អានតួអត្ថបទ
កម្ពុជា ព្រំដែន

អតីតគណបក្សសង្គ្រោះជាតិ និង​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា​ទាមទារអោយ​ដោះលែង​លោក រ៉ុង ឈុន មានសេរីភាពឡើងវិញ

លោក រ៉ុង ឈុន
លោក រ៉ុង ឈុន @RFI
ដោយ៖ វ៉ា សំណព្វ
1 នាទី

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន ដោយទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា​ដោះលែងលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា និង​ជាប្រធាន​សហភាព​សហជីព​កម្ពុជា​អោយមានសេរីភាពឡើងវិញ។ សូម​បញ្ជាក់​ថា លោក រ៉ុង ឈុន ត្រូវ​បានអាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន កាលពីយប់មិញនេះ ក្រោមការចោទ​ប្រកាន់​ថា បាន​បំភ្លៃ​រឿង​ព្រំដែន​កម្ពុជា-វៀត​ណាម​។

ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានថ្កោលទោសចំពោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​ចាប់​ខ្លួន​លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា កាល​ពី​វេលា​ម៉ោង ០៩ និង៣០នាទីយប់ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២០។ សម្រាប់​អតីត​គណបក្ស​ប្រឆាំង លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌ និងយ៉ាងកម្រោលភ្លាមៗ បន្ទាប់​ពី​លោក​បាន​បញ្ចេញ​មតិ​នៅ​ក្នុង​កម្ម​វិធីផ្សាយ​របស់​វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងបញ្ហាដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញ្ញា​ក្រែក ខេត្តត្បូងឃ្មុំ ដែលមានព្រំដែនជាប់ប្រទេសវៀតណាម។ បន្ថែម​លើ​នេះ ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន គឺ​ជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​កម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ​ជា​ពិសេស​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ដែល​ធានា​ការ​ពារ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ និងសិទ្ធិចូលរួមយ៉ាង​សកម្ម ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ នៅចុង​បញ្ចប់​នៃ​សេច​ក្តី​ថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ អោយចាត់វិធានការជាក់លាក់ ពិតប្រាកដ និង​ជា​បន្ទាន់ ដើម្បី​ជម្រុញ​អោយ​មាន​ការ​ដោះ​លែង​លោក រ៉ុង ឈុន ព្រមទាំងអ្នកទោសមនសិការទាំង​អស់ អោយ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​ឥត​លក្ខខណ្ឌ​។

ចំណែកសេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏បានថ្កោលទោសយ៉ាង​ដាច់​អហង្កា ចំពោះ​អាជ្ញាធរ​រដ្ឋាភិ​បាល​កម្ពុជា ដែលបានចាប់ខ្លួនលោក រ៉ុង ឈុន កាល​ពី​យប់​មិញ​នេះ​។ បើតា​ម​សេច​ក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ករណីចាប់ខ្លួនលោក រ៉ុង ឈុន នេះ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ប៉ុន្តែជារឿងនយោបាយ និងជាការធ្វើ​ឡើង​ដោយ​ខុស​ម៉ោង​រដ្ឋបាល ហើយ​នឹង​ធ្វើ​ទៅ​តាម​ទំនើង​ចិត្ត​របស់​អាជ្ញាធររដ្ឋាភិបាល ដែលរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ជំពូក​ទី៣ ស្តីពី សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ត្រង់កថាខណ្ឌទី១នៃ​មាត្រា៤១ ព្រម​ទាំងរំលោភ​លើ​មាត្រា​១៩​នៃ​សេចក្តី​ប្រកាស​ជា​សកល ស្តីពី សិទ្ធិមនុស្ស។ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​តុលាការ​កម្ពុជា ដោះលែង​លោក​ រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​រួមចំណែក​លើក​កម្ពស់​សិទ្ធិ​មនុស្ស សិទ្ធិបញ្ចេញមតិ សិទ្ធិជួបប្រជុំ​ជា​សាធារណៈ​របស់​ពលរដ្ឋ​និងសហជីព​កម្មករ ព្រមទាំងរួបរួមគ្នាការពារអធិបតេយ្យជាតិនិង​បូរណ​ភាព​ទឹក​ដី​ខ្មែរ ស្រប​តាម​ខ្លឹម​សារ​រដ្ឋធម្មនុញ្ញ​កម្ពុជា គោល​ការណ៍​ច្បាប់​អន្តរជាតិ និងកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

គួរជំរាប​ជូន​ថា លោក រ៉ុង ឈុន ដែល​គេស្គាល់​ថា ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត គ.ជ.ប និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន កាល​ពី​វេលាម៉ោង​ជិត​១០​យប់ ថ្ងៃទី ៣១ កក្កដា ក្រោមការចោទប្រកាន់ថា បាន​បំភ្លៃ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​។ ជា​បទ​ល្មើស​ជាក់​ស្តែង តាម​មាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ បើ​តាម​សេច​ក្តី​រាយការណ៍ បន្ទាប់ពី​ការ​ចាប់ខ្លួន លោក រ៉ុង ឈុន ត្រូវ​បាន​នាំខ្លួន​យក​ទៅ​ឃុំឃាំងនៅ​ឯស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មុនពេល​បញ្ជូន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹកថ្ងៃទី ០១ សីហា ឆ្នាំ​២០២០​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ