អានតួអត្ថបទ
កម្ពុជា សង្គម

អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ៤រូបសម្តែងការព្រួយបារម្ភពីការគំរាមកំហែងអ្នកការពារសិទ្ធិមនុស្សកម្ពុជាអំ សំអាត

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា © សហការី
ដោយ៖ វណ្ណ សុគន្ធា
២០ នាទី

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​៤​រូប​ក្នុង​នោះ​មាន​ទាំង​លោក​ស្រី​រ៉ូណា ស្មីត ​ផង បាន​ចេញ​មក​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​ការ​ថ្កោល​ទោស​ជា​សាធារណៈ ​និង ​ការ​គំរាម​កំហែង​លើ​លោក​អំ សំអាត នាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា។​ សម្រាប់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ទាំង​នេះ​ ការ​ថ្កោល​ទោស និង​គំរាម​កំហែង​នេះ ធ្វើ​ឡើង ដើម្បី​បង្ក្រាប​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​លោក​អំ សំអាត ក្នុង​ការ​បញ្ចេញ​មតិ​ និង​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ការសម្តែងការព្រួយបារម្ភរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ធ្វើឡើងនៅក្នុងលិ​ខិ​តមួយផ្ញើមកកាន់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ តែទើបត្រូវបានលោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបង្ហាញឱ្យដឹងតាមរយៈទំ​ព័រហ្វេសប៊ុករបស់លោកស្រីកាលពីថ្ងៃអង្គារ។ នៅក្នុងលិខិតនេះ គឺលោកស្រីរ៉ូណា ស្មីត រួមទាំងលោកស្រីMary Lawlor អ្នករាយការណ៍ពិសេសស្តីពីអ្នកការពារសិទ្ធិមនុស្ស លោក David Kaye អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការការពារសេរីភាពបញ្ចេញមតិ និង លោកClement Nyaletsossi Voule អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជួបជុំ និងការប្រមូលផ្តុំដោយសន្តិវិធី បានលើកឡើងពីបញ្ហាដែលបានកើតមានលើលោកអំ សំអាត ជាពិសេសក្នុងពេលថ្មីៗនេះ។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិបានលើកឡើងពីការបរិយាយរបស់លោកអំ សំអាត អំពីបញ្ហាជំងឺកូវីដ ១៩នៅកម្ពុជាកាលពីចុងខែមីនា។ លោកអំ សំអាត ក៏បានលើកឡើងពីការចាប់ខ្លួននានាដោយថា ជាប់ពាក់ព័ន្ធរឿងនយោបាយ និង ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ។ អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិក៏បានលើកបង្ហាញពីការព្រមានឱ្យប្រយ័ត្នប្រយែង និងការចាប់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចំពោះការអត្ថាធិប្បាយរបស់លោកអំ សំអាត ជុំវិញបញ្ហាការលក់ឧបករណ៍តេស្ត និង ឱសថព្យាបាលជំងឺកូវីដ ១៩ក្លែងក្លាយផងដែរ។

ចំពោះបញ្ហាទាំងនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់នូវព័ត៌មានបន្ថែមពាក់ព័ន្ធទៅនឹងការចោទប្រកាន់មកលើលោកអំ សំអាត។ ពួកគេក៏ចង់ឱ្យបង្ហាញពីវិធានការរបស់រដ្ឋាភិបាលដែលធានាថា លោកអំ សំអាត និង អ្នកការពារសិទ្ធិមនុស្សដទៃទៀតអាចធ្វើការងារដោយសុវត្ថិភាព គ្មានការភ័យខ្លាចដោយការគំរាមកំហែង  ការបំភិតបំភ័យ និង ការធ្វើទុក្ខបុកម្នេញគ្រប់ប្រភេទ។ ម្យ៉ាងវិញទៀត ពួកគេក៏ចង់ឱ្យមានការបង្ហាញឱ្យបានជាក់លាក់ពីវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ធ្វើដូច្នេះ ដើម្បីសារព័ត៌មាន និង អង្គការសង្គមស៊ីវិលអាចជួយតាមលទ្ធភាព។

ជាការឆ្លើយតប ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៤ ខែកក្កដា បានអះអាងថា អាជ្ញាធរកម្ពុជាតែងតែបានធ្វើសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអង្គការសង្គមស៊ីវិលទាំងអស់។ ដូចនេះ មន្រ្តីអង្គការសង្គមស៊ីវិល រួមទាំងលោកអំ សំអាត ផងត្រូវបានការពារប្រឆាំងនឹងការបំភិតបំភ័យណាមួយ ហើយបើការករណីបំភិតបំភិតដោយប្រការណាមួយ ត្រូវប្តឹងមកកាន់អាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែក ចំពោះវិធានការឆ្លើយតបទៅនឹងជំងឺកូវីដ​១៩វិញ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជាបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់តាមដានវិធានការដែលដាក់ចេញរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការសុខភាព។ បន្ថែមលើនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអះអាងថា អ្នកពាក់ព័ន្ធទាំងអស់មិនគួរពាក់ព័ន្ធក្នុងការផ្សព្វផ្សាយ និងការបំផ្លើសព័ត៌មានមិនពិតប្រាកដណាមួយដែលនាំការភ័យខ្លាចដល់ប្រជាពលរដ្ឋ និង បង្កភាពចលាចល និងអស្ថេរភាពនៅក្នុងសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ