អង្គការ Human Rights Watch អំពាវនាវឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការប្រើហិង្សាលើក្រុមគ្រួសារអ្នកដែលកំពុងជាប់ឃុំ
ចុះផ្សាយនៅថ្ងៃ៖
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមកអំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើសាច់ញាតិសកម្មជនអតីតគណក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ការអំពាវនាវនេះ គឺបន្ទាប់ពីអង្គការអន្តរជាតិនេះសង្កេតឃើញថា អាជ្ញាធរកម្ពុជាបានបង្រ្កាបលើពួកគេជាបន្តបន្ទាប់នៅក្នុងពេលដែលពួកគេនាំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យដោះលែងអ្នកកំពុងជាប់ឃុំ។
តាមរយៈសេចក្តីថ្លែងការណ៍នៅលើវេបសាយរបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)បានលើកឡើងថា អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់នូវការយាយី និងការបំបែកលើក្រុមសមាជិកគ្រួសារដែលបានតវ៉ាទៅនឹងការឃុំខ្លួនសកម្មជនអតីតគណបក្សប្រឆាំងនៅក្នុងពន្ធនាគារ។ លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ប្រចាំតំបន់អាស៊ី បានអះអាងថា អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ជាបន្ទាន់នូវការប្រើហិង្សាប្រឆាំងអ្នកតវ៉ាដោយសន្តិវិធី និង ត្រូវគោរពសិទ្ធិនៃការបញ្ចេញមតិ និងការប្រមូលផ្តុំ។
ជាការកត់សម្គាល់ មូលហេតុដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ចេញការអំពាវនាវនេះ គឺដោយសារតែអង្គការនេះបានមើលឃើញពីការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកតវ៉ានាពេលកន្លងមក។ ជាក់ស្តែង អង្គការអន្តរជាតិនេះបានលើកយកករណីបង្រ្កាបដោយហិង្សាទៅលើសាច់ញាតិអ្នកជាប់ឃុំម្នាក់ពីសំណាក់ក្រុមសន្តិសុខខណ្ឌ៧មករាកាលពីថ្ងៃទី៣១ ខែកក្កដា។ បើតាមអង្គការHuman Rights Watch ក្រុមសន្តិសុខទាំងនេះបានរារាំងមិនឱ្យក្រុមអ្នកតវ៉ាចូលទៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ហើយបានចាប់ និងផ្តួលពួកគេទៅលើដី។ ក្នុងនោះ អ្នកតវ៉ាដែលជាសាច់ញាតិអ្នកជាប់ឃុំម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅសាលាខណ្ឌ៧មករា ដើម្បីធ្វើកិច្ចសន្យាមុននឹងត្រូវដោះលែងមកវិញ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានហៅការប្រមូលផ្តុំតវ៉ារបស់ក្រុមសាច់ញាតិអ្នកជាប់ឃុំថា ជាសកម្មភាពមិនស្របតាមគោលការណ៍ច្បាប់ ហើយថា ប្រតិបត្តិការរបស់អាជ្ញាធរកម្ពុជាទៅលើពួកគេ គឺជាការអនុវត្តទៅតាមតួនាទី ភារកិច្ច និង បានធ្វើឡើងត្រឹមត្រូវតាមច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះថែមទាំងគូសបញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)គ្មានសិទ្ធិអីមកបង្គាប់បញ្ជាលើរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តច្បាប់របស់ខ្លួននោះឡើយ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន១៧នាក់កំពុងស្ថិតនៅក្នុងពន្ធនាគារ។ សាច់ញាតិរបស់ពួកគេខ្លះបានទៅប្រមូលផ្តុំ និង តវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃសុក្រ ចាប់តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ ក្រៅពីប្រមូលផ្តុំនៅពីមុខតុលាការ ក្រុមអ្នកតវ៉ាក៏បានដើរដាក់ញាតិសុំការជួយអន្តរាគមន៍ពីសំណាក់ស្ថានទូតបរទេសនានានៅក្នុងទីក្រុងភ្នំពេញ និង នៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ