រដ្ឋាភិបាលបង្កើត «យន្តការថ្មី» សម្រាប់ជនបរទេសជាអ្នកជំនាញនិងអ្នកវិនិយោគ ដែលចូលមកកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១០ កក្កដា បានកំណត់ថា រដ្ឋាភិបាលកម្ពុជា នឹងបង្កើតអោយមាន «យន្តការធានា » មួយ ដើម្បីសម្រួល និងផ្តល់ភាពងាយស្រួលដល់ជនបរទេសជាអ្នកជំនាញនិងអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរមកបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ យន្តការថ្មីនេះ ត្រូវបានគ្រោងបង្កើតឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការកែប្រែឡើងវិញ នូវលក្ខខណ្ឌតម្រូវនានា ដែលជារបាំង មិនអាចអោយអ្នកជំនាញការបរទេសនិងអ្នកវិនិយោគ ចូលមកកម្ពុជាបាន នៅក្នុងបរិបទនៃជំងឺកូវីដ១៩។
នៅក្រោមយន្តការថ្មីនេះ ជនបរទេសជាអ្នកជំនាញនិងអ្នកវិនិយោគដែលចូលមកកម្ពុជា នឹងមិនតម្រូវអោយដាក់ប្រាក់តម្កល់៥ម៉ឺនដុល្លារ និងបង់ថ្លៃចំណាយនៃការធ្វើចត្តាឡីស័ក រួមទាំងការព្យាបាលជំងឺកូវីដ១៩ទៀតឡើយ។ ក៏ប៉ុន្តែថ្លៃចំណាយទាំងអស់នោះ នឹងត្រូវធ្លាក់ទៅលើអ្នកធានាវិញ។ នេះបើយោងតាមខ្លឹមសារលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងដែលបានផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំការឯកភាព កាលពីថ្ងៃទី ១០ កក្កដា។ បើតាមខ្លឹមសារនៃកិច្ចប្រជុំនេះ អ្នកធានា (Sponor) អាចជាក្រុមហ៊ុនដែលមានការចុះបញ្ជីត្រឹមត្រូវ ឬជាសមាគមធុរកិច្ច និងសហព័ន្ធអាជីវកម្ម ដែលទទួលស្គាល់ដោយអាជ្ញាធរកម្ពុជា ដែលមានទីតាំងជាការិយាល័យច្បាស់លាស់នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ អ្នកធានា ក៏អាចជាម្ចាស់គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថានទូត និងក្រសួង-ស្ថាប័នរដ្ឋ ផងដែរ។
គួរជំរាបជូនថា យន្តការថ្មីនេះ នៅមិនទាន់សម្រេចជាផ្លូវការពីប្រមុខរដ្ឋាភិបាលកម្ពុជានៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គម្រោងបង្កើតយន្តការថ្មីនេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការកែប្រែឡើងវិញ នូវលក្ខខណ្ឌតម្រូវនានាសម្រាប់ជនបរទេសជាអ្នកជំនាញ និងអ្នកវិនិយោគ ដែលត្រូវមកបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ប្រមុខរដ្ឋាភិបាល លក្ខខណ្ឌតម្រូវអោយមានប្រាក់ធានារ៉ាប់រងសុខភាពចំនួន៥ម៉ឺនដុល្លារ និងប្រាក់តម្កល់៣ពាន់ដុល្លារ គឺជាឧបសគ្គមិនអាចអោយអ្នកជំនាញការបរទេស និងអ្នកវិនិយោគ-ធុរជន ចូលមកកម្ពុជាបាន នៅក្នុងបរិបទនៃជំងឺកូវីដ១៩នេះ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ ខែមិថុនា យ៉ាងហោចណាស់ មានជនបរទេសប្រមាណជា៣ពាន់នាក់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយក្នុងនោះ ក្រសួងសុខាភិបាលបានទទួលប្រាក់តម្កល់ប្រមាណជា៩លានដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ