សហជីពដាក់លិខិតទៅប្រមុខរដ្ឋាភិបាល ស្នើសុំកិច្ចអន្តរាគមន៍កុំពន្យាការបើកប្រាក់អតីតភាពការងារ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីមិនមានការឆ្លើយតបពីក្រសួងការងារជុំវិញការស្នើសុំឲ្យរដ្ឋាភិបាលគិតគូរឡើងវិញនូវការបើកប្រាក់អតីតភាពការងារជូនដល់កម្មករនិយោជិត ក្រុមសហជីពដែលរួមមានជាង១០ស្ថាប័ន នៅព្រឹកថ្ងៃចន្ទនេះ បានបន្តដាក់ញ្ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ បើកប្រាក់បំណាច់អតីតភាពការងារ១ឆ្នាំ២ដងដល់កម្មករនិយោជិតដូចដើមវិញ ដោយមិនពន្យាពេល។ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាថ្លែងថា អ្នកស្រីមានសុទិដ្ឋិនិយមច្រើនថានឹងមានការឆ្លើយតបជាវិជ្ជមានពីប្រមុខរដ្ឋាភិបាលកម្ពុជា។ តាមអ្នកស្រី យ៉ាង សោភ័ណ្ឌ សហជីពនឹងបន្តធ្វើយុទ្ធនាការតាមប្រព័ន្ធអនឡាញបន្តទៀត ប្រសិនបើពុំមានដំណោះស្រាយអ្វីទាំងអស់។
សូមស្តាប់ប្រសាសន៍អ្នកស្រី យ៉ាង សោភ័ណ្ឌ៖
សូមរំលឹកថា កាលពីខែមិថុនាឆ្នាំ២០១៩ ក្រសួងការងារបានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមច្បាប់កម្ពុជា ឲ្យបើកប្រាក់អតីតភាពដល់កម្មករ និយោជិត ចំនួន២ដងក្នុងមួយឆ្នាំ ដោយគិតរយៈពេល៦ខែម្តង។ ក៏ប៉ុន្តែសេចក្តីសម្រេចរបស់ក្រសួងការងារត្រូវបានពន្យាពេលដោយក្រសួងខ្លួនឯងផ្ទាល់កាលពីខែមិថុនាឆ្នាំ២០២០ ដោយមានការអនុញ្ញាតឱ្យម្ចាស់រោងចក្រ សហគ្រាស ពន្យារពេលបើកប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០១៩ និង២០២០ ទៅឆ្នាំ២០២១វិញ។ សេចក្តីសម្រេចនេះ បានធ្វើឲ្យក្រុមសហជីព ចំនួនជាង១០ស្ថាប័ន សម្តែងនូវការតវ៉ា ដោយស្នើឲ្យរដ្ឋាភិបាលអនុវត្តការបើកប្រាក់បំណាច់អតីតភាពជូនកម្មករ និយោជិតដូចដើមវិញ ដោយសារអំឡុងពេលនៃការរាត្បាតនៃមេរោគកូវីដ១៩នេះ កម្មករ និយោជិត មានស្ថានភាពជីវភាពលំបាកជាងនិយោជកច្រើន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ