ការតវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន ត្រូវបានផ្អាក ក្រោយរងការបង្ក្រាបពីអាជ្ញាធរ
ចុះផ្សាយនៅថ្ងៃ៖
ក្រុមយុវជនដែលទាមទារអោយដោះលែងលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានផ្អាកនៅថ្ងៃទី ០៦ សីហានេះ បន្ទាប់ពីរងការបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាល។ ទោះជាយ៉ាងនេះក្តី តំណាងយុវជនខ្មែរថាវរៈបានថ្លែងថា ពួកគេនឹងវិលមកជួបជុំគ្នាសារជាថ្មី ដើម្បីតវ៉ាអោយមានការដោះលែងលោក រ៉ុង ឈុន ស្របពេលដែលសហជីពគ្រូបង្រៀនអន្តរជាតិបានផ្ញើលិខិតដោយផ្ទាល់ទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីអោយទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ុង ឈុន។
យ៉ាងហោចណាស់យុវជនពីរនាក់បានរងរបួស នៅក្នុងការបង្ក្រាបរបស់អាជ្ញាធរក្រុងភ្នំពេញ កាលពីថ្ងៃទី ០៥ សីហា ដើម្បីទាមទារអោយដោះលែងលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជា។ ដោយឡែកព្រះសង្ឃ៨អង្គ ក៏ត្រូវបានមន្ត្រីសង្ឃរាជធានីភ្នំពេញ និងអាជ្ញាធរកម្ពុជា ចាប់បញ្ជូនអោយវិលត្រលប់ទៅកាន់ខេត្តបាត់ដំបងវិញ កាលពីរសៀលថ្ងៃទី០៥សីហា បន្ទាប់ពីបានចូលរួមក្នុងការទាមទារអោយដោះលែងលោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញនារយៈពេល៥ថ្ងៃមកនេះ។ លោក ហ៊ុន វណ្ណៈ តំណាងយុវជនខ្មែរថាវរៈបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បត្តិ៍នេះថា ការជួបជុំតវ៉ាទាមទារអោយដោះលែងលោក រ៉ុង ឈុន នៅថ្ងៃព្រហស្បត្តិ៍នេះ ត្រូវបានផ្អាក ដោយសារតែសមាជិករបស់ខ្លួនមួយចំនួនបានរងរបួស។ ចំណែកឯព្រះសង្ឃខ្មែរថាវរៈ៨អង្គទៀត ត្រូវបានបង្ខំអោយវិលត្រលប់ទៅខេត្តបាត់ដំបងវិញ។
គួរជំរាបជូនថា ក្រោមហេតុផលនៃជំងឺកូវីដ១៩និងការជួបជុំដោយមិនបានជូនដំណឹងជាមុនដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី ០៣ សីហា បានព្រមានចាត់វិធានការតាមច្បាប់ចំពោះការជួបជុំ ឬប្រមូលផ្តុំតវ៉ាទាមទារអោយមានការដោះលែងជនត្រូវចោទក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួននៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ។ ក្រៅពីអាជ្ញាធររាជធានីភ្នំពេញ អ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃជាមួយគ្នានោះ ដោយបានចាត់ទុកថា សកម្មភាពប្រមូលផ្តុំមនុស្សនៅមុខតុលាការ ដែលទាមទារអោយដោះលែងលោក រ៉ុង ឈុន គឺជាការដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមនឹងការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី តំណាងយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ បានអះអាងថា ពួកគេនឹងជួបជុំគ្នាជាលើកទី២អោយបានច្រើនជាងមុន ដើម្បីបន្តទាមទារអោយដោះលែងលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
នៅក្រោយពីការចាប់ខ្លួនលោក រ៉ុង ឈុន ក្រៅពីការតវ៉ាទាមទារអោយដោះលែងលោក រ៉ុង ឈុន ពីសំណាក់ក្រុមយុវជននិងគ្រូបង្រៀនមួយចំនួនមកនោះ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ទាមទារអោយរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ុង ឈុន ជាបន្តបន្ទាប់។ ហើយចុងក្រោយនេះ គឺអង្គការអន្តរជាតិខាងការអប់រំ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Brussels ប្រទេសបែលហ្ស៊ិក បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ០៤ សីហា ជុំវិញការចាប់ខ្លួនលោក រ៉ុង ឈុន ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ អង្គការអន្តរជាតិ ដែលអះអាងថា តំណាងឲ្យបុគ្គលិកអប់រំ ជាង៣០លាននាក់នៅក្នុងប្រទេសចំនួន១៧៨លើលោកនេះ បានស្នើសុំឲ្យអាជ្ញាធរកម្ពុជា គោរពគោលការណ៍សិទ្ធមនុស្ស និងសេរីភាព ក្នុងការបញ្ចេញមតិ និងដោះលែងលោករ៉ុង ឈុន មកវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ