សារព័ត៌មានបរទេស៖កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនអាចចុះថ្ងៃទី១២ សីហាចំថ្ងៃEUដកផ្នែកខ្លះនៃEBA
ចុះផ្សាយនៅថ្ងៃ៖
សារព័ត៌មានAsia Times របស់ហុងកុងកាលពីថ្ងៃទី០៤ ខែសីហា ម្សិលមិញ បានវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA)រវាងកម្ពុជា និងមហាយក្សចិនអាចនឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី១២ សីហា។ ថ្ងៃទី១២ សីហានេះ គឺជាថ្ងៃដែលសហភាពអឺរ៉ុបនឹងអនុវត្តដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA ពីប្រទេសកម្ពុជាដោយសារតែចោទថា កម្ពុជារំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ។ ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនទាន់បានបង្ហាញឱ្យដឹងប្រាកដទេថា នឹងចុះកិច្ចព្រមព្រៀងនេះនៅពេលណានោះ។
សារព័ត៌មានAsia Times របស់ហុងកុងបានចុះផ្សាយអត្ថបទបែបវិភាគមួយដោយវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងធ្វើឱ្យមានកំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាយ៉ាងតិច២%បន្ថែមទៀត។ សារព័ត៌មានAsia Timesក៏បានអះអាងថា រដ្ឋាភិបាលកម្ពុជា និងចិន អាចនឹងចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនៅថ្ងៃទី១២ ខែសីហាខាងមុខនេះដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គ្រោងនឹងទៅទីក្រុងប៉េកាំងដោយផ្ទាល់តែម្តង។ សារព័ត៌មាននេះ ក៏បានដកស្រង់សម្តីលោកបណ្ឌិតអៀ សុផល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Occidental College អាមេរិកមកចុះផ្សាយថា ការគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃទី១២ ខែសីហានេះ គឺមានន័យស្មើនឹងរដ្ឋាភិបាលកម្ពុជាលះលែងគ្នាជាមួយសហភាពអឺរ៉ុប និង រៀបការជាមួយចិននៅថ្ងៃមួយ។
ជុំវិញគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនទាន់អាចបញ្ជាក់ឱ្យដឹងនៅឡើយទេ។ ប៉ុន្តែ កាលពីខែមុន លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គ្រោងនឹងទៅកាន់ទីក្រុងប៉េកាំងនៅមុនថ្ងៃទី១២ ខែសីហាខាងមុខនេះ ដើម្បីធ្វើជាអធិបតីភាពនៃការចុះកិច្ចព្រមបព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង ចិន។
រដ្ឋាភិបាលកម្ពុជាបានសម្រេចជោគជ័យក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន។ រដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥% បន្ទាប់ពីកិច្ចព្រមព្រៀងនេះចុះហត្ថលេខារួចរាល់។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ទំនិញកម្ពុជាជាង៣០០មុខអាចនាំទៅចិនដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន(FTA)ចូលជាធរមាន នៅដើមឆ្នាំ២០២១។ នៅក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម៩៥ភាគរយត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។
សូមបញ្ជាក់ថា ចិន និងកម្ពុជាគ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង២៧% ធៀបនឹងឆ្នាំ២០១៨។ កម្ពុជានាំចេញទំនិញទៅប្រទេសចិនគិតជាទឹកប្រាក់កើនឡើងដល់១ពាន់លានដុល្លារ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ជិត៧ពាន់លានដុល្លារ។ ភាគច្រើននៃទំនិញនាំចូលពីចិនជាគ្រឿងចក្របំរើឲ្យតម្រូវការផ្នែកសំណង់ រីឯទំនិញកម្ពុជានាំចូលទៅចិនភាគច្រើនជាផលិតផលកសិកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ