អានតួអត្ថបទ

គ្រុនឈីកផ្ទុះឡើង​នៅ​កម្ពុជា ក្រសួងសុខាភិបាលអំពាវនាវ​ឲ្យ​ចូលរួម​ទប់ស្កាត់

រោគសញ្ញាកន្ទួលក្រហមលើស្បែក នៃជំងឺគ្រុនឈីក
រោគសញ្ញាកន្ទួលក្រហមលើស្បែក នៃជំងឺគ្រុនឈីក © FB
ដោយ៖ សឿង ភារៈ
1 នាទី

ជំងឺ​គ្រុនឈីក បាន​ចាប់​ផ្តើម​កើត​មាន​ឡើង​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២០ ដែល​គិត​មក​ដល់​ពេល​នេះ​មានមនុស្ស ១ ០២០​នាក់ បាន​កើត​ជំងឺ​នេះ ក្នុង​ខេត្ត​ចំនួន​១២​របស់​កម្ពុជា​។ នេះ​បើតាម​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី១ ខែសីហា​នេះ។ រដ្ឋមន្ត្រី​ក្រសួង​នៃ​នេះ អំពាវនាវ​ឲ្យមាន​ការ​ចូលរួម​ពីអាជ្ញាធរ និង​ប្រជាពលរដ្ឋ ដើម្បី​ការពារ​ជំងឺ​គ្រុនឈីក​(ជំងឺឈីកគន់ហ្គន់យ៉ា)។

ផ្សាយពាណិជ្ជកម្ម

ករណី​សង្ស័យ​គ្រុនឈីក​ចាប់​ពីថ្ងៃទី១៩ រហូត​ដល់​ថ្ងៃទី៣១ ខែ​កក្កដា មាន​ចំនួន​១ ០២០ករណី ក្នុងនោះ​ស្ត្រីមាន​៥៦២នាក់ ដែល​ក្នុង​នោះ​ចំនួន​ករណី​ជាង​៨០% គឺ​កើត​មាន​ក្នុង​ខេត្ត​ចំនួន៤ ខេត្ត​សៀមរាប បន្ទាយ​មានជ័យ ព្រះវិហារ និង​កំពង់ចាម។ នេះបើតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី០១ ខែ​សីហា​នេះ។ ប្រភព​ដដែល​ឲ្យដឹង​ថា ខេត្ត​ផ្សេង​ទៀត​ដែល​មាន​ជំងឺ​គ្រុន​ឈីក ក្នុង​ចំនួន​តិចតួច រួមមាន ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងប៉ៃលិន ដែល​សរុប​ទាំង​អស់​មាន​ចំនួន ១២ខេត្ត។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការទប់ស្កាត់ និង​ការការពារ​ជំងឺ​គ្រុន​ឈីក​នេះ គឺ​វាដូច​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ ​ដោយ​ផ្អែក​ទៅ​លើ​ការការពារ​កុំ​ឲ្យ​មូស​ខ្លាញី​ខាំ តាម​រយៈការ​លុប​បំបាត់វត្ថុ​ដក់​ទឹក ដែល​ជា​ជម្រក​នៃ​ការកកើត​សត្វ​មូស​នេះ។

កាលពីថ្ងៃទី២៣ ខែ​កក្កដា​កន្លង​ទៅ ក្រសួង​សុខាភិបាល​បាន​រាយការណ៍ ជាផ្លូវការ​​ពី​ករណីផ្ទុះ​ឡើង​​នៃ​ជំងឺ​គ្រុនឈីក ដែល​បាន​កើត​លើ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​រស់​នៅ ក្នុង​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។

នៅថ្ងៃទី០១ ខែសីហា នេះ​ក្រសួង​សុខាភិបាល​ក៏បាន​ដាក់​ចេញ​វិធានការ​ចំនួន​៥ចំណុច ក្នុង​គោល​ដៅ​បង្កើន​ការ​ចូលរួម និង​ចលនា​កាត់បន្ថយ និង​ទប់ស្កាត់ការ​កកើត​សត្វ​មូស ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុន​ឈីក។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់ការ​ចម្លង​ជំងឺ​គ្រុនឈីក នៅតាម​សហគមន៍​ដែល​កំពុង​ផ្ទុះ​ឡើង​នេះ ឲ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព។

សូម​រំលឹក​ថា​ជំងឺ​គ្រុនឈីក​នេះ បាន​កើត​ឡើង​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៥៣ នៅ​ទ្វីប​អាហ្វ្រិក និង​ធ្លាប់​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៦១ និងឆ្នាំ២០១១ ដែល​ករណី​នេះ​បាន​កើត​ឡើង​នៅ​ខេត្ត​បាត់ដំបង សៀមរាប និងព្រះវិហារ ហើយ​គ្រុនឈីក​ធ្លាប់​មាន​អត្រា​ឆ្លងរោគ​ខ្ពស់​រហូត​ដល់​៦០​ទៅ​៧០% ក្នុង​ប្រទេស​កម្ពុជា​នាទសវត្សរ៍ទី៦០ ហើយ​មាន​ការ​រាតត្បាត​ខ្លាំង​នៅ​ឆ្នាំ២០១១-២០១២ នៅ​តាម​ខេត្ត​មួយចំនួន​របស់​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ