អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

កម្ពុជាផ្អាកជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក្រោយករណី​កូវីដ១៩​ក្នុង​ប្រទេស​កើនឡើង

អ្នកដំណើរចូលទៅកន្លែងស្ទង់កំដៅនៅក្នុងព្រលានយន្តហោះក្រុងភ្នំពេញ
អ្នកដំណើរចូលទៅកន្លែងស្ទង់កំដៅនៅក្នុងព្រលានយន្តហោះក្រុងភ្នំពេញ AP - Heng Sinith
ដោយ៖ សឿង ភារៈ
១៣ នាទី

កម្ពុជា​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ជើង​ហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី មួយ​រយៈ ចាប់​ពីថ្ងៃ​ទី០១ ខែ​សីហា ឆ្នាំ​២០២០ តទៅ​។ នេះ​បើ​តាម​ការ​សម្រេច​របស់​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ដោយ​មាន​ការ​យល់​ព្រម​ពី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២៥ ខែកក្កដា​។ ការ​ផ្អាក​នូវ​ជើង​ហោះហើរ​នេះ កើត​ឡើង​ក្រោយ​ពី​ករណី​កូវីដ​១៩ កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នា​រយៈពេល​ចុង​ក្រោយនេះ។

ផ្សាយពាណិជ្ជកម្ម

យោង​តាម​លិខិត​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី២៥ ខែ​កក្កដា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​ចាប់​ពីថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ក្រសួង​សុខាភិ​បាល សង្កេត​ឃើញ​ថា​ មាន​អ្នក​ដំណើរ​តាម​ជើង​ហោះហើរ​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេ​ស៊ី បាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ​១៩ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។​ លិខិត​ដដែល​នេះ​បញ្ជាក់​ថា ចំនួន​អ្នក​វិជ្ជមាន​នៃ​កូវីដ១៩ មាន​១០៨​នាក់ ក្នុង​នោះ​ភាគ​ច្រើន​តាម​ជើង​ហោះហើរ​ពីប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី លើ​អ្នក​ដំណើរ​សរុប​ចំនួន​២៣ ៥៦៧នាក់។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ បន្តថា ចាប់​ពី​ខែសីហា និង​ខែកញ្ញា តទៅ ប្រទេស​កម្ពុជា​នឹង​មានការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ជាតិ​ច្រើន​ថ្ងៃ ដែល​តម្រូវ​ឲ្យ​យើង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​កិច្ចការ​ការពារ​ការ​ចម្លង​កូវីដ​១៩​។

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន នាថ្ងៃ​អង្គារ ទី២១ ខែកក្កដា ពី​ខេត្តតាកែវ បានចោទជាសំណួរថា បើរដ្ឋាភិបាលមិនទទួល​ពលរដ្ឋខ្មែរ​ធ្វើ​ដំណើរ​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា​ទេ តើ​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ឯណា?  ម្យ៉ាងទៀត​ការ​ទទួល​យក​ពលរដ្ឋ​ឬ​និស្សិត​ខ្មែរ​ចូល​ប្រទេស​វិញ​នាកាលៈទេសៈ​កូវីដ១៩នេះ ​ដោយ​សារ កម្ពុជា​មានការ​រៀបចំ​នៅ​ក្នុង​ស្រុក​រួចរាល់។ នេះ​បើតាម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឹ​កូវីដ​១៩ នៅថ្ងៃ​ទី២៥ ខែ​កក្កដា ក៏បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ ត្រូវ​បន្ត​អនុវត្តវិធាន​ការ​ការពារ​ខ្លួន​ជា​ចាំបាច់ ដើម្បី​ការពារការចម្លង​ជំងឺ​កូវីដ​១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង​កុំ​ឲ្យ​មានរលក​ទីពីរ​នៃ​ការ​ចម្លង​កូវីដ១៩។​

គិត​ត្រឹម​ថ្ងៃទី២៦ ខែកក្កដា​ ២០២០នេះ​ កម្ពុជា​មាន​ករណី​កូវីដ១៩​សរុប​ចំនួន​២២៥នាក់​ និង​អ្នក​ដែល​ជា​សះស្បើយ​សរុប​ចំនួន​១៤៣​នាក់ ហើយ​មាន​អ្នក​ដែល​សម្រាក​នៅ​ពេទ្យ​មាន​ចំនួន​៨២​នាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ