លោកស ខេង៖ពលករចំណាកស្រុកកម្ពុជាជាង១០ម៉ឺននាក់បានវិលចូលស្រុកវិញក្នុងអំឡុងពេលនៃវិបត្តិកូវីដ ១៩
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ស្តីពី«កតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរអន្តោប្រវេសន៍ ប្រកបដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់»។ នៅក្នុងពិធីបើកសិក្ខាសាលានេះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានគូសបញ្ជាក់ឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការវាយលុកដោយជំងឺកូវីដ ១៩នេះ ពលករចំណាកស្រុកកម្ពុជាជាង១០ម៉ឺននាក់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកឧបនាយករដ្ឋមន្រ្តីស ខេង បានអះអាងថា គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ពលករចំណាកស្រុកកម្ពុជាចំនួន១០ម៉ឺន៣ពាន់នាក់(១០,៣០០០នាក់) បានវិលត្រឡប់ចូលមកប្រទេសកំណើតរបស់ខ្លួនវិញ។ ក្នុងនោះ មានពលករជាស្រ្តីប្រមាណ៤៥%។ លោកស ខេង ក៏បានគូសបញ្ជាក់ដែរថា អាជ្ញាធរកម្ពុជាកំពុងតែទទួលសង្គ្រោះពលករដែលត្រឡប់មកវិញដោយព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការគេចវេស្តពីស្ថានភាពលំបាកក្នុងប្រទេសគោលដៅក្នុងពេលដែលប្រទេសគោលដៅកំពុងរឹតបន្តឹង ឬ បិទប្រទេស ដើម្បីកាត់បន្ថយនូវជំងឺកូវីដ-១៩។
បើតាមលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា គឺនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ការធ្វើទេសន្តរប្រវេសន៍រឹតតែត្រូវប្រឈមយ៉ាងខ្លាំង ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ។ ប្រការនេះ ធ្វើឱ្យប្រទេសមួយចំនួនបាននឹងកំពុងតែកើនឡើងនូវចំនួនអ្នកឆ្លងថ្មីយ៉ាងច្រើនលើសលប់ជារៀងរាល់ថ្ងៃ ហើយស្ថានភាពនេះ បានធ្វើឱ្យប្រទេសទទួលពលករប្រឈមខ្លាំងទៅនឹងភាពប្រែប្រួលជាអវិជ្ជមាននៃចរន្តសេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចពិភពលោកដែលជំរុញឱ្យដំណើរការរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ ឬក៏ត្រូវផ្អាកដំណើរការជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ក្រោយពីការរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩នៅតំបន់អាស៊ី ពលករខ្មែរជាច្រើនម៉ឺននាក់ដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី និង ថៃជាដើមបានសម្រុកចូលមកប្រទេសកម្ពុជាវិញគួរឱ្យកត់សម្គាល់។ អាជ្ញាធរថៃបានបិទព្រំដែនជាមួយប្រទេសកម្ពុជាថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ឆ្លងកាត់តាមព្រំដែននៃប្រទេសទាំងពីរ។
គិតមកដល់ពេលនេះ ការរីករាលដាលនៃជំងឺកូវីដ ១៩នៅតែបន្តកើតឡើងយ៉ាងគំហុកនៅទូទាំងពិភពលោក ហើយចំពោះប្រទេសកម្ពុជាវិញ គឺបានរកឃើញករណីឆ្លងថ្មីជាបន្តបន្ទាប់ផងដែរ តែជាករណីនាំចូល។ រដ្ឋមន្រ្តីក្រសួងមហាកម្ពុជា លោកស ខេង បាន បានលើកឡើងថា នេះ គឺជាបញ្ហាប្រឈមខ្លាំងណាស់មិនថាតែប្រទេសកម្ពុជា ឬប្រទេសណាៗនោះទេ។ បញ្ហាប្រឈមខ្លាំង គឺការខ្លាចក្រែងកើតមានការឆ្លងរីករាលដាលរលកទី២នៃជំងឺកូវីដ ១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ