៦ខែឆ្នាំ២០២០៖ ជនបរទេសជាង១៦ម៉ឺននាក់ បានចុះបញ្ជីស្នាក់នៅក្នុងប្រទេសកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
គិតត្រឹម៦ខែឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានជនបរទេសប្រមាណជា១៦ម៉ឺននាក់ ដែលបានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២០មក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃបានចាប់ផ្តើមយុទ្ធនាការដកហូតឯកសារជនបរទេសនៅក្នុងប្រទេសកម្ពុជាដើម្បីភាពងាយស្រួលក្នុងការគ្រប់គ្រង។ ក្នុងនោះ មានជនបរទេសប្រមាណជា៥០០នាក់ បានប្តឹងតវ៉ា។
តួលេខខាងលើនេះ ត្រូវបានប្រកាសអោយដឹងដោយលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃ បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារនៅឆមាសទី២ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី ១៧ កក្កដា។ បើតាមលោកនាយឧត្តមសេនីយ៍ ក្នុងរយៈពេល៦ខែឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានជនបរទេសប្រមាណជា១៦ម៉ឺននាក់ ដែលបានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីសុំស្នាក់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែវត្តមានជាក់ស្តែងទៅ មានជនបរទេសជាង១១ម៉ឺននាក់ប៉ុណ្ណោះដែលកំពុងមានវត្តមាននៅកម្ពុជា។ គួរជំរាបជូនថា ចាប់តាំងពីដើមឆ្នាំ២០២០មក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃបានដាក់អោយអនុវត្តនូវការចុះឈ្មោះរបស់ជនបរទេសតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីសុំស្នាក់នៅកម្ពុជា។
ដោយឡែកទាក់ទងនឹងជនអន្តោប្រវេសន៍នៅកម្ពុជាវិញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានបញ្ចប់យុទ្ធនាការដកហូតឯកសារមិនប្រក្រតី ការធ្វើជំរឿន និងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍បានចំនួនជិត៩ម៉ឺននាក់ (៨៩៦៨៧) ហើយគ្រោងនឹងបញ្ចប់នៅត្រឹមឆមាសទី២ឆ្នាំនេះ។ ប៉ុន្តែក្នុងនោះ មានជនអន្តោប្រវេសន៍ប្រមាណជា៥០០នាក់ បានប្តឹងតវ៉ាដើម្បីសុំសញ្ជាតិកម្ពុជា។ ហើយក្នុងចំណោមជនអន្តោប្រវេសន៍ទាំង៥០០នាក់ដែលមាន១១៣បណ្តឹងនោះ ក្រសួងបានដោះស្រាយបានចំនួន៦០ករណី ប៉ុន្តែភាគច្រើនត្រូវបានបដិសេធ។
យ៉ាងណាក្តី តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសមិនគាំទ្រចំពោះការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍របស់ក្រសួងមហាផ្ទៃ ដល់ជនអន្តោប្រវេសន៍ជាង២ម៉ឺនគ្រួសារ ដែលរស់នៅខុសច្បាប់នៅកម្ពុជានោះឡើយ។ បើតាមអតីតគណបក្សប្រឆាំង ការផ្តល់ប័ណ្ណសា្នក់នៅអចិន្ត្រៃយ៍នេះ គឺជាការអនុវត្តខុសច្បាប់អន្តោប្រវេសន៍របស់កម្ពុជា ជាពិសេសទៅលើជនជាតិវៀតណាម។ ជនជាតិវៀតណាមដែលមានចំនួន ១.៩៩៦៧ គ្រួសារ និងមានសមាជិកចំនួន ៦៩.៧៨៧នាក់ ក្នុងចំណោមជនអន្តោប្រវេសន៍សរុបចំនួន ២០.១០៧ គ្រួសារ ត្រូវបានក្រសួងមហាផ្ទៃរកឃើញថា បានកាន់កាប់ឯកសាររស់នៅមិនស្របច្បាប់នៅកម្ពុជា។ ប៉ុន្តែក្រោយមក ក្រសួងមហាផ្ទៃ បានសម្រេចផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលមានសុពលភាព២ឆ្នាំម្តង។ អតីតគណបក្សសង្រ្គោះជាតិមិនគាំទ្រឡើយចំពោះចំណាត់ការនេះ ដោយអះអាងថា អាជ្ញាធរកម្ពុជាបានអនុវត្តផ្ទុយពីច្បាប់ ស្តីពី អន្តោប្រវេសន៍ និងច្បាប់ស្តីពីសញ្ជាតិរបស់កម្ពុជា។ ច្បាប់ ស្តីពី អន្តោប្រវេសន៍ មាត្រា៣៧ បានតម្រូវឱ្យអាជ្ញាធរកម្ពុជា ត្រូវតែបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់នេះចេញពីប្រទេសឱ្យទៅប្រទេសកំណើតរបស់ពួកគេវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ