អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

ណាសាបញ្ជូន​យាន​ថ្មី​មួយទៀត​ទៅ​រុករកជីវិតលើភពអង្គារ

សំឡេង ០៨:៥៤
Mars 2020 Perseverance Rover
Mars 2020 Perseverance Rover © NASA
ដោយ៖ សេង ឌីណា

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​​បេសកកម្ម​របស់​ណាសា ក្នុងការ​បញ្ជូន​យានរ៉ូវ័រ​ថ្មី​មួយទៀត ឈ្មោះ​ថា Perseverance ឲ្យ​ទៅ​ស្វែងរក​ជីវិត​លើ​ភពអង្គារ ក៏ដូចជា ដើម្បី​ត្រៀមរៀបចំ​បេសកកម្ម​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ភពអង្គារ នៅថ្ងៃ​អនាគត។

ផ្សាយពាណិជ្ជកម្ម

គិតមកទល់នឹង​ពេលនេះ មាន​យាន​គ្មាន​មនុស្សបើក​ (រ៉ូវ័រ) ចំនួន ៤​រួចមកហើយ ដែល​ណាសា​ធ្លាប់​បាន​បញ្ជូន​ដោយ​ជោគជ័យ​ ​ទៅកាន់​ភពព្រះអង្គារ គឺ Sojourner បាញ់​បង្ហោះ នៅ​ឆ្នាំ១៩៩៦, Opportunity និង Spirit នៅឆ្នាំ២០០៣ និង Curiosity នៅឆ្នាំ​២០១១។

​យាន​ទី៥ គឺយានឈ្មោះ Perseverance ដែល​​ណាសា​គ្រោង​បាញ់​បង្ហោះ​ នៅថ្ងៃទី៣០​កក្កដា​ខាងមុខនេះ គឺ​ជា​យាន​​ទំនើប​ជាង​យាន​មុនៗ ហើយ​បេសកកម្ម​​របស់​វាក៏​មានលក្ខណៈពិសេស​ខុសពី​បេសកកម្ម​មុនៗ​ផងដែរ។

លក្ខណៈពិសេស​ទីមួយ គឺ​ការ​ស្វែងរក​តម្រ៉ុយ​នៃ​ជីវិត នៅលើ​ភព​ព្រះអង្គារ។ ជាការពិតណាស់​ថា ជីវិត ឬតម្រ៉ុយជីវិត​ដែល​គេ​ស្វែងរក​តាមរយៈ Perseverance នេះ គឺ​ត្រឹមជា​ទម្រង់​​ជីវិត​សាមញ្ញ​ ដូចជា​ ប្រភេទ​បាក់តេរី​ តែ​ប៉ុណ្ណោះ ​មិនមែន​ជា​ទម្រង់​ជីវិត​ជឿនលឿន​ដូចជា​នៅលើ​ផែនដី​របស់​យើង​នោះទេ។ ក៏ប៉ុន្តែ បើ​ទោះបីត្រឹម​ជា​ទម្រង់​ជីវិត​ជា​បាក់តេរី​នេះ​ក៏ដោយ ប្រសិនបើ​គេ​ពិត​ជា​អាច​រកឃើញ​មែន វាគឺ​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​នៃ​ការយល់ដឹង​របស់​យើង​ចំពោះ​ជីវិតក្រៅភព។

លក្ខណៈពិសេស​មួយ​ទៀត​នៃ​បេសកកម្ម​​របស់​យាន Perseverance គឺ​ការ​ត្រួសត្រាយផ្លូវ សម្រាប់​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ភពព្រះអង្គារ ទៅថ្ងៃ​អនាគត។

នៅ​លើ​យាន Perseverance នេះ គេ​មាន​បំពាក់​ឧបករណ៍​ដ៏ទំនើបមួយ ដែល​គេ​ហៅតាមអក្សរកាត់ថា « MOXIE » ហើយ​ដែល​មុខងារ​របស់​វា គឺ​ធ្វើ​ពិសោធន៍​មើល​ អំពីលទ្ធភាព​ក្នុងការ​​ទាញយក​ឧស្ម័នកាបូនិច​នៅ​ក្នុង​បរិយាកាស​នៃ​ភព​ព្រះអង្គារ​ មក​បំប្លែងទៅជា​អុកស៊ីសែន​ ដែល​នេះគឺ​ជា​គន្លឹះ​ដ៏​សំខាន់​ នៃ​គម្រោង​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះអង្គារ ពីព្រោះ​ថា នៅ​ក្នុងបរិយាកាស​របស់​ភពព្រះអង្គារ គឺ​មាន​ឧស្ម័នកាបូនិច​រហូតដល់​ទៅ​ជាង ៩០% បើ​គេ​អាច​បំប្លែង​ឧស្ម័នកាបូនិច​នេះ​ទៅ​ជា​អុកស៊ីសែន​បាន មានន័យ​ថា គេ​នឹង​អាច​ផលិត​អុកស៊ីសែន​ សម្រាប់​ដកដង្ហើម និង​អាច​ផលិត​ឥន្ធនៈ​បាន​នៅលើ​ដីព្រះអង្គារ​ដោយ​ផ្ទាល់ ដោយ​មិនចាំបាច់​ដឹកពី​ភពផែនដី​នេះ​ទៅ។

លក្ខណៈពិសេស​​មួយទៀត របស់យាន Perseverance ហើយ​ជា​បេសកកម្ម​រឹតតែ​សំខាន់​ទៅទៀត គឺការ​ប្រមូល​សំណាក​ជា​​ដី ឬ​ថ្ម​ ពី​​ភពព្រះអង្គារ រួចហើយ​បញ្ជូន​សំណាកទាំងនោះ​ឲ្យ​ត្រឡប់​មក​ភពផែនដីវិញ ដើម្បី​សិក្សា​លម្អិត។

គិតមកទល់​នឹង​ពេលនេះ រាល់​ការ​សិក្សា និង​ពិសោធន៍​ទាំងប៉ុន្មាន ដែល​គេ​ធ្វើ​នៅលើ​ភពព្រះអង្គារ គឺ​ត្រូវធ្វើឡើង ដោយ​ឧបករណ៍ពិសោធន៍ ដែល​គេ​បំពាក់​នៅលើ​យាន ហើយ​ថ្វីដ្បិត​តែ​ឧបករណ៍​ទាំងនោះ​មាន​បច្ចេកវិទ្យាទំនើប ក៏ប៉ុន្តែ ពិសោធន៍​ខ្លះ​ វា​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង ដែល​គេ​ចាំបាច់​ត្រូវ​​ធ្វើ​ដោយ​មន្ទីរពិសោធន៍ធំៗ នៅលើ​ភពផែនដី​របស់​យើង​ដោយ​ផ្ទាល់។

ហេតុដូច្នេះហើយ​បាន​ជា​នៅលើ​យាន Perseverance គេ​មាន​បំពាក់​ឧបករណ៍​សម្រាប់​ធ្វើ​ពិសោធន៍​ផ្ទាល់​លើ​ដីភពព្រះអង្គារ​ផង និង​មាន​បំពាក់​ផងដែរ​នូវ​ឧបករណ៍​ស្វ័យប្រវត្តិ ដែល​អាច​ខួង​យក​សំណាក​ដាក់​ក្នុង​បំពង់​ពិសេស ដើម្បី​បញ្ជូន​មក​ផែនដី នៅក្នុងបេសកកម្ម Mars Sample Return ដែលធ្វើឡើង​រួមគ្នា រវាង​ទីភ្នាក់ងារណាសា និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ