អង្គការអន្តរជាតិពីរចេញមុខអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងលោករ៉ុង ឈុន
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃ ទី០៤ ខែសីហានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch បានចេញមុខមកទាមទារចំៗឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោករ៉ុង ឈុន។ ការចេញមុខរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិនេះ ធ្វើឡើង១ថ្ងៃ បន្ទាប់ពីសហព័ន្ធសហជីពអន្តរជាតិ(ITUC) បានផ្ញើលិខិតដោយផ្ទាល់តែម្តងមកកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីស្នើសុំឱ្យដោះលែងលោករ៉ុង ឈុន។ រដ្ឋាភិបាលកម្ពុជាមិនទាន់ឃើញឆ្លើយតបផ្លូវការណាមួយទេ ប៉ុន្តែបានអះអាងថា ការចាប់ខ្លួនលោករ៉ុង ឈុន គឺជាការអនុវត្តច្បាប់ដោយយកបញ្ហាសន្តិភាព និងស្ថិរភាពក្នុងសង្គមជាគោល។
អស់ពីក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុក នៅពេលនេះដល់វេនអង្គការអន្តរជាតិវិញម្តងដែលបានចេញមុខទាមទារឱ្យដោះលែងលោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch នៅថ្ងៃអង្គារនេះបានចេញថ្លែងការណ៍ដោយលើកឡើងថា អាជ្ញាធរកម្ពុជាគួរតែទម្លាក់ចោលបទចោទ និង ដោះលែងលោករ៉ុង ឈុន។ លោករ៉ុង ឈុន ដែលអង្គការអន្តរជាតិមួយនេះបានចាត់ទុកថា ជាសកម្មជនសិទ្ធិមនុស្ស។
លោកPhil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ប្រចាំតំបន់អាស៊ីបានចាត់ទុកការចាត់ទុកខ្លួនលោករ៉ុង ឈុននេះថា ជាឧទាហរណ៍ចុងក្រោយមួយដែលបង្ហាញឱ្យឃើញពីការបង្រ្កាបឥតឈប់ឈររបស់រដ្ឋាភិបាលកម្ពុជាមកលើក្រុមសកម្មជនដែលខិតខំការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា។ មិនតែប៉ុណ្ណោះ លោកPhil Robertson ក៏បានអះអាងថា សហភាពអឺរ៉ុបគួរតែបន្ថែមនូវបញ្ហាចាប់ខ្លួនលោករ៉ុង ឈុននេះចូលទៅក្នុងបញ្ជីនៃការបំពានសិទ្ធិមនុស្សដែលតម្រូវឱ្យមានការដោះស្រាយនៅក្នុងការចរចាជុំវិញប្រព័ន្ធអនុគ្រោះពន្ធEBA។ បន្ថែមលើនេះ លោកPhil Robertson ក៏ចង់ឱ្យរដ្ឋាភិបាលបរទេសនានាលើកបញ្ហាចាប់ខ្លួនលោករ៉ុង ឈុនជាសាធារណៈ និងរួមគ្នាអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការបំពានសិទ្ធិមនុស្សនៅកម្ពុជា។
ក្រៅពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchនេះ សហព័ន្ធសហជីពអន្តរជាតិ(ITUC)ក៏បានអំពាវនាវឱ្យដោះលែងលោករ៉ុង ឈុនផងដែរ។ ប៉ុន្តែខុសពីអង្គការHuman Rights Watchនេះ សហព័ន្ធសហជីពអន្តរជាតិ(ITUC)បានផ្ញើលិខិតមកកាន់លោកនាយរកដ្ឋមន្រ្តីហ៊ុន សែន ដោយផ្ទាល់តែម្តងកាលពីថ្ងៃទី០៣ ខែសីហា។ សហព័ន្ធសហជីពអន្តរជាតិ(ITUC)បានសម្តែងការព្រួយបារម្ភពីការចាប់ខ្លួនលោករ៉ុង ឈុននេះប្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង បានស្នើឱ្យទម្លាក់បទចោទលើលោករ៉ុង ឈុនជាបន្ទាន់ និងសហជីពដែលត្រូវបានឃុំខ្លួនដទៃទៀត ។ សហព័ន្ធសហជីពអន្តរជាតិ(ITUC)ក៏បានប្រាប់លោកហ៊ុន សែនដែរថា ពួកគេគាំទ្រលោករ៉ុង ឈុន និង បន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានអះអាងកាលពីថ្ងៃចន្ទថា ការចាប់ខ្លួនលោករ៉ុង ឈុន គឺជាការអនុវត្តច្បាប់របស់កម្ពុជា ដើម្បីការពារសន្តិភាព និង ស្ថិរភាពនៅក្នុងសង្គម។ លោកបានគូសបញ្ជាក់បន្ថែមថា ការអំពាវនាវចង់ឱ្យដោះលែងលោករ៉ុង ឈុនណាមួយ គឺគ្រាន់តែជាមនោសញ្ចេតនាក្នុងន័យនយោបាយតែប៉ុណ្ណោះ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនវាយតម្លៃលើបញ្ហានេះទេ តែអ្វីដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ គឺការពង្រឹងនីតិរដ្ឋ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ