថ្លែងថា​ បច្ចុប្បន្ន​ការ​នាំ​អង្ករ​របស់​កម្ពុជា​ទៅ​លក់​នៅទី​ផ្សារសហរដ្ឋអាមេរិកគឺមានប្រមាណតែ២០០០តោន​ប៉ុណ្ណោះ​ក្នុង១​ឆ្នាំ។ បើតាម លោក លន់ យ៉េង នៅពេល​លុបចោល(GSP) ការ​បង់ពន្ធ​អង្ករកម្ពុជាដែល​នាំចូលក្នុងមួយតោនតែ​ប្រមាណ​២០ដុល្លារ​ប៉ុណ្ណោះ។ លោកថា ​​វាជាឱកាសសម្រាប់​អង្ករកម្ពុជា​ ក្នុង​ការ​ប្រកួត​ប្រជែង​តម្លៃ ជាមួយ​អង្ករ​នៃបណ្តាប្រទេសផ្សេងទៀត​ដែលនាំចូលទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅពេល​សហរដ្ឋអា​មេរិក​លុបចោល​​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម(GSP)លើបណ្តា​ប្រទេស​ទាំងអស់នោះ​ដូចកម្ពុជា​ដែរ។

​សូមបញ្ជាក់ថា សហព័ន្ធស្រូវ​អង្ករអាមេរិក កាលពី​ចុង​ខែ​មិថុនា បានស្នើ​ដល់​គណៈកម្មការ​ពាណិជ្ជ​កម្ម​អន្តរជាតិ​អាមេរិក (USITC) ឲ្យលុបចោល​​បញ្ជី​ទំនិញ​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​(GSP)​ ខណៈអាមេរិកបាន​ផ្ដល់​លទ្ធភាព​នាំចូល​អង្ករ​ចំហុយដោយរួចពន្ធ​ពី​ប្រទេសកំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា និង​មីយ៉ាន់ម៉ា​​។

យ៉ាងណាក៏ដោយ ប្រសិន​បើសហរដ្ឋ​អាមេរិក​លុប​ចោល​ប្រព័ន្ធអនុគ្រោះ​ពន្ធ(GSP)នេះ​មែន​ នៅ​ថ្ងៃទី​ ៣១ ខែតុលា និង​ចាប់ផ្ដើម​អនុវត្ត​នៅមុន ឬ​នៅ​ថ្ងៃទី​ ១ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ នោះប្រទេស​ដែលរង​ផលប៉ះពាល់​គឺមាន ប៉ាគីស្ថាន ប្រេស៊ីល វៀតណាម អាហ្សង់ទីន និង​កម្ពុជា​ ខណៈថៃ និង​ឥណ្ឌា ត្រូវបាន​លុប​ចោល​រួចហើយ​កាលពីឆ្នាំ២០១៩។

សូមជម្រាបថា កម្ពុជាទទួលបានចំណូលជាង ២៦៤ លានដុល្លារអាមេរិក ពីការនាំចេញអង្ករក្នុងឆមាសទី១ ឆ្នាំ២០២០នេះ នៃបរិមាណ អង្ករ ៣៩៧ ៦៦០តោន ដែលមានកំណើន ជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។

បច្ចុប្បន្ន ប្រទេសចិន ជាទីផ្សារធំជាងរបស់អង្ករកម្ពុជា រហូតដល់ ៣៧% ខណៈទីផ្សារអឺរ៉ុប រួមទាំងប្រទេសអង់គ្លេស ស្រូបយកទីផ្សារ ៣៤% ក្នុងនោះប្រទេសបារាំងជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេបង្អស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ