បណ្តឹងលើជម្លោះដីធ្លីរវាងពលរដ្ឋកម្ពុជានិងក្រុមហ៊ុនស្ករអំពៅថៃ៖ តុលាការថៃគ្រោងនឹងចេញសេចក្តីសម្រេចមួយនៅថ្ងៃសុក្រ
ចុះផ្សាយនៅថ្ងៃ៖
តុលាការសាលាឧទ្ធរណ៍ថៃ នឹងចេញសេចក្តីសម្រេចមួយនៅថ្ងៃសុក្រ ទី ៣១ កក្កដា ស្អែកនេះ លើបណ្តឹងរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងខេត្តឧត្តរមានជ័យ ទៅលើក្រុមហ៊ុនស្ករអំពៅដ៏ធំរបស់ថៃឈ្មោះ មីត្រ ផូល (Mitr Phol)។ អង្គការសង្គមជាតិនិងអន្តរជាតិ បានចាត់ទុកសេចក្តីប្រកាសរបស់តុលាការសាលាឧទ្ធរណ៍ថៃ ថាជាសេចក្តីសម្រេចទៅលើបណ្តឹងសមូហភាពឆ្លងដែនដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំពោះការរំលោភបំពានសិទ្ធិមនុស្ស។
សេចក្តីសម្រេចរបស់តុលាការសាលាឧទ្ធរណ៍ថៃនៅថ្ងៃសុក្រ ទី៣១ កក្កដា គឺជាសេចក្តីសម្រេចជាប្រវត្តិសាស្ត្រលើបណ្តឹងឧទ្ធរណ៍ស្នើសុំឋានៈជា បណ្តឹងសមូហភាព ឆ្លងដែនជាលើកដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេហ៍ ដែលពាក់ព័ន្ធរវាងកសិកររងគ្រោះនៅកម្ពុជា ជាមួយនឹងក្រុមហ៊ុនពហុជាតិដ៏ធំរបស់ប្រទេសថៃ។ នេះបើតាមការលើកឡើងរបស់លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា។ ជាបណ្តឹងឧទ្ធរណ៍នៅក្នុងរឿងក្តីរបស់លោកស្រី ហូយ ម៉ៃ និងលោក ស្មិន គិត តំណាងអោយប្រជាពលរដ្ឋជាង៧០០គ្រួសារ ស្ថិតនៅក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យ ជាមួយនឹងក្រុមហ៊ុន មីត្រ ផូល (Mitr Phol Co.LTD)។ លោក អៀង វុទ្ធី បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះថា ការផ្តល់នូវឋានៈប្រភេទនេះ នឹងក្លាយជាគំរូផ្លូវច្បាប់ដ៏រឹងមាំមួយដែលបង្ហាញថា ក្រុមហ៊ុនសាជីវកម្មធំៗ នឹងត្រូវទទួលខុសត្រូវ ចំពោះព្យសនកម្មទាំងឡាយ ដែលបណ្តាលមកពីប្រតិបត្តិការរបស់ខ្លួន មិនថា នៅទីណានោះទេ។
គួររំលឹកជូនថា អ្នកស្រី ហូយ ម៉ៃ និងលោក ស្មិន គិត រួមទាំងប្រជាពលរដ្ឋប្រមាណជា៧០០គ្រួសារ ស្ថិតនៅក្នុងឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបណ្តេញចេញដោយបង្ខំពីដីរបស់ពួកគាត់ កាលពីអំឡុងឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០០៩ ដោយក្រុមហ៊ុន មីត្រ ផូល (Mitr Phol Co.LTD) ដើម្បីយកដីទាំងនោះមកដាំអំពៅ។ ផ្ទះនិងទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវបានដុតបំផ្លាញចោល ហើយប្រជាពលរដ្ឋរងគ្រោះត្រូវបានគំរាមកំហែងដោយអំពើហិង្សាលើរូបរាងកាយ និងចាប់ដាក់បន្ធនាគារនៅពេលដែលពលរដ្ឋទាំងនោះ ធ្វើការតវ៉ានឹងក្រុមហ៊ុន។ ក្នុងនោះ លោកស្រី ហូយ ម៉ៃ បានជាប់ពន្ធនាគារអស់រយៈពេល ០៨ខែ រហូតដល់គាត់សម្រាលបានកូនប្រុសម្នាក់។ សម្រាប់លោកស្រី ហូយ ម៉ៃ និងលោក ស្មិន គិត បណ្តឹងជាសមូហភាពនេះ គឺជាឱកាសតែមួយគត់ ដើម្បីទទួលបានយុត្តិធម៌ពីការរំលោភសិទ្ធិមនុស្សនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន មីត្រ ផូល (Mitr Phol Co.LTD) គឺជាក្រុមហ៊ុនស្ករសដ៏ធំមួយនៅក្នុងតំបន់អាស៊ី ដែលមានបុត្រសម្ព័ន្ធបីទៀត គឺក្រុមហ៊ុន Angkor sugar, Tonle Sugar និង Cane And Sugar Valleyជាដើម។ ប៉ុន្តែក្រោយមក គឺនៅឆ្នាំ២០១៥ ក្រុមហ៊ុនថៃដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាប្រមាណជា១ម៉ឺនហិចតានេះ បានដកខ្លួនថយទៅវិញ។
លោកស្រី Sor. Rattanamanee Polkla មេធាវីរបស់មជ្ឈមណ្ឌលធនធានសហគមន៍ថៃបានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមធម៌កម្ពុជា អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch នៅថ្ងៃទី ៣០ កក្កដានេះថា តាមរយៈរឿងក្តីនេះ គឺជាការសាកល្បងដ៏ពិតប្រាកដមួយថា តើប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃ គឺគ្រាន់តែសម្រាប់រឿងក្តីក្នុងស្រុក ឬ សម្រាប់មនុស្សគ្រប់គ្នាដែលស្វែងរកយុត្តិធម៌ រួមទាំងករណីបណ្តឹងឆ្លងដែននេះផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ