ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នកកាសែតពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​កាសែត​ពលរដ្ឋ សំដៅ​ដល់​ប្រជាពលរដ្ឋ​រូប​ណា​ក៏​ដោយ ដែល​មាន​លទ្ធភាពផលិតព័ត៌មាន​និង​​ចែក​រំលែក​ព័ត៌មានដោយ​ខ្លួន​ឯង តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​​។ នៅ​កម្ពុជា អ្នក​កាសែត​ពលរដ្ឋ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ចំនួន​កើន​ឡើង​ច្រើន នៅ​ពេល​ដែល​ឧបករណ៍​អេឡិចត្រូនិក​បម្រើ​ដល់​ការ​ផលិត​ព័ត៌មាន និង ប្រព័ន្ធ​អ៊ីនធឺណែត មាន​តម្លៃ​កាន់​តែ​ថោក​។ ជា​ការ​ពិត​ហើយ​ថា វត្តមាន​នៃ​អ្នក​កាសែត​ពលរដ្ឋ ប្រៀប​បាន​នឹង​វត្តមាន​មេក្រូ ដែល​មាន​អំណាច​​បំពង​សំឡេង​​របស់​ប្រជាពលរដ្ឋ​តូច​តាច​។ ប៉ុន្តែ​អំណាច​នេះ ក៏​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​សម្បើម​ដែរ​។

(រូបភាពតំណាង)
(រូបភាពតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

សព្វ​ថ្ងៃ​នេះ ការ​រស់​នៅ​ជាមួយ​ព័ត៌មាន​គឺ​ជា​រឿង​សាមញ្ញ​។ ពីមុន ដើម្បី​ទទួល​បាន​ព័ត៌មាន គេ​ត្រូវ​ពឹង​លើ​អ្នក​កាសែត​សរសេរ​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ ឬ​កាសែត​​។ ប៉ុន្តែ​ឥឡូវ ​អ្នក​ដែល​ចែក​រំលែក​ព័ត៌មាន មិន​មែន​មាន​តែ​ស្ថាប័ន​ព័ត៌មាន​ឬ​អ្នក​កាសែត​ទៀត​ទេ​។ ពលរដ្ឋ​ធម្មតា​ក៏​មាន​លទ្ធភាព​ផលិត​ព័ត៌មាន និង ចែក​ផ្សាយ​ព័ត៌មាន​បាន​ដោយ​ខ្លួន​ឯង ដោយ​គ្រាន់​តែ​មាន​ទូរសព្ទ​ឆ្លាត​វៃ ដែល​មាន​ភ្ជាប់អ៊ីនធឺណែត​តែ​ប៉ុណ្ណោះ​។

ពលរដ្ឋ​ដែល​មិន​មែន​មាន​អាជីព​ជា​អ្នក​កាសែត តែ​​ផលិត​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា អ្នក​កាសែត​ពលរដ្ឋ​។ សព្វ​ថ្ងៃ​នេះ អ្នក​កាសែត​ពលរដ្ឋនៅ​កម្ពុជា មាន​ចំនួន​កើន​ឡើង​ច្រើន​។ ច្រើន​ឡើង​ព្រោះ​ឧបករណ៍​អេឡិចត្រូនិក​ដែល​បម្រើ​ដល់​ការ​ផលិត​ព័ត៌មាន ក៏​ដូច​ជា​​ប្រព័ន្ធ​អ៊ីនធឺណែត​ដែល​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន មាន​តម្លៃ​កាន់​តែ​ថោក​។

អ្នក​កាសែត​ពលរដ្ឋ​នៅ​កម្ពុជា ស្ទើរ​តែ​ទាំង​អស់ ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ខ្លួន​ផលិត​។ ខ្លះសរសេរ​ជាអត្ថបទ​ភ្ជាប់​ដោយ​រូបភាព​ដូច​ព័ត៌មាន​ប្រពៃណី​ ប៉ុន្តែ​ខ្លះ​ទៀត​ឈាន​ទៅ​ដល់​ការ​ថត​ជា​វីដេអូ ផ្សាយ​បន្ត​ផ្ទាល់​ថែម​ទៀត​។ ចំពោះ​ព័ត៌មាន​ដែល​អ្នក​កាសែត​ពលរដ្ឋ​ផលិត​ គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ជា​ព័ត៌មាន​ដែល​នៅ​ក្បែរ​ខ្លួន ជាពិសេស​ព័ត៌មាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​។ សំឡេង​អំពី​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​តូចតាច ដែល​ធ្លាប់​តែ​ត្រូវ​បាន​វិទ្យុ​ទូរទស្សន៍​​មើល​រំលង ស្រាប់​តែ​កង​រំពង​ឡើង តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​អ្នក​កាសែត​ពលរដ្ឋ​។ ការ​ផ្សព្វផ្សាយ​របស់​​អ្នក​កាសែត​ពលរដ្ឋ មិ​នត្រឹម​តែ​បាន​ផ្ដល់​ភាព​ចម្រុះ​ដល់​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ទេ វា​ថែម​ទាំង​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដល់​បញ្ហា​ដែល​អ្នក​កាសែត​ពលរដ្ឋ​ផ្សព្វផ្សាយ​ផង​ដែរ​ បើ​ទោះ​បី​ជា​ពេល​ខ្លះ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ត្រូវ​ការ​ពេលវេលា​ក៏​ដោយ​។

ជា​ការ​ពិត​ អ្នក​កាសែត​ពលរដ្ឋ មានចាំ​បាច់​សម្រាប់​វិស័យ​សារព័ត៌មាន​និង​មាន​ចំណែក​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​។ ប៉ុន្តែអ្នក​កាសែត​ពលរដ្ឋ​ភាគ​ច្រើន មិន​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​សារព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ​ទេ​។ ព័ត៌មាន​ខ្លះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍ ឬ​អារម្មណ៍​ផ្ទាល់​ខ្លួន ជាជាង​ការ​ពិត​ជាក់​ស្ដែង​ ដែល​ពេល​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​នៅ​ក្នុង​សង្គម​​។ ​កន្លង​មក ព័ត៌មាន​របស់​អ្នក​កាសែត​ពលរដ្ឋ​ខ្លះ មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​ទេ វា​ថែម​ទាំង​នាំ​មក​នូវ​ជម្លោះបែក​ផ្សែង​តាមបណ្ដាញ​សង្គម​ទៀត​ផង​។

ជា​ថ្មី​ម្ដង​ទៀត ការ​ចូល​រួម​របស់​អ្នក​កាសែត​ពលរដ្ឋ ជា​រឿង​ល្អ ជា​រឿង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត និង​មាន​សារៈ​សំខាន់​។ ប៉ុន្តែ​អ្នក​កាសែត​ពលរដ្ឋ​ខ្លួន​ឯង​ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​គោលដៅ​នៃ​ការ​ផលិត​ព័ត៌មាន​របស់​ខ្លួន​។ ថា​តើ​ការ​ផលិត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ខ្លួន​ផលិត​នោះ ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា ឬ​បង្កើត​បញ្ហា​? ប្រសិន​បើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា ព័ត៌មាន​ដែល​ផលិត​ចេញ​នោះ គួរ​តែ​ត្រូវ​ធ្វើ​ឡើងឲ្យ​ច្បាស់​និង​​ដោយ​សន្តិវិធី។ ក្នុង​ន័យ​នេះ បើ​ទោះ​បី​ជា​ព័ត៌មាន​ដែល​អ្នក​កាសែត​ពលរដ្ឋ​ផលិត​និង​ផ្សព្វផ្សាយ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់ វា​រុញ​ច្រាន​បញ្ហា​នោះ​ទៅ​កាន់​ផ្លូវ​ចេញ​ណា​មួយ មិន​មែន​នាំ​ទៅ​កាន់​ផ្លូវ​ទាល់​ឡើយ​។

សរុប​មក​វិញ ​ត្បិត​តែ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ​នៅ​ក្នុង​ការ​ផលិត​ព័ត៌មាន ប៉ុន្តែ​អ្នក​កាសែត​ពលរដ្ឋ​ចាំ​បាច់​ខ្វះមិន​បាន ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​មាន​លក្ខណៈសម្បូរ​បែប​។ ក្នុង​ន័យ​នេះ ស្ថាប័ន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន គួរ​តែ​បន្ត​បណ្ដុះ​បណ្ដាល និង​បំពាក់បំប៉ន​បន្ថែម​ទៀត ដល់​អ្នក​កាសែត​ពលរដ្ឋ​ ដើម្បី​ឲ្យ​ពួក​គេ​មាន​សក្ដានុពល​កាន់​តែ​ខ្លាំង​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ តាម​រយៈ​មធ្យោបាយ​នានា​​។ ចំណែក​អ្នក​កាសែត​ពលរដ្ឋ​ខ្លួន​ឯង​ត្រូវ​យល់​​ឲ្យ​ច្បាស់​ពី​តួនាទី​របស់​ខ្លួន​។ ជា​តួនាទី​​កាន់​ឧគ្ឃោសនសព្ទ​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​​មាន​តែ​អ្នក​កាសែត​ពលរដ្ឋ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​អាច​ជ្រើស​រើស​បាន​ថា ខ្លួន​ចង់​ផ្សាយ​ព័ត៌មាន​ប្រភេទ​ណា ដើម្បី​អ្វី? តែ​សូម​កុំ​ភ្លេច​ថា អំណាច​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​តាម​ចិត្ត​ចង់​របស់​អ្នក​កាសែត​ពលរដ្ឋ​នេះ ក៏​មាន​ភ្ជាប់​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​ធេង​ចំពោះ​មុខ​សង្គម​ដូច​គ្នា​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI