អានតួអត្ថបទ
កម្ពុជា សង្គម

សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុស្នើឱ្យNGOsចំនួន៤កែតម្រូវរបាយការណ៍បំណុលជំរុញឱ្យមានការចំណាកស្រុក

ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា
ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា © Internet
ដោយ៖ វណ្ណ សុគន្ធា
1 នាទី

សមាគម​ធនាគារ​នៅ​កម្ពុជា ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​អង្គការ​លីកាដូ​ សម្ព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ និង​សមាគម​ធាងត្នោត​ ដើម្បី​ស្នើ​សុំ​ឱ្យ​កែ​តម្រូវ​របាយការណ៍​ស្តីពី​«ការនាំឱ្យមានចំណាកស្រុក»។ ​ជា​របាយការណ៍​និយាយ​ពី​ការ​ជំពាក់​បំណុល​ជា​ដើម​ហេតុ​រុញ​ច្រាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​។ ​អង្គការ​ទាំង​៤​នេះ​បាន​ទទួល​លិខិត​នេះ​ហើយ ​និង​កំពុង​ត្រួត​ពិនិត្យ​ ដើម្បី​នឹង​ធ្វើការ​ឆ្លើយ​តប​វិញ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ផ្សាយពាណិជ្ជកម្ម

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចាត់ទុករបាយការណ៍«ការនាំឱ្យមានចំណាកស្រុក៖បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន»ដែលចេញផ្សាយរួមគ្នាដោយអង្គការលីកាដូ សម្ព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស និងសមាគមធាងត្នោតថា ជារបា យការណ៍មិនពិតប្រាកដ។ ដូច្នេះហើយ ពួកគេស្នើឱ្យអង្គការសង្គមស៊ីវិលទាំង៤នេះធ្វើការកែតម្រូវបានឱ្យឆាប់រហ័សបំផុត។

របាយការណ៍«ការនាំឱ្យមានចំណាកស្រុក៖បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន»នេះបានចេញផ្សាយកាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ។ វាជារបាយការណ៍ដែលនិយាយពីស្ថានភាពជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ក្រុមគ្រួសារនៅក្នុងភូមិមួយក្នុងខេត្តបន្ទាយមានជ័យ។ អង្គការលីកាដូ បានរកឃើញថា ការជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលុប គឺជាកត្តាចម្បងលើកទឹកចិត្តនាំឱ្យមានការធ្វើចំណាកស្រុកចេញពីភូមិ។

បន្ថែមពីលើរបាយការណ៍នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានស្នើឱ្យអង្គការសង្គមស៊ីវិលទាំង៤ត្រួតពិនិត្យឡើងវិញ និង ធ្វើការកែសម្រួលទៅតាមករណីចាំបាច់នូវរបាយការណ៍«ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា» និងរបាយការណ៍«ធ្វើ​ការងារ​រហូត​ជំពាក់​បំណុ​ល​វ័ណ្ឌក៖ ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេសកម្ពុជា»ផងដែរ។

បើតាមសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺរបាយការណ៍ទាំងនេះគ្មានមូលដ្ឋានវិទ្យាសាស្រ្ត ខ្វះតម្លាភាព ជាពិសេសមិនដែលបានសាកសួរ ឬពិភាក្សាជាមួយស្ថាប័នជំនាញពាក់ព័ន្ធ។ សមាគមទាំងពីរនេះ បានគូ​សបញ្ជាក់ថា របាយការណ៍ទាំងនេះបានផ្តល់ឱ្យជនខិលខូចមួយចំនួនយកទៅផ្សព្វផ្សាយក្នុងចេតនាញុះញង់បង្កច​លាចលដល់សង្គមជាតិ និង នាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រឹះស្ដានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

អង្គការសង្គមស៊ីវិលទាំង៤បានទទួលលិខិតស្នើសុំរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះរួច​រាល់ហើយ។ លោកអំ សំអាត នាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅពេលនេះ ថ្នាក់ដឹកនាំនៃអង្គការទាំង៤កំពុងពិនិត្យ និងពិភាក្សាពីការស្នើសុំនេះ ដើម្បីធ្វើការឆ្លើយតបទៅវិញជាលាយល័ក្ខអក្សរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ