លោក នួន ប៊ុនថុល៖ អាជ្ញាធរបានជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងលើកោះរ៉ុងរាប់រយនាក់ទៅខេត្តព្រះសីហនុវិញដោយសុវត្ថិភាព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់នៅថ្ងៃអង្គារនេះ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុយកទូកធំៗ ដែលអាចទប់ទល់នឹងរលកធំៗបាន ទៅរំដោះពួកគេ ដែលបានជាប់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹមអស់ពេលជាច្រើនថ្ងៃ។ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានប្រាប់វិទ្យុបារាំង RFI ថាដោយសារអាកាសធាតុមិនអំណោយផល អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសបិទចរាចរណ៍ផ្លូវទឹកទាំងស្រុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជាហេតុធ្វើឲ្យភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅលើកោះរ៉ុង បានជាប់គាំងឆ្លងមកដីគោកមិនរួច។ ទោះយ៉ាងណាមិនមានភ្ញៀវទេសចរណាម្នាក់ជួបគ្រោះថ្នាក់ដល់អាយុជីវិតទេ ក្រៅពីអ្នកដើរទូកម្នាក់ដែលគេប្រទះឃើញស្លាប់កាលពីម្សិលមិញដោយអាកាសធាតុអាក្រក់នេះ។ នេះបើតាមលោក នួន ប៊ុនថុល។