អង្គការក្នុងស្រុកទាមទារឲ្យផ្អាកគម្រោងអភិវឌ្ឍនានាដែលកំពុងគំរាមកំហែងដល់ការជន់លិចក្រុងភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៤ បានអះអាងថា ប្រជាពលរដ្ឋជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ ដោយសារគម្រោងអភិវឌ្ឍន៍នានា។ ក្រុមអង្គការទាំងនេះក៏បានទាមទារផងដែរឲ្យផ្អាកជាបណ្តោះអាសន្ននូវគម្រោងអភិវឌ្ឍន៍នានាដែលកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុនឬបឹងជើងឯក ខណៈរបាយការណ៍ថ្មីបង្ហាញពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាន ហើយថែមទាំងគំរាមកំហែងដល់ការជន់លិចរាជធានីភ្នំពេញទៀតផង។
របាយការណ៍ស្រាវជ្រាវចេញផ្សាយថ្ងៃទី២៧ ខែកក្កដានេះ ក្រោមចំណងជើងថា ការបាត់បង់បឹងទំពុន៖ ការវាយ តម្លៃហេតុ ប៉ះពាល់សង្គម និងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញតំបន់បឹងទំពុន ឬជើងឯក បានរកឃើញថាប្រជាជនកម្ពុជារាប់លាននាក់ទំនងជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការលុបបឹងទំពុន ឬបឹងជើងឯក ដោយ ក្រុមហ៊ុន អាយ អិន ជី ហូលឌីង (ING Holdings) និងសាជីវកម្មឯកជនផ្សេងៗទៀត រួមមានក្រុមហ៊ុន ជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួត។ល។
អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT) បានស្ទង់មតិប្រជាពលរដ្ឋចំនួន ៤៦៩ គ្រួសារ ដែលកំពុងរស់នៅ ឬប្រើប្រាស់តំបន់បឹងទំពុន ឬជើងឯក ។ ជាលទ្ធផលប្រជាសហគមន៍និយាយ «នឹងប៉ះពាល់ដល់ប្រជាជនក្រីក្រដែលដាំបន្លែ និងនេសាទត្រីនៅក្នុងតំបន់បឹងនេះ ដោយសារតែយើងពឹងផ្អែកលើបឹងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង»។
ក្នុងរបាយការណ៍នេះបានព្រមានថា «បើគ្មានតំបន់បឹងទាំងនេះទេ ប្រជាជនជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញនឹងប្រឈមការកើនឡើងនៃទឹកជំនន់។ សម្រាប់សហគមន៍នៅខ្សែទឹកខាងក្រោម បើការអភិវឌ្ឍរបស់ឯកជនដែលនៅតែបន្ត នឹងបណ្តាលឱ្យបាត់បង់នូវមុខរបរចិញ្ចឹមជីវិត និងមនុស្សជាងមួយពាន់គ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន។
លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថាលោកមិនទាន់បានឃើញរបាយការណ៍នេះទេតែលោកគូសបញ្ជាក់ជារួមថា រាល់គម្រោងអភិវឌ្ឍនានាគឺត្រូវបានសិក្សាពីផលប៉ះពាល់យ៉ាងល្អិតល្អន់ ដោយផ្អែកលើផែនការមេដែលគ្រោងរហូតដល់ឆ្នាំ២០៣៥។
ផ្ទៃបឹងទំពុនដែលធ្លាប់ជាទ្រព្យសម្បត្តិសាធារណៈគឺមានទំហំយ៉ាងហោចណាស់១.៥០០ហិកតា ប៉ុន្តែឥឡូវនេះគ្រោងកាត់មកនៅត្រឹម១០៧ ហិកតាតែប៉ុណ្ណោះ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលនៅចន្លោះ ឆ្នាំ២០១៧ និងឆ្នាំ២០១៩។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងបង្កើតរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានតម្លៃខ្ពស់ ដែលអាចធ្វើឲ្យកម្រិតទឹកកខ្វក់ដែលកំពុងហូរចូលក្នុងតំបន់បឹងទំពុន ឬជើងឯកនេះ នៅសល់តិចជាង២ភាគរយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ