អានតួអត្ថបទ
កម្ពុជា សង្គម

អង្គការក្រៅរដ្ឋាភិបាលពីរ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាគោរពតាមការសន្យា ដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់

ពន្ធនាគារមួយកន្លែង នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពន្ធនាគារមួយកន្លែង នៅក្នុងព្រះរាជាណាចក្រកម្ពុជា © Internet
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​ គឺ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​សន្យា​ថា ​នឹង​ដោះលែង​អ្នក​ជាប់​ឃុំ​ចំនួន​១​ម៉ឺន​នាក់​ចេញ​ពី​ពន្ធនាគារ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ថា ​រដ្ឋាភិបាល​មិន​បាន​សន្យា​ដូច​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ​ឡើយ​។ ការ​អំពាវនាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងពីរ​ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ កក្កដា​នេះ​។

ផ្សាយពាណិជ្ជកម្ម

បើតាមអង្គការក្រៅរដ្ឋាភិបាលទាំងពីរ បានលើកឡើងថា នៅក្នុង​ការ​ប្រកាស​ដាច់ដោយឡែក​មួយ​កាលពីខែឧសភា​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​លោក​ ស ខេង​ បានសន្យាថា​ អ្នកជាប់ឃុំ​រហូតដល់​១០០០០នាក់​ នឹងត្រូវ​ដោះលែង​នៅទូទាំង​ប្រទេស​ ដោយលើកឡើង​ពីហានិភ័យ​នៃការឆ្លងរីករាលដាល​វីរុសកូវីដ១៩​ និង​ការព្រួយបារម្ភ​ពីបញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ​ប្រទេសកម្ពុជា។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លោក ជិន ម៉ាលីន បានបដិសេធនិងបានថ្លែងថា អង្គការក្រៅរដ្ឋាភិបាលទាំងពីរបានស្រង់តួលេខខុសពីគោលបំណង និងខ្លឹមសាររបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ។

លោក ជិន ម៉ាលីន ដែលជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍រួមរបស់អង្គការក្រៅរដ្ឋាភិបាលទាំងពីរ ថាធ្វើឡើងដោយខ្វះវិជ្ជាជីវៈ ដោយបានផ្អែកលើរបាយការណ៍ខុស។ បើតាមលោក ជិន ម៉ាលីន រដ្ឋាភិបាលមិនដែលសន្យាបែបនេះឡើយ ហើយលោកបានស្នើសុំអោយអង្គការក្រៅរដ្ឋាភិបាលទាំងពីរធ្វើការត្រួតពិនិត្យរបាយការណ៍របស់ខ្លួនឡើងវិញ។ បន្ថែមលើនេះ លោក ជិន ម៉ាលីន ក៏បានបដិសេធចំពោះការលើកឡើងថា យុទ្ធនាការដែលកំពុងអនុវត្តដោយរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ថាមិនមែនជាយុទ្ធនាការដោះលែងអ្នកទោសនោះទេ គឺជាយុទ្ធនាការដោះស្រាយភាពកកស្ទះសំណុំរឿងនៅក្នុងតុលាការតែប៉ុណ្ណោះ។

គួរជំរាបជូនថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២០ នេះមក រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងយុត្តិធម៌ បានបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ដោយក្នុងនោះ មានសំណុំរឿង​ជាង៣៥០០ករណី​ ឬប្រមាណជាជាង២០ភាគរយ ត្រូវបាន​ជំនុំជម្រះ​រួចរាល់។ យុទ្ធនាការនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីភាពចង្អៀតណែននៃការឃុំខ្លួនអ្នកជាប់ឃុំ ចាប់តាំងពីរដ្ឋាភិបាលបានបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលត្រូវបានប្រកាសកាលពីខែមករា ឆ្នាំ២០១៧មក។

យ៉ាងណាក្តី នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ និងអង្គការសិទ្ធិមនុស្សលីកាដូ បានរិះគន់ថា ចាប់តាំងពីមានយុទ្ធនាការនោះមក រដ្ឋាភិបាល​កម្ពុជា​​មិនបាន​បង្ហាញថា ​តើមាន​អ្នកជាប់ឃុំ​ប៉ុន្មាននាក់​ត្រូវបាន​ដោះលែង​ពីពន្ធនាគារ​ដែលមានភាព​ចង្អៀតណែន​ខ្លាំងនេះទេ។​

គួរជំរាបជូនថា តាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលទាំងពីរ ចាប់តាំងពី​មានយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មក ចំនួន​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅទូទាំង​ប្រទេស​បានកើនឡើង​យ៉ាងគំហុក​ចំនួន ៧៨% ​នៅចន្លោះ​ខែមករា​ ឆ្នាំ២០១៧​ និងខែមីនា ​ឆ្នាំ២០២០។​ ការកើនឡើង​នៃចំនួន​អ្នកជាប់ឃុំ​គួរឱ្យកត់សម្គាល់នេះ​ បានបង្ក​ឱ្យមាន​ភាពចង្អៀតណែន​យ៉ាងខ្លាំង​ និងធ្វើឱ្យ​ស្ថានភាព​លំបាក​នៅក្នុងពន្ធនាគារ​ កាន់តែ​មានភាព​ធ្ងន់ធ្ងរ​បន្ថែមទៀត​សម្រាប់​អ្នកជាប់ឃុំ​ រាប់ម៉ឺននាក់​ ក្នុងនោះ​មានស្រ្តីជាប់ឃុំ​ដែ​លមានកូនតូច​នៅជាមួយ​ ព្រមទាំង​ស្រ្ដីមានផ្ទៃពោះ ​និងអនីតិជនផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ