អ្នកជំនាញព្រមានពីហានិភ័យខ្ពស់នៃការចម្លងកូវីដ១៩ទៅសហគមន៍ ខណៈរកឃើញឆ្លងថ្មីជាបន្តបន្ទាប់
ចុះផ្សាយនៅថ្ងៃ៖
អ្នកជំនាញសុខាភិបាលនៃរាជបណ្ឌិតសភាកម្ពុជា បានព្រមានពីហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ទៅក្នុងសហគមន៍ នៅគ្រាដែលកម្ពុជាបានរកឃើញមានករណីឆ្លងថ្មី២៤នាក់ទៀត តែក្នុងរយៈពេល២ថ្ងៃជាប់គ្នា។ សម្រាប់ប្រមុខរដ្ឋាភិបាលវិញក៏បារម្ភផងដែរពីការកើនឡើងនៃជំងឺនេះនៅកម្ពុជា ខណៈពលរដ្ឋមួយចំនួនហាក់ដូចជាលែងភ័យខ្លាច និងមិនសូវការពារខ្លួន។
លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងនៅថ្ងៃទី១៤កក្កដាថា ការបន្តនាំចូលជំងឺកូវីដ១៩ពីក្រៅប្រទេសនេះគឺជាហានិភ័យខ្ពស់បំផុតសម្រាប់កម្ពុជាដែលកំពុងស្ថិតក្នុងគំនូសក្រហមប្រឈមមុខការចម្លងទៅក្នុងសហគមន៍។
ចំណែកប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះដែរ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកជំនាញកសិកម្មនៅខេត្តព្រៃវែង លោកសំដែងការព្រួយបារម្ភពីការបន្តឆ្លងរាលដាលកាន់តែខ្លាំងនៃជំងឺកូវីដ១៩នៅកម្ពុជា ខណៈលោក ហ៊ុន សែន កត់សំគាល់ថា ពលរដ្ឋហាក់ដូចជាឈប់ភ័យខ្លាចពីការឆ្លងជំងឺកូវីដ១៩នេះ ដែលផ្ទុយពីពេលដែលកើតមានដំបូងៗ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ជំងឺកូវីដ១៩នៅកម្ពុជា គឺ១០០%ជាការនាំចូលពីក្រៅប្រទេស។ ជាមួយនឹងការបារម្ភពីការឆ្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យ«ពាក់ម៉ាសនៅពេលចាំបាច់» ខណៈសាលារៀន និងអាជីវកម្មមួយចំនួនត្រូវបើកឡើងវិញនៅពេលខាងមុខ។
ការបារម្ភនេះគឺដោយសារតែកម្ពុជាបានរកឃើញមានករណីឆ្លងថ្មី២៤នាក់ទៀត តែក្នុងរយៈពេល២ថ្ងៃជាប់គ្នា។ គឺនៅថ្ងៃ១១កក្កដារកឃើញឆ្លង១៥នាក់ ហើយនៅថ្ងៃ១៣កក្កដារកឃើញឆ្លង៩នាក់ទៀត ជាករណីនាំចូលដូចគ្នាពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ខណៈនៅថ្ងៃ២៦មិថុនា កម្ពុជាបានរកឃើញឆ្លង៩នាក់ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ ពួកគេគឺភាគច្រើនមានទីលំនៅក្នុងខេត្តត្បូងឃ្មុំ និងក្នុងសង្កាត់ច្រាំងចម្រេះ រាជធានីភ្នំពេញ ហើយនៅសល់៧០នាក់ទៀតកំពុងដាក់នៅដាច់ដោយឡែកក្រោមការសង្ស័យ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤កក្កដាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់១៦៥នាក់ហើយ តែព្យាបាលជាសះស្បើយបានចំនួន១៣៣នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ