កម្ពុជារឹតបន្តឹងការចេញចូលតាមព្រំដែនជាមួយវៀតណាម ខណៈជំងឺកូវីដ១៩កំពុងកើនឡើង
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានប្រាប់ទៅអភិបាលខេត្តជាប់ព្រំដែនជាមួយវៀតណាមទាំងអស់ឲ្យពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ ការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺ កូវីដ១៩ នៅកម្ពុជា។ វិធានការនេះត្រូវបានគេមើលឃើញថា ធ្វើឡើងស្របពេលដែលជំងឺកូវីដ១៩នៅប្រទេសវៀតណាមបានសម្លាប់មនុស្សយ៉ាងតិច២នាក់ និងចំនួនអ្នកឆ្លងថ្មីមានការកើន ទាំងនៅវៀតណាម និងនៅកម្ពុជា។
ការដែលកម្ពុជាប្រកាសរឹតបន្តឹងការចេញចូលតាមព្រំដែនជាមួយប្រទេសវៀតណាមនៅពេលនេះគឺធ្វើឡើងដូចគ្នានឹងវិធានការរបស់អាជ្ញាធរវៀតណាមដែរ។ វៀតណាមដែលបាននិងកំពុងចាត់វិធានការបិទការចេញចូលនៅតាមតំបន់ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃកម្ពុជាជម្រាបជូនអភិបាលខេត្តនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។
ក្នុងខ្លឹមសារលិខិតដដែលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ទៅអាជ្ញាធរជាប់ព្រំដែនឲ្យយកចិត្តទុកដាក់ត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរដែលដឹកទំនិញចេញចូលឆ្លងកាត់ព្រំដែនជាមួយវៀតណាម ស្របតាមវិធានចត្តាឡីស័ក្តរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់បំផុត។ លើសពីនេះក៏ត្រូវចាត់វិធានការឲ្យបានតឹងរឹងដើម្បីទប់ស្កាត់កុំឲ្យមានការលួចឆ្លងដែនខុសច្បាប់ និងបន្តអប់រំពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩។
ជាការកត់សំគាល់ វិធានការនេះត្រូវបានគេមើលឃើញថា ធ្វើឡើងនៅគ្រាដែលជំងឺកូវីដ១៩នៅប្រទេសវៀតណាមបានសម្លាប់មនុស្សយ៉ាងតិច២នាក់ និងចំនួនអ្នកឆ្លងថ្មីមានការកើន ទាំងនៅវៀតណាម និងនៅកម្ពុជា។ នៅកម្ពុជាជំងឺកូវីដ១៩នេះត្រូវបានរកឃើញថា មានករណីឆ្លងថ្មីចំនួន៥នាក់ទៀតនៅថ្ងៃទី៣១កក្កដា ដែលធ្វើចំនួនអ្នកឆ្លងសរុបកើនឡើងដល់២៣៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៦៤នាក់ និងអ្នកជំងឺកំពុងព្យាបាលចំនួន៧៣នាក់ទៀត។
អ្នកជំងឺកូវីដ១៩ដែលរកឃើញកន្លងកនេះ គឺសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេសដែលភាគច្រើនគឺជាអ្នកដំណើរដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មុនពេលមកដល់កម្ពុជា ដែលបង្ខំឲ្យអាជ្ញាធរកម្ពុជាបានសម្រេចផ្អាកជើងហោះហើរជាបណ្តោះអាសន្នពីប្រទេសទាំងពីរនេះចាប់ពីថ្ងៃទី១សីហានេះតទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ